ភ្នំពេញៈ បណ្តឹងទាស់របស់អតីតមន្ត្រីសិទ្ធិមនុស្ស និងជាអគ្គលេខាធិការរង គជប លោក នី ចរិយា ប្រឆាំងនឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែលបានផ្តន្ទាទោសរូបលោកឱ្យជាប់ពន្ធនាគារ ៦ ខែពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ជាសាធារណៈមួលបង្កាច់កេរ្តិ៍លើមន្ត្រីតុលាការខេត្តសៀមរាបត្រូវបានចៅក្រមស៊ើបសួរសាលាឧទ្ធរណ៍លើកមកបើកសវនាការកាលពីម្សិលមិញខណៈមេធាវីការពាររំពឹងថាកូនក្ដីនឹងរួចពីការចោទប្រកាន់។
បន្ទាប់ពីសាកសួរចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរណ៍លោក ប្លង់ សំណាង នឹងប្រកាសសាលដីកានេះនៅថ្ងៃទី ១៤ ខែ ធ្នូ វេលាម៉ោង ២ រសៀល។
លោក សំ សុគង់ មេធាវីការពារក្តីលោក នី ចរិយា ថ្លែងថាក្នុងសវនាការនោះចៅក្រមពុំមានភ័ស្ដុតាងដាក់បន្ទុកបន្ថែមទេគ្រាន់តែនាំកូនក្តីមកសាកសួរសាច់រឿងប៉ុណ្ណោះខណៈលោករំពឹងថាកូនក្តីនឹងបានរួចពីការចោទប្រកាន់នេះ។ លោកថា៖ «ក្រុមមេធាវីមានជំនឿថាតុលាការនឹងមានការប្រែប្រួលហើយនឹងច្រានចោលសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញហើយសម្រេចឱ្យកូនក្តីរួចខ្លួនពីបទចោទ»។
ក្រោយបញ្ចប់សវនាការលោក នី ចរិយា សុំមិនអត្ថាធិប្បាយជុំវិញរឿងនេះទេ។ ប៉ុន្តែលោកថា៖ «ខ្ញុំមិនវាយតម្លៃចំពោះការជម្រះសេចក្តីនេះទេ អ៊ីចឹងទុកឱ្យមតិសាធារណៈវិនិច្ឆ័យពីព្រោះតុលាការនឹងប្រកាសសាលដីកានៅថ្ងៃទី ១៤ ខែធ្នូម៉ោង ២ រសៀល»។
យ៉ាងណាលោកនៅតែថាការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញគឺមិនត្រឹមត្រូវ។
សវនាការម្សិលមិញពុំមានវត្តមានដើមបណ្តឹង និងមេធាវីដើមបណ្តឹងចូលរួមស្តាប់សវនាការទេ។
មេធាវីការពារដើមបណ្តឹងលោក ឥន យឿន ប្រាប់ភ្នំពេញប៉ុស្តិ៍ពីមូលហេតុមិនបានចូលរួមស្តាប់សវនាការថា «មិនដឹងជាមូលហេតុអីបានជាតុលាការមិនកោះហៅខ្ញុំទេមិនដឹងជាគេប្តូរមេធាវី ឬមិនដឹងអ៊ីចឹងខ្ញុំសុំមិនអត្ថាធិប្បាយលើសវនាការនេះ»។
កាលពីថ្ងៃទី ២៣ ខែកញ្ញាសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោក នីចរិយា ដាក់ពន្ធនាគាររយៈពេល ៦ ខែ និងពិន័យជាប្រាក់ ៦ លានរៀលចូលរដ្ឋពីបទបរិហារកេរ្តិ៍ជាសាធារណៈមួលបង្កាច់កេរ្តិ៍ និងផ្សព្វផ្សាយនូវការអត្ថាធិប្បាយដើម្បីដាក់សម្ពាធលើយុត្តាធិការតាមបណ្តឹងរបស់មន្ត្រីតុលាការខេត្តសៀមរាបពីររូបបន្ទាប់ពីលោក នី ចរិយា ចោទថាមន្ត្រីតុលាការទាំងនោះឃុំខ្លួនពលរដ្ឋពីររូបខុសនីតិវិធីច្បាប់។
កាលពីឆ្នាំ ២០១៥ ព្រះរាជអាជ្ញារងលោក សុក កែវបណ្ឌិត និងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាបលោក គី ឫទ្ធី បានដាក់ពាក្យប្តឹងលោក នី ចរិយា ខណៈលោកនៅមានតួនាទីជាប្រធានផ្នែកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក។ បណ្តឹងនោះបានប្រឆាំងលោក នី ចរិយា ជុំវិញករណីលោកបានធ្វើសន្និសីទកាសែតកាលពីថ្ងៃទី ១២ និងថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០១៥ ហើយត្រូវបានសារព័ត៌មានក្នុងស្រុកមួយចំនួនដកស្រង់ចុះផ្សាយថាលោក នី ចរិយា ថាមន្ត្រីតុលាការខេត្តសៀមរាបឃុបឃិតគ្នាប្រព្រឹត្តពុករលួយយកដីពលរដ្ឋខ្មែរឱ្យសហគមន៍វៀតណាម និងថាតុលាការឃុំខ្លួនពលរដ្ឋពីររូបខុសនីតិវិធីច្បាប់» បើទោះជនជាប់ចោទថាមិនបានចោទមន្ត្រីពីរឿងពុករលួយតែលោកថានីតិវិធីឃុំខ្លួនគឺខុសពិតមែន។
ក្រៅពីរឿងនេះលោក នី ចរិយា ក៏ត្រូវបានតុលាការចោទពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីមួយករណីទៀតរឿងស្នេហាអ្នកនាង ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ជាមួយលោក កឹម សុខា ដែលមជ្ឈដ្ឋាននានាបានចាត់ទុកថាជារឿងនយោបាយ៕