ភ្នំពេញៈ សាលដីកា​នៃ​បណ្តឹង​សុំ​នៅក្រៅ​ឃុំ​របស់​លោក រ៉ាត់ រ័ត្ន​មុនី ពាក់​ព័ន្ធ​នឹង​ការ​ផលិតភាពយន្ត «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ» ត្រូវ​បាន​សាលា​ឧទ្ធរណ៍​កំណត់​ប្រកាស​នៅ​ថ្ងៃ​ព្រះហស្បតិ៍​នេះ បន្ទាប់​ពី​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​ជា​អ​សាធារណៈ​កាល​ពី​ម្សិលមិញ។

សវនាការ​អសាធារណៈ​នេះបាន​ដំណើរការ​អស់​ពេល​ប្រមាណ ៤០ នាទី ដោយ​ចាប់ផ្ដើម​ពី​ម៉ោង ១០ កន្លះ​ទៅ ដោយ​មាន​សមាស​ភាព​លោក​ចៅក្រម សួស សំអាត ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ និង​មាន​លោក​ព្រះរាជ​អាជ្ញា តាន់ សេណា​រ៉ុង តំណាង​មហា​អយ្យការ។

អ្នកស្រី ឡុង គឹម​ហ៊ាង ដែលជា​ប្រពន្ធ​របស់លោក រ៉ាត់ រ័ត្ន​មុនី បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​នៅ​ក្រៅ​បន្ទប់​សវនាការ​ថា​សវនាការ​នេះ​គឺ​ជ​នុំ​ជម្រះ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​ដែល​មាន​លោក​មេធាវី សំទិត្យ សីហា និង​លោក​មេធាវី ឡោ ជុនធី ជា​អ្នក​ការពារ​សិទ្ធិ​ឲ្យ​ប្តី​របស់​អ្នក​ស្រី ប៉ុន្តែ​ពួក​គាត់​ទាំង ២ នាក់​គ្មាន​វត្តមាន​ក្នុង​សវនាការ​ទេ។

បើតាម​អ្នក​ស្ត្រី គឹម​ហ៊ាង រឿងអវត្តមាន​មេធាវី​ការការពារ​សិទ្ធិ​ឲ្យ​ប្ដី​អ្នកស្រី​គឺ​ដោយ​សារ​ពួកគាត់​មិន​បាន​ទទួល​ដីកា​អញ្ជើញ​ពី​សាលា​ឧទ្ធរណ៍។

កាលពី​ម្សិលមិញ ភ្នំពេញប៉ុស្តិ៍​បាន​ព្យាយាម​ទាក់ទង​លោក មេធាវី សំទិត្យ សីហា និង​លោក​មេធាវី ឡោ ជុនធី ដែរ តែ​មិន​អាច​ទាក់ទង​បាន។ ទោះ​យ៉ាង​ណា លោក ទូច ថារិទ្ធិ អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា ធម្មតា​មុន​បើក​សវនាការ​គឺ​សាលា​ឧទ្ធរណ៍​តែង​ចេញ​ដីកា​កោះ​អញ្ជើញ​គ្រប់​ភាគី​មក​ចូលរួម​ជំនុំ​ជម្រះ​ក្តី ដោយ​មិន​អាច​គ្មាន​ការ​កោះ​អញ្ជើញ​ជា​មុន​ទេ។

លោក​ថា៖ «ករណីនេះ​អាចមកពី​មេធាវី​នោះ​មិនបាន​ដាក់ពាក្យ​ស្នើសុំ​ការពារ​សិទ្ធិ​នៅ​សាលា​ឧទ្ធរណ៍ ហើយ​ប្រសិន​បើ​បាន​ដាក់​ពាក្យ​សុំ​ការពារ​សិទ្ធិ​នោះ គឺ​តុលាការ​សាលា​ឧទ្ធរណ៍​យើង​ខ្ញុំ​ធ្វើ​តាម​ច្បាប់​ហើយ»។

ជុំវិញ​ខ្លឹមសារ​នៃ​សវនាការ​នេះ អ្នកស្រី ឡុង គឹម​ហ៊ាង មិនបាន​បញ្ជាក់​នោះ​ទេ ដោយ​ថា​ប្តី​អ្នក​ស្រី​មិន​បាន​ប្រាប់​ដោយ​គ្រាន់​តែ​ថា​ចៅក្រម​បាន​សួរ​គាត់​ច្រើន ហើយ​គាត់​ផ្តាំ​អ្នកស្រី​ឲ្យ​គិត​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​កូន​ប្រុស​ដែល​ទើប​មាន​អាយុ ១ ឆ្នាំ ១ ខែ តែ​អ្នក​ស្រី​រំពឹងថា សាល​ដីកា​នឹង​មាន​លទ្ធផល​ល្អ។

អ្នកស្រី គឹម​ហ៊ាង ថ្លែងថា៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​តុលាការ​ឧទ្ធរណ៍​ឲ្យ​ប្តី​ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ​ផង​ដោយសារ​តែ​ពួក​ខ្ញុំ​មាន​មុខ​របរ​ពិត​ប្រាកដ ពួក​យើង​មាន​លំនៅ​ពិត​ប្រាកដ ហើយ​ការ​ប្រកាស​សាល​ដីកា​នៅ​ថ្ងៃស្អែក (ថ្ងៃទី ៣១ មករា) នេះ​សូម​ឲ្យ​មាន​លទ្ធផល​ជា​វិជ្ជមាន​ដល់​ប្តី​របស់​ខ្ញុំ»។

អ្នកស្រី​ ​គឹម​ហ៊ាង បាន​ប្រាប់ថា ប្តី​អ្នកស្រី​មាន​អាការ​ពិបាក​ដកដង្ហើម ដោយសារ​បន្ទប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ចង្អៀត​និង​មាន​អ្នក​ជក់​បារី​ច្រើន​ធ្វើ​ឲ្យ​ដេក​មិន​សូវ​លក់ ហើយ​មាន​កើត​រមាស់​ផង។

ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ចាប់ខ្លួន​លោក រ៉ាត់ រ័ត្នមុនី ជា​ប្ដី ត្រូវ​បាន​អ្នក​ស្រី ឡុង គឹម​ហ៊ាង អះអាង​ថា ទាក់​ទង​នឹង​រឿង «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ» ដែល​ខាង​អ្នក​ផលិត​ភាពយន្ត​នៅ​ប្រទេស​រុស្ស៊ី​យក​ខ្សែ​ភាពយន្ត​នោះ​ទៅ​បញ្ចាំង​តាម​ផ្កាយ​រណប​ហើយ​ត្រូវ​បកប្រែ​ប្រមាណ ១០ ភាសា។

បន្ទាប់មក​អ្នក​នៅ​កម្ពុជា​បាននាំគ្នា​ចែករំលែក​បន្ត​ទើប​នាំ​ឲ្យ​ភាពយន្ត​នេះ​ល្បី។ អ្នក​ស្រី គឹម​ហ៊ាង បញ្ជាក់​ថា៖ «ខ្ញុំ និង​ប្តី​បន្ទាប់ពី​មើល​ឃើញ​ចំណង​ជើង​ភាពយន្ត​នេះ​ក៏​បារម្ភ​និង​គិតថា អាច​នឹង​មាន​បញ្ហា​ហើយ​បាន​ទូរស័ព្ទ​ប្រាប់​អ្នក​ផលិតភាព​យន្ត​នោះ ហើយ​ត្រូវគេ​ប្រាប់​ថា បើ​មាន​បញ្ហា​គេ​នឹង​ផ្តល់​មេធាវី​ដើម្បី​ជួយ​ផ្នែក​ផ្លូវ​ច្បាប់។ ប៉ុន្តែ​ក្រោយ​ពី​ប្តី​ខ្ញុំ​ត្រូវ​បាន​ចាប់​ខ្លួន​ខាង​អ្នក​ផលិត​ភាពយន្ត​មិន​បាន​ផ្តល់​មេធាវី​ឲ្យ​ទេ ព្រោះ​ថា យើង​រក​មេធាវី​បាន​នៅ​ក្នុង​ប្រទេស​ហើយ»។

អ្នកស្រី​ប្រាប់ថា ដោយសារចង់បាន​ការអន្តរាគមន៍​រឿងនេះ ក្រុម​គ្រួសារ​របស់​អ្នក​ស្រី​បាន​នាំគ្នា​តវ៉ា និង​ដាក់​ញត្តិ​នៅ​មុខ​ស្ថានទូត​រុស្ស៊ី ៣ លើក​មក​ហើយ ប៉ុន្តែ​មិន​បាន​លទ្ធផល​ទេ។ ផ្ទុយ​ទៅ​វិញ​មាន​បុរស​ម្នាក់​បាន​ទូរស័ព្ទ​ប្រាប់​អ្នកស្រី​ថា មូល​ហេតុ​ដែល​ស្ថានទូត​មិន​អន្តរាគមន៍​ដោយសារ​ពេល​តវ៉ា​នោះ​មាន​អ្នក​បឹងកក់​ចូលរួម។ ដូច្នេះ​ខាង​ស្ថានទូត​ខ្លាច​មាន​ពាក់​ព័ន្ធ​រឿង​នយោបាយ​ទើប​ធ្វើ​មិន​ដឹង​ទៅ។

អ្នកស្រី​រំឭក​ប្រាប់ថា នៅមុន​ខែធ្នូ ឆ្នាំ២០១៨ អ្នកស្រី និង​ប្តី​បាន​ទៅ​ប្រទេស​ថៃ​ក្នុង​បំណង​មើល​ស្ថានភាព​កម្មករ​ខ្មែរ​នៅ​ទីនោះ​ដើម្បី​ថត​ភាពយន្ត​និយាយ​អំពី​ជីវិត​កម្មករ​ខ្មែរ​ធ្វើការ​នៅ​ថៃ។ ពេល​នោះ​មាន​មិត្តភក្ដិ​ប្តី​អ្នក​ស្រី​ម្នាក់​នៅ​ប្រទេស​នូវែលសេឡង់​បាន​អញ្ជើញ​ប្តី​អ្នក​ស្រី​ទៅ​ចូលរួម​បុណ្យ​គ្រិស្ត​ស្មាស​នៅ​ស្រុក​គេ។ ប៉ុន្តែ​លុះ​ដល់​ថ្ងៃទី ៧ ខែ​ធ្នូ ខណៈ​អ្នកស្រី និង​ប្តី​ទៅសុំ​ទិដ្ឋាការ​នៅ​ស្ថានទូត​នូវែលសេឡង់​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​ប្តី​អ្នក​ស្រី​តែ​ម្តង បន្ទាប់​មក​ក៏​បញ្ជូន​មក​កម្ពុជា៕