ភ្នំពេញៈ ​ក្រុមប្រឹក្សា​អាជ្ញា​កណា្ដល​បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ដោយ​បង្ហាញ​ថា បណ្ដឹង​វិវាទ​ការងារ​ក្នុង​ឆ្នាំ​ ២០១៧ ដែល​បាន​ចុះបញ្ជី​បាន​ធ្លាក់​ចុះ​ខ្លាំង បន្ទាប់ពី​រដ្ឋាភិបាល​បាន​អនុវត្ត​ច្បាប់​ស្តីអំពី​សហជីព ប៉ុន្តែ​មន្ត្រី​សហជីព​ថា នេះ​មិនមែន​ឆ្លុះ​បញ្ចាំង​​ពី​ការថយចុះ​ជម្លោះ​រវាង​និយោជក និង​កម្មករ​ទេ​។

របាយការណ៍​ដែល​ត្រូវ​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលម្ង៉ៃ​បាន​ឲ្យ​ដឹងថា ក្រុមប្រឹក្សា​​បាន​ទទួល​បណ្ដឹងវិវាទ​ការងារ​ ២៤៨ ​ករណី​កាលពី​ឆ្នាំ​ ២០១៦ ប៉ុន្តែ​កាលពី​ឆ្នាំ​មុន​មាន​តែ​ ៥០ ​ករណី​ប៉ុណ្ណោះ​ត្រូវ​បាន​ប្ដឹង​មក​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​។

របាយការណ៍​បញ្ជាក់​ថា​៖ «​ក្នុង​​អំឡុង​ពេល​ ២ ​ឆ្នាំ​ស្ថានភាព​បាន​ផ្លាស់ប្ដូរ ហើយ​ចំនួន​ករណី​ដែល​ត្រូវ​បាន​ចុះ​ឈ្មោះ​នៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​បាន​ធ្លាក់​ចុះ​។ នេះ​ប្រហែល​មកពី​ការ​អនុវត្ត​នៃ​ច្បាប់​ស្ដីអំពី​សហជីព​»​។

រាជរដ្ឋាភិបាល​បាន​អនុម័ត​ច្បាប់​នេះ​កាលពី​ខែ​ឧសភា​ឆ្នាំ​ ២០១៦ ដើម្បី​ជួយ​រក​ដំណោះស្រាយ​លើ​វិវាទ​រវាង​និយោជក​ និង​និយោជិត​។

បើ​តាម​របាយការណ៍​នេះ​ជា​មធ្យម​មាន​បណ្ដឹង​ពី​ជម្លោះ ២០ ​ករណី​ត្រូវ​បាន​ប្ដឹង​ក្នុង​ខែ​នីមួយៗ ប៉ុន្តែ​បាន​ធ្លាក់​ចុះ​ជា​បណ្ដើរ​រហូត​សល់​តែ​ ៥ ​ករណី​ក្នុង​​ ១ ​ខែ​បន្ទាប់​ពី​ច្បាប់​ស្ដី​អំពី​សហជីព​ត្រូវបាន​អនុវត្ត​នៅ​ខែ​កញ្ញា ឆ្នាំ​ ២០១៦​។

យ៉ាង​ណា​ក្តី ខណៈ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ថា​ជម្លោះ​ការងារ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​នោះ អ្នក​តំណាង​ក្រុម​កម្មករ​បាន​សម្ដែង​ក្ដីកង្វល់​ថា ច្បាប់​នោះ​គឺជា​ការបោះ​ជំហាន​ថយ​ក្រោយ​ ​ខណៈ​វិវាទ​មិន​អាច​បញ្ជូន​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដោយសារ​ការិយាធិបតេយ្យ​។

លោក ឃុន ថារ៉ូ នាយករង​កម្មវិធី​របស់​អង្គការ​សង់​ត្រាល់​បាន​ថ្លែង​ថា ការចុះ​ឈ្មោះ​សហជីព​មាន​ដំណើរ​ការលំបាក​ក៏​ព្រោះ​តែ​ច្បាប់​ស្មុគស្មាញ​ខ្លាំង​។

លោក​ថា​៖ «​ការចុះ​ឈ្មោះ​សហជីព​ពិត​ស្មុគស្មាញ​មែន​ដោយសារ​លក្ខខណ្ឌ​ទាមទារ​មាន​ភាព​រញ៉េរញ៉ៃ​។ ​ចាប់​តាំងពី​ឆ្នាំ​ ២០១៧ ​មក​មាន​សហជីព​ជាច្រើន​ជួប​ការលំបាក​ក្នុង​ការចុះឈ្មោះ និង​មិន​អាច​ដំណើរការ​ទៅ​មុន​បាន​»​។

លោក​ថា​ រ៉ូ បាន​បន្ត​ថា​៖ «​នៅពេល​សហជីព​មិន​មាន​ឯកសារ​សម្រាប់​បង្ហាញ​ថា ពួកគេ​ជា​អ្នកតំណាង​កម្មករ តើ​ឲ្យ​ពួកគេ​អាច​ធ្វើ​ជា​តំណាង​ក្រុមកម្មករ​នៅក្នុង​ជម្លោះ​នានា​ឬ​ទេ​? ដូច្នេះ​វា​គឺជា​បញ្ហា​ប្រឈម​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​ហើយ​ក៏​ប្រឈម​សម្រាប់​ក្រុមកម្មករ​ផ្ទាល់​ដែរ​»​។

លោក​អះអាង​ថា​៖ «​ច្បាប់​បាន​ប្រគល់​អំណាច​ទៅ​ឲ្យ​ក្រុមមន្ត្រី​ហើយ​ពួកគេ​មាន​សិទ្ធិ​ច្រាន​ចោល​បណ្ដឹង​ ឬ​បញ្ជូន​បន្ត​ទៅ​កាន់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ឲ្យ​ដោះស្រាយ​។ នៅក្នុង​ច្រើន​ករណី​មក​ហើយ ពួកគេ​ថា​ពួកយើង​មិន​មាន​អ្នកតំណាង ឬ ក៏​ថា​ពួក​យើង​ពុំ​មាន​ឯកសារ​ផ្លូវការ​សម្រាប់​ដាក់​ធ្វើ​ជា​តំណាង​ឲ្យ​ករណី​វិវាទ​បាន​»​។

ប៉ុន្តែ​លោក​ ថារ៉ូ បាន​សរសើរ​ពី​ការងារ​នៃ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដែល​ភាគច្រើន​នៃ​សេចក្ដី​សម្រេចចិត្ត​ពួកគេ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រុមហ៊ុន​បរទេស​។

លោក​ ថារ៉ូ បន្ថែម​ថា​៖ «​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បាន​ជួយ​ពង្រឹង​នូវ​លក្ខខណ្ឌ​ការងារ ការផ្ដល់​សំណង​ដល់​កម្មករ និង ផ្ដល់​ផលប្រយោជន៍​ផ្សេងៗ​ទៀត​ដល់​កម្មករ​...»​។

យ៉ាង​ណា​ក្ដី​ក្រុម​សកម្មជន​សហជីព និង​សិទ្ធិ​ការងារ​បាន​អះអាង​ថា​ការធ្លាក់ចុះ​បណ្ដឹង​នេះ​​មិន​បាន​ចង្អុល​បង្ហាញ​ពី​ការធ្លាក់ចុះ​នៃ​វិវាទ​រវាង​និយោជក​ និង​និយោជិត​នោះ​ទេ​។

លោកស្រី យ៉ាង សុភណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ (CATU) ​បាន​ថ្លែង​ថា ទិសដៅ​សព្វ​ថ្ងៃនេះ​មិន​បាន​ផ្ដល់​ភាព​ល្អប្រសើរ​ដល់​ទំនាក់ទំនង​ឧស្សាហកម្ម​ទេ ជាពិសេស​សម្រាប់​ក្រុម​កម្មករ​។

លោកស្រី​ថា​៖ «​វា​មិន​មាន​ន័យ​ថា​វិវាទ​ការងារ​មិន​បាន​កើតឡើង​នោះ​ទេ​។ ​ក្រុមកម្មករ​គ្រាន់​តែ​មាន​ភាពភ័យខ្លាច​ចំពោះ​ការធ្វើ​បាតុកម្ម ដោយសារ​ពួកគេ​ខ្លាច​ត្រូវ​វាយ​ធ្វើបាប ហើយ​នោះ​ក៏​មិន​មាន​ន័យថា ទាំង​និយោជក និង​និយោជិត​មាន​ការ​យល់ដឹង​ពី​គ្នា​បាន​ច្រើន​នោះ​ដែរ​»​។

លោកស្រី​អះអាង​ថា​៖ «​នៅពេល​ដែល​វិវាទ​កើតឡើង ទាំង​ក្រុមកម្មករ ទាំង​និយោជក និង​រដ្ឋាភិបាល ចុងក្រោយ​នឹង​ខាតបង់​ទាំងអស់​គ្នា​។ វា​ពិតជា​ប៉ះពាល់​ប្រយោជន៍​កម្មករ​ប្រាកដ​មែន ខណៈ​វិវាទ​របស់​ពួកគេ​មិន​ត្រូវ​បាន​ដោះស្រាយ​...»​។

នាយកដ្ឋាន​ដោះស្រាយ​វិវាទ​ការងារ​នៃ​ក្រសួង​ការងារ​បាន​ឲ្យ​ដឹងថា ករណី​បណ្ដឹង​បុគ្គល​ ៤៧៦ ​ត្រូវ​បាន​ចុះឈ្មោះ​ជាមួយ​នាយកដ្ឋាន​នៅ​ឆ្នាំ​មុន ក្នុង​នោះ​មាន​ ២២៨ ​ករណី​ត្រូវ​បាន​ដោះស្រាយ ខណៈ​ ១៩១ ​ករណី​មិន​អាច​ដោះស្រាយ​បាន​ហើយ​ ៥៧ ​ករណី​ត្រូវ​បាន​ច្រានចោល​។

ជាមួយ​គ្នា​នេះ​នាយកដ្ឋាន​ក៏​ទទួល​បាន​ ១២៧ ​ករណី​ជា​វិវាទ​រួម​ផង​ដែរ ដែល​លទ្ធផល​ដោះស្រាយ​បាន​ ៥៦ ​ករណី ខណៈ​ ៧០ ​ករណី​មិន​ត្រូវ​បាន​ដោះស្រាយ​ និង​តែ​ ១ ​ករណី​ត្រូវ​បាន​ច្រានចោល​៕