សារមន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែងសម្ពោធ​ជាផ្លូវ​ការ​ កាលពីចុងសប្តាហ៍ នូវ​គេហទំព័រ​បណ្ណ​សារដ៏​ធំ​ជាង​គេ​បំ​ផុត​របស់​ប្រព័ន្ធ​ពន្ធ​នាគារ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ដែល​សមាជិក​គ្រួសារ​ អ្នក​ស្រាវជ្រាវ​ និង​សាធារណជន​ទូទៅ​ អាច​ចូល​ទៅ​កាន់​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ឌីជីថល​និង​គេហទំព័រ​នេះ​បាន។

យោង​តាមសេចក្តី​ប្រកាសព័ត៌មាន​របស់​អង្គការ​យូណេស្កូ​ គេហទំព័រ​នេះ ​គឺជា​ជោគជ័យ​មួយ​នៃគម្រោង​រយៈ​ពលេ ៣ ឆ្នាំ​ ក្នុង​ការ​ថត​ចម្លង​ និង​អភិរក្សថែ​រក្សា​បេតិកភណ្ឌ​ឯកសារ​ដ៏​ច្រើន​សន្ធឹក​សន្ទាប់​នៅ​សារមន្ទីរ​ទួលស្លែង។

គម្រោង​​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​អង្គការ​យូណេស្កូ​និង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​ក្រោម​ការ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញ​វត្ថុ​ពី​ភ្នាក់​ងារ​កិច្ច​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA)។

អង្គការ​យូណេស្កូ​បាន​បញ្ជាក់​ឱ្យ​ដឹងថា ​សារមន្ទីរ​បញ្ចប់​ការ​ថត​ចម្លង​ឯកសារ​ជាង​៦ម៉ឺន​ឯកសារ ដែល​មាន​ជាង​កន្លះលាន​ទំព័រ​ រួមមាន រូប​ថត ​ប្រវត្តិ​រូប​របស់​អ្នកទោស សៀវភៅ​កំណត់​ហេតុ ​ទស្សនាវដ្តី​បដិវត្តន៍ ​ចម្លើយ​សារភាព​ដោយ​បង្ខំ និង​ប្រភេទ​ឯកសារ​សរសេរ​ផ្សេងៗទៀត​។ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ​និង​អង្គការ​អប់រំ​វិទ្យាសាស្ត្រ​និង​វប្បធម៌នៃ​អង្គការ​យូណេស្កូ ​បានឯកភាព​គ្នា​ធ្វើការ​លើ​គម្រោង​ “ការអភិរក្ស​និង​បញ្ចូល​បណ្ណសារ​សារមន្ទីរ​ទួលស្លែង​ទៅក្នុង​ប្រព័ន្ធ​កុំព្យូ​ទ័រ”​ពី​ឆ្នាំ ២០១៥ ​ដល់​ឆ្នាំ ២០២០ ​ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​ ១ ១៥០ ០០០ លាន​ដុល្លារ​អាមេរិក។ បន្ទាប់ពី​ការអនុវត្ត​គម្រោង​រយៈពេល​ ៥ ឆ្នាំ ​(២០១៥-២០២០)​ គម្រោងនេះ​ទើបតែ​បញ្ចប់​ដោយ​ពិធីដាក់​ឲ្យ​ដំណើរការ​គេហ​ទំព័រ​នៅ​ថ្ងៃទី ២៩​ ខែមករា ​ឆ្នាំ ២០២១ ​កន្លង​មក​នេះ។

រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​លោក​ស្រី​ ភឿង សកុណា ​ថ្លែង​ក្នុង​ពិធី​សម្ពោធ​នោះ​ថា ​ការបង្កើត​គេហ​ទំព័រនេះ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ពង្រឹង​ការថែរក្សា​បណ្ណសារ​សារមន្ទីរ​ទួលស្លែង​ និង​ពង្រីក​នូវ​ការផ្សព្វផ្សាយ​ឱ្យកាន់តែ​ទូលំ​ទូលាយ។

លោក​ស្រី​ថ្លែងថា​៖ «ការ​ថែរក្សា​បណ្ណសារ​សារមន្ទីរ​នេះ​ គឺ​តាមរយៈ​ការអភិរក្ស​និង​ជួសជុល​នូវ​ឯកសារ​ចាស់ៗ​ ការថត​ចម្លង​ឯកសារ​ជាទម្រង់​ឌីជីថល។​ ការទុកដាក់​ឯកសារ​ឱ្យបាន​គង់វង្ស​តាម​ស្តង់ដា​សុវត្ថិភាព​ខ្ពស់ ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ព្រមទាំង​ការបង្កើត​គេហទំព័រ​ និង​បន្ទប់​បញ្ចាំង​វីដេអូ​ឯកសារ»។

​បើ​តាម​ភ្នាក់ងារ​កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ​គោល​បំណង​នៃ​គម្រោង​នេះ ​គឺ​ផ្តោត​លើ ​ទី១​ ដើម្បី​អភិរក្ស​និង​ធ្វើ​ឌីជីថល​បណ្ណសារ​នៃ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង ​ដែលត្រូវ​បាន​ចារ​លើ​ការចងចាំ​អន្តរជាតិ​នៃ​ការចុះឈ្មោះ​ពិភពលោក​ក្នុង​ឆ្នាំ ២០០៩។ ទី២​ គាំទ្រ​ដល់​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង​ដើម្បី​អភិវឌ្ឍ​ទៅជា​កន្លែង​កសាង​ការអប់រំ និង​សន្តិ​ភាព​ ដែល​យុវជន​ អ្នក​រស់រាន​មានជីវិត​ពី​របប​ខ្មែរក្រហម ​និង​សាធារណជន​ទូទៅ​ អាច​ទទួលបាន​ព័ត៌មាន​ អំពី​ប្រវត្តិ​សាស្រ្ត​របស់​ពួកគេ ​និង​បន្ត​កិច្ចពិភាក្សា​អំពី​សន្តិភាព​និង​អហិង្សា។ គោល​បំណង​ទី៣ ​ដើម្បី​កសាង​សមត្ថភាព ​បុគ្គលិក​នៅ​សារ​មន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង ​និង​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ ​ដើម្បី​គ្រប់គ្រង​បណ្ណសារ។

បណ្ណសារ​នេះ​ ត្រូវបាន​បញ្ចូល​ទៅក្នុង​គេហទំព័រ​ជា ២​​ ភាសា ​ជួយ​សម្រួល​ដល់​ប្រជាជន​កម្ពុជា​នៅ​ជនបទ​ និង​អ្នកស្រាវជ្រាវ​អន្តរជាតិ ​ហើយ​វា​បាន​រួមចំណែក​ដល់​ការអប់រំ​យុវជន​អំពី​សន្តិភាព​និង​ការចង​ចាំ។

ទួលស្លែង​ត្រូវ​បាន​គេស្គាល់ថា​ជា​ពន្ធនាគារ​ ស-២១ ​គឺជា​មណ្ឌល​សួរ​ចម្លើយ​ និង​សម្លាប់​រង្គាល​ដ៏​ល្បី​ល្បាញ​មួយ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ (១៩៧៥-១៩៧៩)។ អតីត​អគារ​សាលារៀន​ ស-២១​ ធ្លាប់​ជាគុក​សម្រាប់​ដាក់​អ្នក​ទោស​ជាង​ ១៨ ០០០ នាក់​ និង​ក្រុម​គ្រួសារ​ពួក​គេដែល​ភាគច្រើន​ជា​សមាជិក​ខ្មែរ​ក្រហម​ខ្លួន​ឯង។ អ្នក​ទោស​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​និង​សម្លាប់​ជាប្រព័ន្ធ​នៅ​នឹង​កន្លែង​ឬ​នៅ​វាល​ពិឃាត​ជើង​ឯក។ នៅ​ឆ្នាំ​ ១៩៧៩ ​មន្ទីរ​ ស-២១ ​ត្រូវ​បាន​ចាត់ទុក​ជា​ភ័ស្តុតាង​ដ៏​សំខាន់​មួយ​សម្រាប់​ឧក្រិដ្ឋកម្ម​ដែល​បាន​កើតឡើង​នៅ​ក្នុង​របប​នេះ​ ហើយ​បាន​ប្រែក្លាយ​ជា​សារមន្ទីរ៕