ភ្នំពេញៈ បណ្ណាល័យ​សម្តេចម៉ែ​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​មាន​ដាក់​តម្កល់​សៀវភៅ​រាប់ពាន់​ក្បាល និង​ឯកសារ​រាប់ពាន់​ប្រអប់ ហើយ​ដែល​ត្រូវ​បាន​អ្នកជំនាញ​ចាត់ទុក​ថា ជា​កន្លែង​សម្រាប់​អភិរក្ស​ប្រវត្តិសាស្ត្រ​កម្ពុជា​ត្រូវ​បាន​បើកសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ម្សិលមិញ​។

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា នៅក្នុង​ពិធី​សម្ពោធ​ដ៏ឧត្តុង្គឧត្តម​នៃ​បណ្តាល័យ​ដែល​ស្ថិត​នៅផ្ទះ​លេខ​ ៦៦ មហាវិថី​ព្រះសីហនុ​នេះ​មាន​ការដាក់តាំង​ពិព័រណ៍​ពិសេស​ចំនួន​ ២ ​គឺ ទី​ ១ ព្រះឆាយាលក្ខ័ណ៍​របស់​សម្តេច ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីត​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ និង​ទី​ ២ ​គឺ​ការរចនា​ប្លង់​អគារ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដោយ​ស្ថាបត្យករ​លំដាប់​ពិភពលោក​គឺ​លោកស្រី ហ្សាហា ហាឌីដ​។

លោក​លើកឡើង​ថា បណ្ណាល័យ​សម្តេចម៉ែ គឺជា​កន្លែង​អភិរក្ស​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​។ លោក​បន្តថា​៖ «​ក្នុង​បណ្ណាល័យ​នេះ គឺ​យើង​មាន​ទាំង​ឯកសារ​សម័យ​ខ្មែរក្រហម ឯកសារ​ទាក់ទង​នឹង​ព្រះបរមរតនកោដ្ឋ ឯកសារ​អនាគត​របស់​ក្រុមគ្រួសារ​កម្ពុជា និយាយ​រួម​យើង​ធ្វើ​នេះ​ដើម្បី​អភិរក្ស​ប្រវត្តិសាស្ត្រ​កម្ពុជា​តែម្តង​»​។

បើ​តាម​លោក​ ឆាំង យុ បណ្ណាល័យ​នេះ​បង្កើតឡើង​ដើម្បី​ឲ្យ​យុវជន​មាន​មូលដ្ឋាន​សម្រាប់​ការសិក្សា​ស្រាវជ្រាវ ដើម្បី​ស្វែងយល់​អំពី​អត្តសញ្ញាណ​ខ្លួនឯង​។ លោក​ យុ សង្ឃឹមថា ទីនោះ​នឹង​ជួយ​ឲ្យ​មាន​ការយល់ដឹង​ខ្ពស់ ក្នុង​ការរួមចំណែក​ធ្វើឲ្យ​មាន​ស្ថិរភាព សន្តិភាព និង​ការអភិវឌ្ឍ​ជាតិ​។ លោក​បញ្ជាក់ថា​៖ «​មាន​ន័យថា បើ​យើង​មិន​ស្គាល់​ខ្លួន​យើង​មិនដឹង​ប្រវត្តិសាស្ត្រ​ខ្លួន​យើង​យើង​គិតថា ការអភិវឌ្ឍ​វា​អាច​ជាន់​ដាន​អតីតកាល ដែលជា​ពិសេស​ស្រុក​យើង​ធ្លាប់​មាន​ជម្លោះ មាន​សង្គ្រាម​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​»​។

លោក​បន្តថា ប្រវត្តិសាស្ត្រ វា​មាន​តម្លៃ​ធំធេង​ណាស់ ហើយ​ការអភិរក្ស​ប្រវត្តិសាស្ត្រ​នេះ​វា​ជា​រឿង​សំខាន់​ដែល​ «​សម្តេចម៉ែ​ផ្ទាល់​តែងតែ​យកចិត្ត​ទុកដាក់​លើ​បញ្ហា​នេះ អ៊ីចឹង​ហើយ​យើង​ក៏​សម្រេច​ថា យកតាម​ព្រះនាម​របស់​សម្តេចម៉ែ ដើម្បី​បង្ហាញ​អំពី​ទឹកចិត្ត​របស់​សម្តេចម៉ែ​ក្នុង​ការអភិរក្ស​ប្រវត្តិសាស្ត្រ​»​។

ក្នុង​ពេល​ទ្រង់​យាង​សម្ពោធ​បណ្ណាល័យ​នេះ​កាលពី​ម្សិលមិញ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា​ជាតិខ្មែរ​ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល ទ្រង់​បាន​ព្រះលិខិត​បង្ហាញ​ពី​ហឫទ័យ​ព្រះអង្គ​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​សូម​សម្តែង​អំណរសាទរ​ដ៏ជ្រាលជ្រៅ​បំផុត ចំពោះ​លោក ឆាំង យុ និង​ក្រុមការងារ​នៃ​វិទ្យាស្ថាន​ស្លឹករឹត​ចំពោះ​ការបង្កើត​បណ្ណាល័យ​សម្ដេចម៉ែ​។ យើង​ពិតជា​មាន​ការរំជួល​ព្រះហឫទ័យ​យ៉ាង​ក្រៃលែង ដែល​វិទ្យាស្ថាន​ស្លឹករឹត​បាន​សម្រេច​កំណត់​យកឈ្មោះ​របស់​បណ្ណាល័យ​ដ៏បវរ​នេះ​តាម​ព្រះនាម​របស់​យើង​»​។

លោក ឆាំង យុ បញ្ជាក់​ទៀត​ថា បណ្ណាល័យ​សម្ដេចម៉ែ​មាន​តម្កល់ទុក​នូវ​សៀវភៅ​ប្រមាណ​ជាង​ ៣ ០០០ ​ក្បាល​ និង​ឯកសារ​ចំនួន​ ២ ៨០០ ​ប្រអប់​ ដែល​ប្រមែប្រមូល​ដោយ​លោក​ឯកអគ្គរាជទូត​បណ្ឌិត ហូលីយ៉ូ អេ ជែលដ្រេស ​ក្នុង​អំឡុង​រយៈពេល​ជាច្រើន​ឆ្នាំ​នៃ​ការងារ​ចងក្រង​កត់ត្រា​ឯកសារ​របស់លោក ស្ដីពី​រាជវង្សានុវង្ស និង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​។

ឯកសារ​ដែល​តម្កល់​នៅក្នុង​បណ្ណាល័យ​សម្តេចម៉ែ​រួមមាន​សៀវភៅ​ជាច្រើន​ទៀត​ស្ដីពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា និង​ឯកសារ​ស្តីពី​របប​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ​យ៉ាង​ហោចណាស់​ ១ ​លាន​ ៧ ​សែន​ទំព័រ​ដែល​ស្រាវជ្រាវ​ដោយ​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​អស់​រយៈពេល​ប្រមាណ​ជាង​ ២០ ​ឆ្នាំ​កន្លង​មក​។

ទន្ទឹម​នឹង​នេះ​បណ្ណាល័យ​សម្តេចម៉ែ​ថែមទាំង​មាន​តម្កល់​នូវ​ឯកសារ​ក្នុង​ទម្រង់​ដទៃទៀត​ដូចជា​រូបថត ភាពយន្ត និង​ខ្សែអាត់​សំឡេង​ជាច្រើន​ម៉ឺន​នាទី​របស់​ជនរងគ្រោះ​ក្នុង​សម័យ​ខ្មែរក្រហម​ដែល​ត្រូវ​បាន​ធ្វើឲ្យ​ទៅ​ជា​ទម្រង់​ឌីជីថល​មាន​គុណភាព​ខ្ពស់ ដើម្បី​ធានា​ដល់​ការអភិរក្ស​លើ​ឯកសារ​ឲ្យ​បាន​គង់វង្ស និង​ផ្តល់​ភាព​ងាយស្រួល​ដល់​សាធារណជន​ក្នុង​ការប្រើប្រាស់​។

លោក​ ដៀប សុផល អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការបង្កើត​បណ្ណាល័យ​នេះ វា​ជា​រឿង​សំខាន់​ណាស់ ព្រោះ​បណ្ណាល័យ​ជា​កន្លែង​តម្កល់​ឯកសារ ហើយ​ឯកសារ​នោះ​ទៀតសោត​វា​ជា​មូលដ្ឋាន​នៃ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​។

លោក​បន្តថា​៖ «​ការស្រាវជ្រាវ​នីមួយៗ​មិនមែន​ធ្វើ​ភ្លាម​ចេញ​លទ្ធផល​ភ្លែត​នោះទេ​គឺ​ត្រូវការ​គ្នាច្រើន​... អ៊ីចឹង​ការធ្វើ​បណ្ណាល័យ​នេះ​ទី​១ ​គឺ​ការតម្កល់​ឯកសារ​អាច​ឲ្យ​យើង​ងាយ​ស្រាវជ្រាវ​រក​ប្រភពដើម​នៃ​រឿង ហេតុ និង​ ផល បច្ច័យ​របស់​វា​ផ្សេងៗ​មួយទៀត យើង​អាច​ទៅ​អង្គុយ​អាន អង្គុយ​ស្រាវជ្រាវ​»៕