តាកែវៈ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ និង​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ព្រឹក​ថ្ងៃទី​ ២៧ ខែ​កក្កដា ឆ្នាំ​ ២០២០ បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ «​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​» ថ្មី​ ១ ​ទៀត​ក្នុង​ខេត្ត​តាកែវ​ ​ដើម្បី​ជំរុញ​ការសិក្សា​ស្រាវជ្រាវ និង​បង្កើន​ការយល់ដឹង​អំពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​។

យោង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ការិយាល័យ​ថ្មី​នេះ​មាន​ទីតាំង​ស្ថិត​នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​តាកែវ ក្រោម​ជំនួយ​គាំទ្រ​របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ (UNDP)​។

ការិយាល័យ​ថ្មី​នេះ​នឹង​ដើរតួនាទី​ជាទី​តាំង​ផ្លូវការ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ប្រចាំ​នៅ​ខេត្ត​តាកែវ ដើម្បី​ទទួល​ស្វាគមន៍​អ្នក​ស្រាវជ្រាវ និង​សាធារណជន​ព្រមទាំង​ចែកចាយ​ឯកសារ​ទាក់ទង​នឹង​របប​ខ្មែរក្រហម ដោយ​ផ្តោត​ជាពិសេស​លើ​ខេត្ត​តាកែវ​ដែល​ស្ថិតនៅ​ជា​ផ្នែក​មួយ​នៃ​ភូមិភាគ​និរតី​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។

លោក ផេង ពង្សរ៉ាស៊ី នាយក​កម្មវិធី​ស្រាវជ្រាវ និង​អប់រំ​ពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ឯកសារ​ប្រមាណ​ជាង​ ១ ​លាន​ឯកសារ​ដែល​រួមមាន​ឯកសារ​ជា​ក្រដាស រូបថត ខ្សែភាពយន្ត ខ្សែអាត់​សំឡេង និង​ឯកសារ​ភ័ស្តុតាង​ជាក់ស្តែង (​ឯកសារ​រណ្តៅ​សាកសព​) ​ជាដើម​នឹង​ត្រូវ​បាន​នាំយក​ទៅ​ដាក់តាំង​តម្កល់ទុក​នៅក្នុង​ «​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​» ​ខេត្ត​តាកែវ​។

លោក​ ពង្សរ៉ាស៊ី បាន​ថ្លែង​ថា​៖ «​ឯកសារ​ទាំងនេះ​ផ្តល់​ជា​ព័ត៌មាន​ស្តី​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​យ៉ាង​សម្បូរបែប​ដែល​ជា​ធនធាន​ស្រាវជ្រាវ​សម្រាប់​គ្រូបង្រៀន​មន្ត្រីរាជការ សិស្សានុសិស្ស និង​ប្រជាជន​ទូទៅ​រស់នៅ​ក្នុង​ខេត្ត​តាកែវ​ និង​ខេត្ត​ក្បែរ​ខាង​»​។

បើ​តាម​សម្តី​លោក ពង្សរ៉ាស៊ី «​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​» ខេត្ត​តាកែវ​នេះ គឺជា​មជ្ឈមណ្ឌល​តំណាង​ទី​ ៤ របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បន្ទាប់ពី​វត្តមាន​នៃ​ «​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​» នៅក្នុង​ខេត្ត​ឧត្តរមានជ័យ «​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​» នៅក្នុង​ខេត្តព្រៃវែង និង «​មជ្ឈមណ្ឌល​ឯកសារ​កោះថ្ម​» ក្នុង​ខេត្ត​ត្បូងឃ្មុំ​។

លោក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា​ការបង្កើត​ «​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​» ​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​សំណង​តាម​ផ្លូវ​តុលាការ​នៅក្នុង​ក្របខ័ណ្ឌ​នៃ​សំណុំរឿង ០០២ ​របស់​អង្គភាព​សហ​មេធាវី​នាំមុខ​តំណាង​ដើមបណ្ដឹង​រដ្ឋប្បវេណី​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៣​។

គម្រោង​សំណង​ទាំងនេះ​មាន​គោលដៅ​ «​ស្ដារ​កិត្តិយស សេចក្តី​ថ្លៃថ្នូរ ប៉ះប៉ូវ​ការឈឺចាប់​​ផ្លូវចិត្ត និង​ផ្នែក​សង្គម​របស់​ជនរងគ្រោះ​ដែល​ជា​ដើមបណ្ដឹង​រដ្ឋប្បវេណី​រំឭក​ដល់​អ្នក​ដែល​បាន​បាត់បង់​ជីវិត លើក​កម្ពស់​ការយល់ដឹង និង​ការស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ព្រមទាំង​ដើម្បី​ធានា​ថា បទពិសោធ​ក្នុងសម័យ​ខ្មែរក្រហម​នឹង​មិន​កើតមាន​ជាថ្មី​ម្ដង​ទៀត​នៅក្នុង​សង្គម​កម្ពុជា​នាពេល​អនាគត​»​។

លោក​បន្ថែមថា ការបង្កើត​ «​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​» ខេត្ត​តាកែវ​នេះ​ឡើង គឺ​ស្រប​ទៅ​នឹង​ស្មារតី​នៃ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ឆ្នាំ​ ២០១៨ ដល់​ឆ្នាំ​ ២០២២ ក្នុង​ការបន្ត និង​បង្កើត​ថ្មី​នូវ​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការអប់រំ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ដល់​យុវជន​ជំនាន់​ក្រោយ និង​គ្រូបង្រៀន​នៅ​ទូទាំង​ប្រទេស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​រឿងរ៉ាវ​ពី​អតីតកាល​របស់​ប្រទេស​ខ្លួន​។

តាមរយៈ​វត្តមាន​នៃ​ការិយាល័យ​តាម​បណ្តា​ខេត្ត​ទាំងនេះ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​អាច​ពង្រីក​សកម្មភាព​ចែកចាយ​ឯកសារ​របស់ខ្លួន​ទៅកាន់​ប្រជាជន​នៅតាម​បណ្តា​ខេត្ត ឬ​តំបន់​ដែល​មាន​ការអភិវឌ្ឍ​តិចតួច ដែល​ស្ថិត​នៅ​ក្រៅ​រាជធានី​ភ្នំពេញ​បាន​ទូលំទូលាយ​ជាង​មុន​។

ថ្វីដ្បិតតែ​មាន​ការយាយី​នៃ​ជំងឺ​រាតត្បាត​ជា​សកល​កូវីដ​១៩​យ៉ាងណា​ក្តី មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នៅតែ​បន្ត ចែករំលែក​ការយល់ដឹង និង​ព័ត៌មាន​នានា​ដែល​ជួយ​បង្កើន​ការយល់ដឹង​របស់​សាធារណជន​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។ ទោះបី​ជា​ស្នាក់​នៅផ្ទះ​សាធារណជន​ក៏​អាច​ប្រើប្រាស់​បណ្តុំ​ទិន្នន័យ​គ្រប់​ជ្រុងជ្រោយ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​ស្វែងរក​ឯកសារ​នានា​ដោយ​មាន​ជំនួយ​ពី​បុគ្គលិក​មជ្ឈមណ្ឌល​ផងដែរ​ប្រសិនបើ​ចាំបាច់​។

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ជឿជាក់​ថា ការផ្តល់​ជា​ឯកសារ​ផ្សេងៗ​តាម​ប្រព័ន្ធ​អនឡាញ​ដល់​អ្នកស្រាវជ្រាវ​ទូទៅ​នឹង​លើក​ទឹកចិត្ត​ឲ្យ​បុគ្គល​ទាំងនោះ​នៅ​ផ្ទះ និង​បង្កើន​ការអាន​នៅក្នុង​អំឡុងពេល​នៃ​ភាពវឹកវរ​នៃ​ជំងឺ​រាតត្បាត កូវីដ​១៩ ដោយ​នេះ​គឺជា​សកម្មភាព​សាមញ្ញ​តែមាន​សារៈសំខាន់​ក្នុង​ការចូលរួម​ចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ថ្នាក់ជាតិ​ក្នុង​ការបង្ការ​ការឆ្លង​ជំងឺ​កូវីដ​ ១៩៕