ភ្នំពេញៈ បណ្តាញ​ជាតិ​នៃ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ដែល​មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​សម្រប​សម្រួល​សេវា​រហូត​ដល់​ថ្នាក់​មូលដ្ឋាន ឥឡូវ​នេះ​កំពុង​ត្រូវ​បាន​ដក​ចេញ​ពី​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេដស៍​ក្រោម​ជំនួយ​ថ្មី​របស់​អង្គការ​មូលនិធិ​សកល ខណៈ​មាន​ការ​លើក​ឡើង​នូវ​ក្តីបារម្ភ​ «​ធ្ងន់ធ្ងរ​»​។ នេះ​បើ​តាម​អ៊ីមែល​ផ្ទៃ​ក្នុង​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​ដែល​ផ្ញើ​ទៅ​មន្ត្រី​រដ្ឋាភិបាល និង​ការ​សម្ភាស​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​។

បញ្ហា​នេះ​កើត​មាន​បន្ទាប់ពី​ក្តីបារម្ភ​ដែល​លើក​ឡើង​កាលពី​ខែ​តុលា​ដោយ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​អនាមិក​មួយ​ក្រុម និង​ប្រជាជន​ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ដែល​និយាយ​ថា​សំឡេង​របស់​ពួកគេ​មិន​ត្រូវ​បានឮ​។

លោក សន សុធារិទ្ធិ អ្នក​សម្រប​សម្រួល​ជាតិ​សម្រាប់​ការ​តស៊ូ​មតិ​របស់​បណ្តាញ CNP+ បាន​ផ្ញើ​លិខិត​មួយ​លើក​ឡើង​ពី​ក្តីបារម្ភ​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី​ ២៨ ខែ​ធ្នូ ឆ្នាំ​ ២០១៧ ​។

អ៊ីមែល​នេះ​បាន​ផ្ញើ​ទៅ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​លោក អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ក៏ជា​ប្រធាន​យន្តការ​សម្រប​សម្រួល​ប្រចាំ​ប្រទេស (CCM) ​ឬ​គេ​ស្គាល់​ថា CCC ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​នោះ​ដែល​សម្រប​សម្រួល​សកម្មភាព​របស់​អង្គការ​មូលនិធិ​សកល​ផ្ញើ​ទៅ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ (NCHADS) និង​ផ្ញើ​ទៅ​សមាជិក​គណៈកម្មាធិការ​ជ្រើសរើស​ដែល​សម្រេច​ថា តើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​មួយ​ត្រូវ​ទទួល​បាន​ថវិកា​។

មន្ត្រី​មួយ​ចំនួន​បាន​បញ្ជាក់​អំពី​ភាព​ត្រឹមត្រូវ​នៃ​អ៊ីមែល និង​លិខិត​នេះ​។

លិខិត​នេះ​ឲ្យ​ដឹង​ថា​៖ «​ពលរដ្ឋ​ដែល​រស់នៅ​ជាមួយ​បណ្តាញ​មេរោគ​អេដស៍​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ដៃគូ​អភិវឌ្ឍន៍​ និង​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​មេរោគ​អេដស៍ និង​ជាពិសេស​ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​សេវា​គាំពារ និង​ឧបត្ថម្ភ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍​នាពេល​អនាគត និង​ស្វែងរក​ករណី​ឆ្លង​ថ្មី​»​។

នៅ​ក្នុង​លិខិត​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​បណ្តាញ​នោះ​បាន​សុំ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ពិចារណា​លើ​ក្តីបារម្ភ​របស់​ពួកគេ​។

លោក ទា ផល្លា អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ថ្លែង​ថា គណៈកម្មាធិការ​ដឹកនាំ​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍​បាន​សម្រេច​ទៅ​លើ​ធាតុ​នៃ​ជំនួយ ហើយ​គណៈកម្មាធិការ​នឹង​ជ្រើសរើស​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​អនុវត្ត​សកម្មភាព​ទាំងនោះ​។

អង្គការ Khana បាន​ដាក់​សំណើសុំ​ជំនួយ​រួម​ទាំង​បណ្តាញ​ ២ ​ទៀត​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍​គឺ​បណ្តាញ CPN+ និង​បណ្តាញ AUA ដែល​ជា​ដៃគូ​របស់​ខ្លួន​។ អង្គការ​សេវា​សង្គ្រោះ​បន្ទាន់​កាតូលិក​ (CRS) ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​រួម​ជាមួយ​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ចំនួន​ ៤ ​ទៀត ប៉ុន្តែ​មិន​មាន​បណ្ដាញ​ក៏​បាន​ដាក់​សំណើសុំ​ជំនួយ​ផង​ដែរ​។

លោក​ ផល្លា ថ្លែង​ថា ​គណៈកម្មាធិការ​ដឹកនាំ​ប្រយុទ្ធ​នឹង​មេរោគអេដស៍​បាន​យល់​ស្រប​ថា​បណ្តាញ​ទាំង​ ២ ​នោះ​គួរ​តែ​ត្រូវ​​រក្សាទុក​។

ទោះ​យ៉ាង​ណា​ក្តី គណៈកម្មាធិការ​ជ្រើសរើស​បាន​ផ្តល់​ជំនួយ​ទៅ​អង្គការ CRS ប៉ុន្តែ​ក្រោយ​មក​បាន​សម្រេច​ថា​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អន្តរជាតិ​នានា​ត្រូវ​តែ​បញ្ចូល​បណ្តាញ​ទាំង​ ២ ​នោះ​។

នៅ​ថ្ងៃ​ទី​ ២៦ ខែ​ធ្នូ​អង្គការ CRS បាន​សម្រេច​បញ្ចូល​តែ​បណ្តាញ AUA ហើយ​មិន​យក​បណ្តាញ CPN+ ​ទេ​។

កាលពី​ថ្ងៃ​ទី​ ២ ខែ​មករា​លោក សុធារិទិ្ធ បាន​ថ្លែង​ថា​បណ្តាញ​ដែល​មាន​សមាជិក​ ៣០ ​ម៉ឺន​នាក់​មាន​អ្នក​សម្រប​សម្រួល​ប្រចាំ​ខេត្ត​នានា​ដាក់​នៅ​តាម​គ្លីនិក​ព្យាបាល​ជំងឺ​អេដស៍​ចំនួន ៣៩ ក្នុង​ចំណោម​គ្លីនិក ៦៧ ​ទូទាំង​ប្រទេស​ដែល​តួនាទី​របស់​បណ្តាញ​នេះ​គឺ​ស្រដៀង​នឹង​បុគ្គលិក​សង្គម​។ បណ្តាញ​នេះ​ផ្តល់​ប្រាក់​ខែ​ដល់​ពួកគេ ហើយ​មន្ទីរពេទ្យ​ផ្តល់​កន្លែង​ជា​ថ្នូរ​នឹង​ការ​ឧបត្ថម្ភ​របស់​ពួកគេ​។

លោក​ថ្លែង​បន្ត​ថា ​គំរូ​នេះ​មាន​ប្រសិទ្ធភាព​ចំពោះ​ការ​ចំណាយ​មាន​ប្រសិទ្ធភាព និង​ចីរភាព​។

លោក​ថ្លែង​ថា ​នេះ​មិនមែន​ជា​ «​ការ​ប្រយុទ្ធ​គ្នា​ដើម្បី​ថវិកា​» ​ទេ​ប៉ុន្តែ​អំពី​ក្តីបារម្ភ​ចំពោះ​ការ​សម្រប​សម្រួល​សេវា​ពី​ថ្នាក់​ជាតិ​ចុះ​ទៅ​តាម​ភូមិ​តាម​ជនបទ​ដែល​លោក​មាន​មន្ទិល​សង្ស័យ​ថា តើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នោះ​នឹង​អាច​ចុះ​ទៅ​ដល់​ឬ​អត់​។

លោក​ថា​៖ «[​បណ្តាញ​] ​កម្មវិធី​គឺ​ដើម្បី​បង្កើន​កម្រិត​ការ​សម្រប​សម្រួល​សេវា​គាំទ្រ​»​។ «​យើង​មិនមែន​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​ដើម្បី​ថវិកា​ទេ​ ប៉ុន្តែ​យើង​កំពុង​គាំទ្រ​រដ្ឋាភិបាល​សម្រាប់​ការ​គាំទ្រ​សេវា​ជាពិសេស​ក្នុង​អំឡុង​គម្លាត​ថវិកា​»​។

លោក ជុំ សុផា នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​សុខភាព និង​ការ​អភិវឌ្ឍ និង​ជា​សមាជិក​នៃ CCC ថ្លែង​ថា​ «​វា​មិន​យុត្តិធម៌​» ​ដែល​គណៈកម្មាធិការ​ជ្រើសរើស​ជ្រើសរើស​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ជា​ជាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ដែល​មាន​បណ្តាញ​។

លោក អ៊ុង ប៉ូលីន នៅ​អង្គការ UNAIDS បាន​ថ្លែង​ថា​ក្នុង​នាម​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ជ្រើសរើស​ដែល​បាន​ចុះ​ហត្ថលេខា​ «​រក្សា​ការ​សម្ងាត់​» មិន​អាច​ធ្វើ​អត្ថាធិប្បាយ​អំពី​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​នេះ​ជា​សាធារណៈ​បាន​ទេ​។ ប៉ុន្តែ​លោក​ថា​អនុសាសន៍​ត្រូវ​បាន​ផ្ញើ​ទៅ CCC សម្រាប់​ការ​អនុម័ត​ចុង​ក្រោយ​។

លោក មូលី ប្រធាន CCC ថ្លែង​ថា​គណៈកម្មាធិការ​ប្រចាំ​ប្រទេស​បាន​កំណត់​លក្ខខណ្ឌ​ ២ ​រួច​ហើយ​ទៅ CRS ដើម្បី​បំពេញ​លក្ខខណ្ឌ​មួយ​គឺ​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​ការ​រៀបចំ​របស់​ដៃគូ​របស់​ខ្លួន​ដើម្បី​ធានា​ «​ភាព​ជា​ដៃគូ​រឹងមាំ​»​ជាមួយ​អង្គការ​ដែល​ដឹកនាំ​ដោយ​ពលរដ្ឋ​ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍​​ និង​អ្នក​ដែល​មាន​វត្តមាន​រួច​ហើយ​នៅ​កន្លែង ART​។ លក្ខខណ្ឌ​ទី​​ ២ ​គឺ​រក្សា​ថវិកា​ដដែល​។

បើ​តាម​ឯកសារ​នៅក្នុង​អ៊ីមែល​ដោយ​ឡែក​ពី​គ្នា​ការ​ផ្តល់​ជំនួយ​សម្រាប់​ការ​ព្យាបាល និង​គាំពារ​គឺ​ចំនួន​ ៤,៣ ​លាន​ដុល្លារ​។

លោក​ ផល្លារ ថ្លែង​ថា​ក្តីបារម្ភ​ឥឡូវ​នេះ​គឺ​ការ​ចំណាយ​រដ្ឋបាល​ខណៈ CRS នឹង​ត្រូវ​កែ​សម្រួល​ថវិកា​ដើម្បី​បញ្ចូល​បណ្តាញ​ទាំង​ ២ ​នោះ​។ លោក​ថា​៖ «​ពួកគេ​ [​បណ្តាញ​] ​គឺ​សំខាន់​ណាស់​»​។

Jennifer Hardy ដែល​ធ្វើការ​នៅ CRS បាន​បង្វែរ​សំណួរ​ទៅ​ក្រសួង​សុខាភិបាល និង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​សើ​ស្បែក និង​កាមរោគ​ (NCHADS) ​។

ប៉ុន្តែ​លោក លី ពេញសុន ប្រធាន NCHADS បាន​ថ្លែង​ថា​លោក​ «​មិន​មាន​សមត្ថកិច្ច​» ​លើ​បញ្ហា​នេះ​។

លោក​ ជួប សុខចម្រើន ​ប្រធាន​ប្រតិបត្តិ​នៃ​អង្គការ Khana ថ្លែង​ថា​វា​គួរ​ឲ្យ​ខកចិត្ត​ដែល​ឃើញ​បណ្តាញ​នោះ​មិន​ទទួល​បាន​ថវិកា​ដើម្បី​បន្ត​បេសកកម្ម​សំខាន់​របស់​ខ្លួន​សម្រាប់​ឆ្លើយតប​នឹង​មេរោគ​អេដស៍​នៅ​កម្ពុជា​។

លោក​ថ្លែង​តាម​អ៊ីមែល​ថា​៖ «​យើង​យល់​ថា​មិន​មាន​ថវិកា​គ្រប់គ្រាន់​»​។ «​ទោះ​យ៉ាង​ណា​ក្តី​តួនាទី​របស់ CPN+ និង​វត្តមាន​របស់​ពួកគេ​ដែល​នៅ​តាម​សហគមន៍​...​បាន​រួម​ចំណែក​ចំពោះ​ការ​រកឃើញ​ករណី​កើនឡើង [​និង​] ​ការ​ផ្តល់​ការ​គាំទ្រ​ទៅ​អ្នក​ដែល​ទើប​ចុះ​ឈ្មោះ​ថ្មីៗ​ក្នុង​ការ​ព្យាបាល​រោគ​អេដស៍​»​។

វត្តមាន​របស់​បណ្តាញ​នេះ​ក៏​បាន​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ផ្លូវចិត្ត និង​ការ​រើសអើង​ក្នុង​សង្គម​ផង​ដែរ​ហើយ​ការ​បាត់បង់​ការ​គាំទ្រ​ការ​ផ្តល់​សេវា​ពាក់ព័ន្ធ នឹង​រោគ​អេដស៍​របស់​បណ្តាញ​នេះ​គឺជា​ «​ការ​បាត់បង់​សំឡេង​អ្នក​សកម្ម​អំពី​មេរោគ​អេដស៍​»​។

លោកស្រី Gretchen Lyons អ្នក​នាំពាក្យ​នៅ​អង្គការ​មូលនិធិ​សកល​បាន​ថ្លែង​ថា វា​អាច​ថា​អង្គការ​ទទួល​បន្ត​យូរៗ​ទៅ​មាន​ការ​ផ្លាស់ប្តូរ​ប៉ុន្តែ CCC នៅ​តែ​ប្តេជ្ញាចិត្ត​ឲ្យ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍​៕ PS