ភ្នំពេញៈ បណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជាបានសម្រេចបង្កើតក្រុមការងារបច្ចេកទេសចំនួន ៧ ក្រុម ដើម្បីធ្វើការជាមួយស្ថាប័នរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធក្នុងការជំរុញការងារដោះស្រាយលើបញ្ហាប្រឈមអំពីគ្រោះថ្នាក់ចរាចរណ៍ឱ្យទទួលបានជោគជ័យខណៈក្នុងរយៈពេល ៩ ខែឆ្នាំ ២០២០ នេះមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ១ ២៥៧ នាក់។
លោក គឹម បញ្ញា នាយកប្រចាំប្រទេសកម្ពុជានៃ AIP Foundation ថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ការបង្កើតក្រុមការងារនេះឡើងដោយផ្អែកទៅលើអនុសាសន៍ដែលកើតចេញពីសន្និសីទប្រចាំឆ្នាំរបស់បណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជាលើកទី ១ កាលពីខែធ្នូ ឆ្នាំ ២០១៨ និងសន្និសីទលើកទី ២ នៅថ្ងៃទី ៤-៥ ខែកញ្ញាឆ្នាំ ២០១៩។ គោលដៅធំបំផុតនៃការបង្កើតក្រុមការងារបច្ចេកទេសនេះគឺដើម្បីបន្តកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាឱ្យបានកាន់តែច្រើន និងមាននិរន្តរភាព។
លោកថ្លែងថា៖ «យើងមិនចង់ឃើញថា នៅឆ្នាំ ២០២០ ចំនួនអ្នកស្លាប់មានការថយចុះប៉ុន្ដែនៅឆ្នាំ ២០២១ បែរជាមានចំនួនអ្នកស្លាប់កើនឡើងព្រោះមិនមានវិធានការសមស្របនោះទេ»។
លោកឱ្យដឹងថា ក្រុមការងារទាំង ៧ នោះរួមមាន ១ ក្រុមការងារជំរុញសុវត្ថិភាពយានយន្តដឹកជញ្ជូនកម្មករនិយោជិត។ ២ ក្រុមការងារពង្រឹងការផ្សព្វផ្សាយអប់រំបង្កើតកម្មវិធីសិក្សា និងបង្កើត និងអនុវត្តគោលនយោបាយ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកន្លែងការងារ។ ៣ ក្រុមការងារបង្កើនការផ្តល់មួកសុវត្ថិភាព និងមួកសុវត្ថិភាពដែលមានស្តង់ដា។ ៤ ក្រុមការងារជំរុញការបង្រៀនអំពីបច្ចេកទេសការបើកបរម៉ូតូ។ ៥ ក្រុមការងារជំរុញគោលនយោបាយ និងការគ្រប់គ្រងពាណិជ្ជកម្មគ្រឿងស្រវឹង។ ៦ ក្រុមការងារគាំទ្រការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប្រកបដោយប្រសិទ្ធភាព។ ចំណែកក្រុមទី ៧ គឺជាក្រុមការងារលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើដំណើរជាមួយរថយន្តធុនធំ និងរថយន្តដឹកជញ្ជូន។
បើតាមលោក គឹម បញ្ញា តាមរយៈកិច្ចប្រជុំប្រចាំត្រីមាសរបស់បណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជានៅភោជនីយដ្ឋានទន្លេបាសាក់ ១ កាលពីថ្ងៃទី ២៧ ខែតុលា បានសម្រេចថា ក្រុមការងារទាំង ៧ ក្រុមនេះនឹងអាចមានសហប្រធានចាប់ពី ២-៣ រូប។ នៅក្នុងនោះ ១ រូបមកពីអង្គការមូលនិធិបង្ការរបួសអាស៊ី ឬក៏អង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
កិច្ចប្រជុំក៏បានសម្រេចឱ្យមានអ្នកតំណាងមកពីក្រុមហ៊ុន អង្គការ ឬក៏អ្នកដែលមានចំណាប់អារម្មណ៍ហើយមានលក្ខណសម្បត្ដិសមស្របក្នុងការដឹកនាំក្រុមការងារនេះឱ្យមានសម្ទុះសកម្មភាពសកម្ម និងមានប្រសិទ្ធភាពទៅមុខចាប់ពី ១-២ រូបផងដែរ គឺអាស្រ័យលើការចាំបាច់។ ចំណែកសមាជិកក្រុមការងារនីមួយៗនៃក្រុមការងារទាំង ៧ នេះអាចមានចន្លោះពី ៥ ទៅ ៩ រូប។
លោក គឹម បញ្ញា បញ្ជាក់ថា៖ «ក្រុមការងារនេះពិតមែនតែជាក្រុមការងារពីខាងអង្គការ ឬក្រុមហ៊ុនមិនមែនរដ្ឋាភិបាល ប៉ុន្តែការងាររបស់យើងគឺយើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងស្ថាប័នរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងផ្នែករដ្ឋ និងមិនមែនរដ្ឋ ដើម្បីធ្វើម៉េចយើងជំរុញ ការងារការដោះស្រាយលើបញ្ហាប្រឈមអំពីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាឱ្យទទួលបានជោគជ័យ»។
លោក ថី វិសាល ប្រធានការិយាល័យនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សាទរចំពោះការបង្កើតក្រុមការងារបច្ចេកទេសរបស់អង្គការសង្គមស៊ីវិលដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានេះ។ លោកថ្លែងថា៖ «កិច្ចការងារនេះល្អណាស់ ព្រោះនៅក្នុងផែនការយុទ្ធសាស្ដ្រ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកក៏បានលើកឡើងពីការចូលរួមសហការរបស់អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជននានានេះដែរ ក្នុងការចូលរួមចំណែកទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា»។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបង្ហាញថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២០ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងចំនួន ២ ៤៣០ លើកបណ្តាលឱ្យមានអ្នកស្លាប់ ១ ២៥៧ នាក់ របួសធ្ងន់ ២ ២៦៥ នាក់ របួសស្រាល ១ ៤០១ នាក់ និងមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ចំនួន ២ ៥៤៣ នាក់។
បើប្រៀបធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ ២០១៩ ចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានការថយចុះចំនួន ៧២៧ លើក អ្នកស្លាប់ថយចុះ ២៦៦ នាក់ របួសធ្ងន់ថយចុះ ៧៥៥ នាក់ របួសស្រាលថយ ២៩៣ នាក់ និងមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ថយចុះ ៥៤៤ នាក់៕