ភ្នំពេញៈ ក្រុមសកម្មជនដែលមានឈ្មោះបណ្តាញព្រះសង្ឃឯករាជ្យបានអំពាវនាវឲ្យក្រសួងធម្មការនិងសាសនាចេញឯកសារបង្ហាញថា ក្រុមហ៊ុន Naga Corp ពិតជាមានការចុះកិច្ចព្រមព្រៀងដើម្បីជួយសាងសង់អនុស្ថានីយអគ្គិសនីនៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនិងពុំមានការលក់ដីណាមួយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ទៅក្រុមហ៊ុនកាស៊ីណូនេះ។
ក្រសួងធម្មការនិងសាសនា បានអះអាងជាដដែលៗថា ក្រសួងមិនបានលក់ផ្នែកណាមួយនៃដីរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យទៅក្រុមហ៊ុន Naga Corp ទេ ហើយអះអាងថា ក្រុមហ៊ុននេះគ្រាន់តែកំពុងជួយរាជរដ្ឋាភិបាលសាងសង់អនុស្ថានីយអគ្គិសនីដែលនឹងប្រើដើម្បីផ្តល់អគ្គិសនីទៅកាស៊ីណូណាហ្គា ទី២ ថ្មីនៅផ្លូវម្ខាងទៀត។
ប៉ុន្តែកាលម្សិលមិញមេដឹកនាំបណ្តាញព្រះសង្ឃឯករាជ្យព្រះតេជគុណ ប៊ុត ប៊ុនតិញ បានអំពាវនាវឲ្យក្រសួងធម្មការបង្ហាញឯកសារពេញលេញអំពីកិច្ចព្រមព្រៀង និងបានមានសង្ឃដីកាថា ក្រុមព្រះសង្ឃឯករាជ្យនឹងដាក់ញត្តិទៅព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ដើម្បីសុំព្រះរាជអន្តរាគមន៍ពីព្រះអង្គ។
ព្រះតេជគុណបានបន្តថា៖ «បន្ទាប់ពីយើងដាក់ញត្តិទៅព្រះមហាក្សត្រយើងនឹងយកញត្តិនោះ ទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីវិធានការឬធ្វើការស៊ើបអង្កេតទៅលើក្រសួងធម្មការនិងសាសនា ពីព្រោះអាត្មាបានឮថា ក្រសួងនេះពិតជាពុករលួយខ្លាំងណាស់»។
អ្នកនាំពាក្យរបស់ក្រសួងធម្មការនិងសាសនា លោក សេង សុមុនី មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ៕