ភ្នំពេញៈ បណ្តាញអ្នកបម្រើតាមផ្ទះកម្ពុជា បានទាមទារឲ្យរដ្ឋាភិបាល និងរដ្ឋមន្រ្តីក្រសួងការងារ ផ្តល់សច្ចាប័ននិងអនុវត្តអនុសញ្ញាអង្គការពលកម្មអន្តរជាតិលេខ ១៨០ សម្រាប់ពលករបម្រើការងារតាមផ្ទះ នៅថ្ងៃទិវាអ្នកបម្រើតាមផ្ទះអន្តរជាតិ នៅថ្ងៃចន្ទនេះ។
លោកស្រី វុន សម្ផស្ប ប្រធានបណ្តាញអ្នកបម្រើតាមផ្ទះកម្ពុជា បានថ្លែងកាលពីម្សិលមិញថា អ្នកបម្រើតាមផ្ទះប្រហែល ១០០ នាក់ នឹងប្រមូលផ្តុំគ្នានៅក្រសួងការងារ ដើម្បីដាក់ញត្តិទាមទារឲ្យផ្តល់សច្ចាប័នលើអនុសញ្ញាលេខ ១៨៩ ដែលនឹងការពារសិទិ្ធអ្នកបម្រើតាមផ្ទះ ដែលធ្វើការក្នុងប្រទេសដែលបានផ្តល់សច្ចាប័នប្រាក់ឈ្នួលអប្បបរមា រយៈពេលឈប់សម្រាក ១ ថ្ងៃនិងបញ្ឈប់ការកេងប្រវ័ញ្ចមកលើអ្នកបម្រើតាមផ្ទះ។
លោកស្រីបានបញ្ជាក់ថា៖ «ខ្ញុំចង់ស្នើរដ្ឋមន្រ្តីចាត់វិធានការផ្លូវច្បាប់ និងរដ្ឋបាល ដើម្បីការពារសិទិ្ធអ្នកបម្រើតាមផ្ទះ ដូចជា សិក្សាស្រាវជ្រាវអំពីស្ថានការណ៍របស់អ្នកបម្រើតាមផ្ទះនៅកម្ពុជា និងកំណត់ប្រាក់ឈ្នួលអប្បបរមាផ្តល់សច្ចាប័នលើអនុសញ្ញាលេខ ១៨៩ ដាក់ការងាររបស់ពួកគេក្នុងរបបជាតិសន្តិសុខសង្គម និងចំណុចដទៃទៀត»។
ក្រុមនៃបណ្តាញអ្នកបម្រើតាមផ្ទះកម្ពុជា បានរៀបចំកិច្ចប្រជុំស្តីពីសកម្មភាពត្រៀមសម្រាប់ទិវាអ្នកបម្រើតាមផ្ទះអន្តរជាតិហើយពួកគេបានចែកខិត្តប័ណ្ណរាប់រយសន្លឹក និងសេចក្តីប្រកាសដល់ម្ចាស់ផ្ទះ ដើម្បីឲ្យពួកគេដឹងអំពីសិទិ្ធរបស់កម្មករ។
លោកស្រី វុន សម្ផស្ស បានថ្លែងថា៖ «យើងបានចែកជូនអាជីវករនៅផ្សារ និងម្ចាស់ផ្ទះភាគច្រើន។ បណ្តាញរបស់យើងធ្វើការជាមួយនឹងកម្មករក្នុងប្រទេសយើងប៉ុណ្ណោះ ហើយកម្មករមួយចំនួនក៏ធ្លាប់បម្រើតាមផ្ទះនៅ ប្រទេសម៉ាឡេស៊ី ផងដែរ»។
លោកស្រីបានបន្ថែមថា បណ្តាញមានសមាជិក ៣៦៨ នាក់ហើយអ្នកបម្រើតាមផ្ទះនៅក្នុងប្រទេសមានចំនួនប្រហែល ២៤០ ០០០ នាក់។
លោកស្រីបានបញ្ជាក់ថា៖ «ពួកគេភាគច្រើនមកពីគ្រួសារក្រីក្រនិងមានការអប់រំទាប»។
លោកស្រីបានបន្ថែមថា ពួកគេអាចរកប្រាក់ចំណូលបានតិចជាង ៥០ ដុល្លារទៅ ១៥០ ដុល្លារក្នុងមួយខែ។ លោកស្រីឲ្យដឹងទៀតថា៖ «ចំពោះកម្មករដែលបម្រើតាមផ្ទះជនបរទេសទទួលបានប្រាក់ឈ្នួលខ្ពស់ជាងនេះ»។
អ្នកបម្រើតាមផ្ទះម្នាក់អាយុ ២២ ឆ្នាំដែលបដិសេធមិនបញ្ចេញឈ្មោះ បានថ្លែងកាលពីម្សិលមិញថា កញ្ញាបានធ្វើការជាង ១០ ម៉ោងក្នុងមួយថ្ងៃ ដោយទទួលបានប្រាក់ឈ្នួលជាង ៥០ ដុល្លារក្នុងមួយខែ។
កញ្ញាបានថ្លែងឲ្យដឹងបន្ថែមទៀតថា៖ «វាពិតជាល្អ ប្រសិនបើអ្នកបម្រើតាមផ្ទះអាចរកបានប្រាក់ឈ្នួលកាន់តែខ្ពស់ ព្រោះវាសមនឹងការងារដែលខ្ញុំធ្វើរៀងរាល់ថ្ងៃ។ ខ្ញុំត្រូវក្រោកនៅម៉ោង ៤ កន្លះ ឬ ៥ ដើម្បីធ្វើការងារដូចជាបោសសម្អាតផ្ទះ បោកសម្លៀកបំពាក់ ចម្អិនអាហារ និងមើលកូនរបស់ម្ចាស់ផ្ទះ»៕