
ភ្នំពេញៈ ក្រុមបណ្ដាញអង្គការស្ត្រីចំនួន២១ ដែលធ្វើការផ្ដោតទៅលើសមភាពយេនឌ័រ កាលពីម្សិលមិញបានចេញសេចក្តីថ្លែងការណ៍រិះគន់ទៅលើការបង្ក្រាបក្រុមបាតុកររបស់សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃពុធថា គឺជាការប្រព្រឹត្តអំពើហិង្សាមួយប្រឆាំងនឹងស្ត្រី។
សេចក្ដីថ្លែងការណ៍រួម ថ្លែងក្នុងសន្និសីទកាសែតដោយអ្នកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិឌ្ឍន៍ដើម្បីកម្ពុជានៅឯភោជនីយដ្ឋានសួនអេដេន រាជធានីភ្នំពេញកាលពីម្សិលមិញ បានចាត់ទុកការប្រើឡានទឹកជាមធ្យោបាយប្រឆាំងក្រុមអ្នកតវ៉ាជាស្ត្រីមកពីសហគមន៍បឹងកក់ បុរីកីឡា និងថ្មគោល ដែលទាមទារឲ្យមានដំណោះស្រាយដីធ្លី ផ្ទះសម្បែងជូនពួកគេនោះថា ជាការប្រើអំពើ«ហិង្សា»ប្រឆាំងស្ត្រី។
អ្នកស្រី ថ្លែងបន្តថា ការប្រើឡានបាញ់ទឹកមានកម្លាំងខ្លាំងទៅលើក្រុមអ្នកតវ៉ាអហិង្សាជា ស្ត្រី គឺជាការរំលោភសិទ្ធិធ្ងន់ធ្ងរ ហើយក៏បង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាពុំមានឆន្ទៈក្នុងការដោះស្រាយបញ្ហាជម្រកជូនពលរដ្ឋផងទេ។
អ្នកស្រី លើកឡើងថា៖ «ការប្រើអំពើហិង្សាលើស្ត្រីនៅតែបន្តកើតមាន ជាការផ្ទុយទៅនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការលុបបំបាត់លើទម្រង់រើសអើងលើស្ត្រី...ផ្ទុយពីគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រនារីរតនៈជំហានទី៣»។
កាលពីថ្ងៃពុធ កម្លាំងសមត្ថកិច្ចរាជធានីបានប្រើឡានទឹកចំនួនបីគ្រឿងបាញ់ទឹកបំបែកក្រុមអ្នកតវ៉ាជាស្ត្រីមកពីសហគមន៍បឹងកក់ បុរីកីឡា និងថ្មគោល បណ្ដាលឲ្យស្ត្រីម្នាក់សន្លប់ និងជាច្រើនប៉ើងដួលបោកខ្លួនទៅនឹងទ្រូងផ្លូវ នៅ ពេលពួកគាត់ឈរនិងអង្គុយបិទផ្លូវព្រះមុនីវង្សនៅមុខច្រកទ្វារចូលសាលារាជធានីភ្នំពេញ។
លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីមិនអាចទាក់ទងបានទេកាលពីម្សិលមិញ ប៉ុន្តែនៅថ្ងៃកើតហេតុលោកអះអាងថា វាជាជម្រើសចុងក្រោយរបស់ក្រុមសមត្ថកិច្ចលោក ដែលត្រូវតែធ្វើដើម្បីរក្សាសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ និងសម្រួលចរាចរណ៍នៅលើដងវិថីនេះ ជូនសាធារណជន។
លោកបញ្ជាក់ថា៖ «ខ្ញុំសំណូមពរហើយសំណូមពរទៀត ថាដាច់ខាតមិនឲ្យបិទផ្លូវនេះទេ ព្រោះប្រជាពលរដ្ឋជាច្រើនគេធ្វើដំណើរតាមផ្លូវនេះ។ នេះជាការគោរពសិទ្ធិទូទៅមិនមែនគោរពសិទ្ធិតែបុគ្គលប៉ុន្មាននាក់ ដែលប៉ះពាល់ផលប្រយោជន៍គាត់ហើយធ្វើឲ្យរាំងស្ទះដល់ប្រយោជន៍ពលរដ្ឋទូទាំងប្រទេសបានទេ»។
លោកបានបន្តថា កម្លាំងលោកមានតួនាទីក្នុងការការពារសុវត្ថិភាព សន្តិសុខ និងរបៀបរៀបរយសាធារណៈ ដូច្នេះពុំអាចឲ្យប្រជាពលរដ្ឋធ្វើបាតុកម្ម ឬកូដកម្មបិទផ្លូវបានទេ ណាមួយជាផ្លូវធំដែលប្រតិភូជាតិ និងអន្តរជាតិធ្វើចរាចរណ៍ទៅមកដើម្បីបំពេញការងារ ហើយច្បាប់ប្រឆាំងបាតុកម្មមាន។
លោកបន្តថា៖«បើមានទម្លាប់ឲ្យតែបាតុកម្មបិទផ្លូវ តើសិទ្ធិសេរីភាពប្រជាពលរដ្ឋទូទៅក្នុងការប្រើប្រាស់ផ្លូវដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញប៉ះពាល់ទេ?»។
អ្នកស្រី ធីតា ឃឹះ នាយិកាអង្គការសីលកានិងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការលើកស្ទួយស្រ្តីក្នុងវិស័យនយោបាយ (គ.ស.ន) បានសម្ដែងការសោកស្ដាយនឹងខកចិត្តជាខ្លាំងនឹងចំណាត់ការបែបនេះមកលើស្ត្រី។
អ្នកស្រីថ្លែងថា៖«វិធានការនេះ យើងខ្ញុំពិតជាមិនអាចទទួលយកបានទេ»។ អ្នកស្រ្តីថា ដើមហេតុនៃទំនាស់អូសបន្លាយដ៏រ៉ាំរ៉ៃយូរឆ្នាំនេះ គឺមកពីអាជ្ញាធរខ្វះឆន្ទៈក្នុងការដោះស្រាយនិងធ្វើមិនអើពើព្រោះ ខ្លាចបាត់បង់នូវផលប្រយោជន៍ក្នុងប្រការណាមួយ។
អ្នកស្រីបញ្ជាក់ថា៖ «ការអូសបន្លាយពេលវេលាដោះស្រាយពីមួយឆ្នាំទៅមួយឆ្នាំ គឺជាការរុញច្រានប្រជាពលរដ្ឋឲ្យធ្លាក់ចូលទៅក្នុងស្ថានភាពមួយ ដែលធ្វើឲ្យពួកគាត់អស់ក្ដីសង្ឃឹម និងគ្មានផ្លូវដើរក្រៅពីដើរតវ៉ាគ្រប់ទីកន្លែងទាមទារឲ្យដោះស្រាយឲ្យគាត់»។
អ្នកស្រី ង៉ែត ឃុន អាយុ៧២ឆ្នាំ នៅសហគមន៍បឹងកក់ប្រាប់ថា គាត់ត្រូវគេបាញ់ទឹកឲ្យប៉ើងដួលច្រើនត្រឡប់ក្នុងក្រុមស្ត្រី១០០នាក់ដែលមកសុំឲ្យលោកអភិបាលរាជធានី ប៉ា សុជាតិវង្ស ដោះស្រាយបញ្ហាដីធ្លី ឲ្យបានមុនថ្ងៃបោះឆ្នោតព្រោះថា ជាង៦ឆ្នាំហើយដែលគាត់រង់ចាំ ប៉ុន្តែជាលទ្ធផលបានរងតែការបង្ក្រាបពីអាជ្ញាធរ និងការចាប់ដាក់គុកដោយចោទប្រកាន់ពាក់ព័ន្ធបញ្ហាផ្សេងទាំងអយុត្តិធម៌ទៅវិញ៕