ភ្នំពេញៈ បណ្តា​ប្រទេស​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​ចេញ​ពី​តំបន់​ត្រីកោណមាស និង​ការនាំចូល​សារធាតុ​គីមី​ផ្សំ​ដើម្បី​ផលិត​គ្រឿងញៀន ខណៈ​ដែល​ការបង្ក្រាប​គ្រឿងញៀន​ដែល​មាន​ទម្ងន់​លើសពី​ ១​ ​គីឡូក្រាម​បាននិង​កំពុង​កើនឡើង​។

នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ថ្លែងប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា យោង​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​បូកសរុប​ការអនុវត្ត​គម្រោង​សុវត្ថិភាព​ទន្លេមេគង្គ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​កាលពី​ថ្ងៃទី​ ២៩ ខែ​វិច្ឆិកា ប្រទេស​ទាំងអស់​ក្នុង​តំបន់​ទន្លេមេគង្គ​មាន​ចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម​បាន​វាយតម្លៃ​នូវ​ស្ថានភាព​គ្រឿងញៀន​នាពេល​បច្ចុប្បន្ន​ដែល​បាននិង​កំពុង​តែ​កើនឡើង​និង គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​ប្រទេស​នៅតាម​តំបន់​ទន្លេមេគង្គ​។

លោក​បន្តថា ប្រទេស​ទាំង​ ៦ ក្នុង​តំបន់​ទន្លេមេគង្គ​ក្នុង​រយៈពេល ៣ ​ខែ​ដើមឆ្នាំ​ ២០១៩ ​បង្ក្រាបបាន​បទល្មើស​គ្រឿងញៀន​ដែល​មាន​ទម្ងន់​លើសពី​ ១ ​គីឡូក្រាម ​រហូត​ដល់​ជាង ៣ ១៩៨ ​ករណី ​ដែល​ក្នុងនោះ​ឃាត់​ខ្លួន​ជនសង្ស័យ​រហូតដល់​ទៅ ៣ ៤៤០ ​នាក់​ គឺ​មាន​ការកើនឡើង បើ​ប្រៀបធៀប​រយៈពេល​ ៣ ​ខែ​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។

លោក​ថា​៖ «​ក្រុមឧក្រិដ្ឋជន​នៅតែ​មាន​មហិច្ឆតា​ក្នុង​ការផលិត​គ្រឿងញៀន​ពី​ការផលិត​វា​អស់​តម្លៃថោក​ដល់​លក់​ចេញ​បាន​ចំណេញ​ច្រើន​។ បើ​និយាយ​ទៅ​គេ​ចំណាយ​តែ​ ៣០០ ​ដុល្លារ​ក្នុង​ការផលិត​គ្រឿងញៀន​ ១ ​គីឡូក្រាម​។ បើ​គេ​លក់​នៅ​ប្រទេស ជប៉ុន ឬ​អូស្ត្រាលី គេ​អាច​លក់​បាន​ដល់​ទៅ ៧០ ឬ​ ៨០ ​ម៉ឺន​ដុល្លារ ហើយ​បើ​នៅ​កម្ពុជា​បាន​តម្លៃ​ពី​ ៣ ​ទៅ​ ៥ ​ម៉ឺន​ដុល្លារ​ដែល​ជា​ហេតុ​ធ្វើឲ្យ​ពួកឧក្រិដ្ឋជន​ហ៊ាន​ប្រថុយ​»​។

លោក​ វីរិទ្ធ ​ឲ្យ​ដឹង​ទៀត​ថា​ ប្រទេស​ដែល​មាន​ចំនួន​ករណី​បង្ក្រាប​គ្រឿងញៀន​លើស​ពី ១ ​គីឡូក្រាម​ច្រើន​ជាង​គេ​ គឺ​ប្រទេស ​ចិន ភូមា និង​ប្រទេស​ ថៃ ដោយសារ​តែ​ប្រទេស​ទាំងនេះ​មាន​ប្រជាជន​ច្រើន ខណៈ​ដែល​ប្រទេស ​កម្ពុជា​មាន​ចំនួន​តែ​ ១៩ ​ករណី​ ដោយសារ​តែ​ក្រុម​ឧក្រិដ្ឋជន​មិនទាន់​ចាក់ឫស​ជ្រៅ​ និង​ទីផ្សារ​តូច និង​ដោយសារ​តែ​ប្រទេស​កម្ពុជា​បាននិង​កំពុង​ខិតខំ​លុបបំបាត់​ឧក្រិដ្ឋជន​គ្រឿងញៀន និង​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​។

លោក​បន្តថា​ មាន​ការចាប់​ និង​ដកហូត​គ្រឿងញៀន​គ្រប់​ប្រភេទ​មាន​ការកើនឡើង​ក្នុង​បណ្តាប្រទេស​តាម​ដង​ទន្លេ​មេគង្គ ខណៈ​ពេល​ពួកក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ចេះតែ​ពង្រីក​ឥទ្ធិពល​ក្នុង​ការផលិត​ និង​ចែកចាយ​ថែមទាំង​បំពាក់អាវុធ​ថែមទៀតផង​។

លោក​បញ្ជាក់ថា​៖ «​យើង​ខិតខំ​ធ្វើយ៉ាងណា​រួមសហការ​គ្នា​ពាក់ព័ន្ធ​នឹង​ការចែករំលែក​ព័ត៌មាន​ដើម្បី​ឲ្យ​ទាន់​សភាពការណ៍ ហើយ​ខិតខំ​ទប់ស្កាត់​ការហូរ​ចេញ​គ្រឿងញៀន​ពី​តំបន់​ផលិត​ដែល​ហៅថា​តំបន់​ត្រីកោណមាស​ និង​ទីផ្សារ​នៃ​ការប្រើប្រាស់​ការជួញដូរ​។ យើង​ខិតខំ​ទប់ស្កាត់​ការនាំ​ចូល​សាធាតុគីមី​ផ្សំ​សម្រាប់​ផលិត​គ្រឿងញៀន​ពី​ប្រទេស​ចិន​ និង​ឥណ្ឌា​»​។

លោក​បន្ថែមថា ប្រទេស​ទាំង​ ៦ តាម​បណ្តោយ​ទន្លេមេគង្គ​ប្តេជ្ញា​រួមគ្នា​បង្ការ​ទប់ស្កាត់​បង្ក្រាប​ការនាំចេញ​គ្រឿងញៀន​ពី​តំបន់​ត្រីកោណមាស និង​ការនាំចូល​សារធាតុ​គីមី​ផ្សំ​ទៅ​កាន់​តំបន់​ត្រីកោណមាស​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ចូលរួម​ចំណែក​កាត់បន្ថយ​នូវ​ហានិភ័យ​រក្សា​សុខុមាលភាព សន្តិសុខ​សណ្តាប់ធ្នាប់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​។ ការពង្រីក​វិធានការ​នេះ ដោយសារ​តែ​ការផលិត​ ការ​ចរាចរ​គ្រឿងញៀន​សំយោគ កាន់តែ​គំរាមកំហែង​ដល់​សុខុមាលភាព សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​របស់​ប្រជាពលរដ្ឋ​ទូទាំង​ក្នុង​តំបន់​ដោយ​ត្រូវតែ​ពង្រឹង ពង្រីក​បន្ថែម​ទៀត​លើ​កិច្ចសហការ​រួមគ្នា​ទប់ស្កាត់​និង​បង្ក្រាប​។

លោក​ មាស សុវណ្ណ ប្រធាន​សមាគម​សង្គ្រោះ​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​កម្ពុជា​បាន​ថ្លែងថា ការជួញដូរ​គ្រឿងញៀន​នៅក្នុង​ប្រទេស​កម្ពុជា មាន​ទ្រង់ទ្រាយ​តូចៗ​ដែល​ពិបាក​ក្នុង​ការបង្ក្រាប ហើយ​ការប្រើប្រាស់​គ្រឿងញៀន​ហាក់​មិន​មាន​ការថមថយ​ទេ ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សង្គម​បើទោះបី​ជា​មាន​ការប្តេជ្ញាចិត្ត​ខ្លាំង​ពី​រដ្ឋាភិបាល​ក៏ដោយ​។

លោក​បន្តថា​៖ «​គ្រឿងញៀន​ឥឡូវ​បាន​រីក​រាលដាល​ដល់​ជនបទ ឲ្យ​តែ​កន្លែង​ណា​ដែល​មាន​មនុស្ស​រស់នៅ​គឺ​វា​ក៏​ទៅដល់​កន្លែង​នោះដែរ​ដែល​រដ្ឋាភិបាល​បាន​កំពុង​យកចិត្ត​ទុកដាក់​ក្នុង​ការទប់ស្កាត់ ការជួញដូរ​គ្រឿងញៀន និង​ការប្រើប្រាស់​គ្រឿងញៀន​»​។

លោក​បន្តថា​ សមត្ថកិច្ច​ត្រូវ​រក​ប្រភព​កន្លែង​កែច្នៃ​ផលិត​គ្រឿងញៀន និង​កន្លែង​ស្តុក​គ្រឿងញៀន​ធំៗ​ព្រម​ទាំង​ត្រូវ​ស្វែងរក​មេខ្លោង​ដែល​ធ្វើការ​ចែកចាយ​គ្រឿងញៀន​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​ត្រូវ​ផ្តន្ទាទោស​ធ្ងន់ធ្ងរ​ចំពោះ​មន្ត្រី​ណា​ដែល​ធ្វើការ​អន្ដរាគមន៍​ចំពោះ​ឧក្រិដ្ឋជន​គ្រឿងញៀន​ហើយ​តុលាការ មិន​ត្រូវ​បន្ធូរបន្ថយ​អ្នក​ជាប់ទោស ដោយសារ​គ្រឿងញៀន​នោះ​ទេ​។

កាលពី​ថ្ងៃទី ២៤ ខែ ​វិច្ឆិកា ឆ្នាំ​ ២០១៩ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​នៅក្នុង​ទិវា​អន្ដរជាតិ រំឭក​ជនរងគ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​ ១៤ ថា​៖ «​មកដល់​ពេល​នេះ យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ហាក់បី​ដូចជា​អាច​និយាយ​បាន​ថា យើង​ទទួល​ជោគជ័យ​មួយផ្នែកធំ​។ នេះ​ជាការ​សន្និដ្ឋាន​វាយតម្លៃ​ជាបឋម​ដោយសារ​អី​? ​ដោយសារ​យើង​បាន​បង្ក្រាប​នៅ​រង្គសាល​បែងចែក​គ្រឿងញៀន​ធំៗ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​។ យើង​បាន​រឹបអូស​ចាប់​គ្រឿងញៀន​សរុប​ ១ ​តោន មិនធម្មតា​ទេ​។ តាម​ច្រក​ផ្លូវគោក​ពី​ប្រទេស​ឡាវ​មក​ផង ហើយ​ច្រក​ផ្ញើ​តាម​ប្រៃសណីយ៍ និង​តាម​ច្រក​ព្រលានយន្ដហោះ​ផង សរុប​តួលេខ​យើង​ចាប់បាន​ ១ ​តោន​»​។

លោក​បន្តថា​ គ្រឿងញៀន​​ ១ ​តោន​នេះ​ មិនមែន​ប្រើប្រាស់​សម្រាប់​តែ​កម្ពុជា​ទេ​តែ​សម្រាប់​ចែកចាយ​ទៅ​ប្រទេស​ជិតខាង​ដូចជា​វៀតណាម ថៃ ជាដើម​។ លោក​ថា បើសិន​សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​មិនបាន​ដោះស្រាយ​ទាន់​ពេលវេលា​ទេ ចរាចរណ៍​គ្រឿងញៀន​នឹង​រីករាលដាល​ដល់​ជនបទ​បន្ថែម​ទៀត​។

បើ​យោងតាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា ការបង្ក្រាប​គ្រឿងញៀន​ទូទាំង​ប្រទេស​នៅ​ថ្ងៃទី​ ៣០ ខែ​វិច្ឆិកា បាន​ចំនួន ២៣ ​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៥៦ នាក់​ (​ស្រី​ ៩ ​នាក់​)​។ ក្នុងចំណោម​ជនសង្ស័យ​ឃាត់ខ្លួន​ទាំង ៥៦ ​នាក់​ មាន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន ៤៤ ​នាក់ និង​ប្រើប្រាស់​ ១២ ​នាក់​៕

វីដេអូ៖