សៀមរាបៈ ក្រុមគ្រូពេទ្យ​មកពី​ប្រទេស​ ជប៉ុន​ សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​ ១ ​ថ្ងៃ​ស្ដីពី​ការជួយសង្គ្រោះ​បឋម​ដល់​ភ្នាក់ងារ​ទេសចរណ៍​ ៣០ ​នាក់ និង​សណ្ដាប់ធ្នាប់​ ១០ ​នាក់​។ វគ្គ​បណ្ដុះបណ្ដាល​នេះ​គឺ​ផ្ដោតលើ​មេរៀន​សំខាន់ៗ​ដូចជា ការធ្វើ​ចលនា​បេះដូង របៀប​រុំ​របួស និង​ការលើក​ជនរងគ្រោះ​ដាក់លើ​គ្រែស្នែង​ជាដើម​។

ទំព័រ​ហ្វេសប៊ុក​របស់​អាជ្ញាធរ​ជាតិអប្សរា​បាន​ផ្សាយ​នា​ចុងខែ​មុន​ថា វគ្គ​សង្គ្រោះ​បឋម​ដល់​ភ្នាក់ងារ​ទេសចរណ៍​ប្រចាំ​ប្រាសាទ គោលដៅ​ដែល​បណ្ដុះបណ្ដាល​ដោយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​មកពី​ប្រទេស​ជប៉ុន​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ២៤ ខែ​កុម្ភៈ​។

លោក​ សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​លើកឡើង​ថា ការរៀបចំ​វគ្គ​សង្គ្រោះបឋម​នេះ​បាន​ធ្វើ​ឡើង​ចំនួន​ ៤ ​លើក​រួច​មកហើយ​ដែល​អ្នក​ចូលរួម​សរុប​ ១៦០ ​នាក់​។ សម្រាប់​វគ្គ​នេះ​គឺជា​លើក​ទី​ ៥ ដែលមាន​អ្នកចូលរួម​ ៤០ ​នាក់​ក្នុង​នោះ​ភ្នាក់ងារ ទេសចរណ៍​ ៣០ ​នាក់ និង​សណ្តាប់ធ្នាប់​ ១០ ​នាក់​។ លោក​បាន​បន្តថា វគ្គ​បណ្ដុះបណ្ដាល​នេះ​ត្រូវ​ធ្វើឡើង​ ២ ​ដង​ក្នុង​ ១ ​ឆ្នាំ​នៅ​រៀងរាល់​ខែ​កុម្ភៈ និង​ខែកក្កដា​។

លោក​បាន​ថ្លែងថា​៖ «​ការផ្តល់​ចំណេះដឹង​ផ្នែក​សង្គ្រោះ​បឋម​ដល់​ភ្នាក់ងារ​ទេសចរណ៍​តាម​ប្រាសាទ​ជា​ភារកិច្ច​ចាំបាច់​បំផុត​សម្រាប់​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បីឱ្យ​ភ្នាក់ងារ​ទេសចរណ៍​អាច​មើលថែ និង​ជួយសង្គ្រោះ​ភ្ញៀវទេសចរ​បាន​ទាន់​ពេលវេលា ករណី​ភ្ញៀវ​ជួប​គ្រោះថ្នាក់​ជាយថាហេតុ​។ កាយវិការ និង​ការគិតគូរ​ពី​សុខទុក្ខ សុវត្ថិភាព​ចំពោះ​ភ្ញៀវ​ដូច្នេះ​កន្លងមក​ទទួល​បាន​ការគាំទ្រ​ការថ្លែង​អំណរគុណ និង​ការកោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​ស្ថាប័ន​មួយ​នេះ​»​។

តួលេខ​របស់​គ្រឹះស្ថាន​អង្គរ​បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ ​២០១៩ រមណីយដ្ឋាន​អង្គរ ទទួល​បាន​ភ្ញៀវទេសចរ​បរទេស​ជាង​ ២ ​លាន (២ ២០២ ៦៩៧) ​នាក់​ដោយ​ទទួលបាន​ចំណូល​ជិត​ ១០ ​លាន​ (៩៩ ០៨៨ ៨៩៤) ​ដុល្លារ​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​ចំនួន​ភ្ញៀវទេសចរ​បាន​ចុះ​ ១៤,៨៦% បើ​ប្រៀបធៀប​ឆ្នាំ​ ២០១៨​។

កាលពី​ចុងខែ​មុន​លោក​ ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិអប្សរា​បាន​ថ្លែងថា រាល់​ប្រាសាទ​គឺ​មាន​ភ្នាក់ងារ​ប្រចាំការ​ដើម្បី​ជួយសង្គ្រោះ​បឋម​ទៅដល់​ភ្ញៀវទេសចរ​។ ប៉ុន្តែ​មិនមាន​តួលេខ​អំពី​ចំនួន​ភ្នាក់ងារ​ទេសចរណ៍ ឬ​ចំនួន​ភ្ញៀវទេសចរ​ប៉ុន្មាន​នាក់​ដែល​ធ្លាប់បាន​ជួយសង្គ្រោះ​បឋម​នាពេល​កន្លងមក​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​យើង​ [​មាន​] ភ្នាក់ងារ​ទេសចរណ៍​ច្រើន​នៅ​គ្រប់​ប្រាសាទ ហើយ​ពួកគេ​គ្រប់គ្នា​ គឺ​សុទ្ធ​ទទួល​បាន​ការបណ្ដុះបណ្ដាល​ស្ដីពី​ការសង្គ្រោះ​បឋម​ហ្នឹង​»​។

កាលពី​ពេល​ថ្មីៗ​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ក្រសួងទេសចរណ៍ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​យុទ្ធនាការ​ដើម្បី​រៀបចំ​សកម្មភាព និង​ព្រឹត្តិការណ៍​នានា ដូចជា អង្គរ​សង្ក្រាន្ត ពិធីបុណ្យ​ប្រពៃណី សាសនា កម្មវិធី​កីឡា ការប្រគំ​តន្ត្រី ការ​បញ្ចាំងភាពយន្ត និង​ការបង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ជាដើម ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។

លោក​ ហ៊ុន សែន ក៏បាន​ណែនាំ​ឱ្យ​រក្សា​តម្លៃ​សំបុត្រ​ចូល​ទស្សនា​អង្គរ និង​ថែមទាំង​អនុញ្ញាត​ឱ្យ​អ្នកទិញ​សំបុត្រ​ចូលទស្សនា​សម្រាប់​ ១ ​ថ្ងៃ​គឺ​អាច​ចូល​ទស្សនា​បាន​ ២ ​ថ្ងៃ​។ សំបុត្រ​សម្រាប់​ ៣ ​ថ្ងៃ​អាច​ចូល​ទស្សនា​ ៥ ​ថ្ងៃ និង​សំបុត្រ​សម្រាប់​ ៧ ​ថ្ងៃ​គឺ​អាច​ចូល​ទស្សនា​ ១០ ​ថ្ងៃ ដើម្បី​ទាក់ទាញ​ទេសចរ​ឱ្យ​ស្នាក់នៅ​បន្ថែម​នៅ​កម្ពុជា​។

ការណែនាំ​របស់​នាយករដ្ឋមន្ត្រី​បែបនេះ​បាន​ធ្វើ​ឡើង​ស្របពេល​ចំនួន​ភ្ញៀវទេសចរ​កំពុង​ថយចុះ​យ៉ាងខ្លាំង ដោយសារ​ប្រទេស​ ចិន និង​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​ពិភពលោក​កំពុង​រាតត្បាត​កាន់តែ​ខ្លាំង​ឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី​ ឬ​ Covid-19៕