ស្ទឹងត្រែងៈ រដ្ឋបាល​ជលផល​ខេត្ដ​ស្ទឹងត្រែង​បាន​បើក​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ ២ ​ថ្ងៃ​ពី​ថ្ងៃ​ទី​ ១៥-១៦ ខែមិថុនា ពង្រឹង​សមត្ថភាព​ដល់​សហគមន៍​នេសាទ​ចំនួន​ ៥២ នៅ​ទូទាំង​ខេត្ត​នេះ​ដើម្បី​បង្កើន​មធ្យោបាយ​ការពារ និង​អភិរក្ស ធនធាន​ជលផល និង​ពូជ​ត្រី​នៅ​តាម​ដែន​នេសាទ​ក្នុង​សហគមន៍​នីមួយៗ​។ នេះ​បើតាម​លោក​ ទុំ នីរ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្ត​ស្ទឹងត្រែង​ប្រាប់​ពី​ម្សិលមិញ​។

ក្រោយ​បញ្ចប់​ការបណ្ដុះបណ្ដាល​ដល់​សហគមន៍​នេសាទ​ទាំង​ ៥២ ក្នុង​ខេត្ដ​ស្ទឹងត្រែង​ពី​ម្សិលមិញ លោក​ ទុំ នីរ៉ូ ថ្លែងថា បើ​គិត​ចាប់ពី​ឆ្នាំ​ ២០១៧-២០១៨ ករណី​បទល្មើស​នេសាទ​មាន​ការកើតឡើង​ច្រើន​ករណី​។ ក្រោយ​មាន​ការបណ្ដុះបណ្ដាល​អំពី​មធ្យោបាយ​ការពារ និង​អភិរក្ស​ធនធាន​ជលផល និង​ពូជត្រី​ដល់​សហគមន៍​ជា​បន្ដបន្ទាប់ រហូត​ដល់​ឆ្នាំ​ ២០១៩ និង​ពាក់កណ្ដាល​ឆ្នាំ ២០២០ បទល្មើស​នេសាទ​ក្នុង​សហគមន៍ ដូចជា ឆក់​ត្រី និង​ការដាក់​សំណាញ់ មង អួន ល្មើសច្បាប់​គឺ​នៅ​មាន​តិចតួច​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​ការបណ្តុះបណ្តាល​រយៈពេល​ ២ ​ថ្ងៃ ១៥-១៦ ខែ​មិថុនា​នេះ យើង​ពង្រឹងសមត្ថភាព​ដល់​សហគមន៍​នេសាទ​ទាំង​ ៥២ ​នៅ​ទូទាំង​ខេត្តស្ទឹងត្រែង និង​សហគមន៍​ចំនួន​ ៤ ​ទៀត​ដែល​កំពុង​រៀបចំ​បង្កើតឡើង ដើម្បី​ឱ្យ​ពួកគាត់​មាន​សមត្ថភាព​មាន​ចំណេះដឹង​កាន់តែ​ច្រើន​ឡើង​ក្នុង​ការឆ្លើយតប​ទៅនឹង​ការថែរក្សា ការការពារ​ធនធាន​ជលផល​ក្នុង​ដែននេសាទ​ក្នុង​សហគមន៍​នីមួយៗ​»​។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​រូបនេះ​ឲ្យ​ដឹងថា ទោះបី​ជា​មាន​ការអប់រំ​ផ្សព្វផ្សាយ​ពី​រដ្ឋបាល​ជលផល​ទៅ​ដល់​សហគមន៍​ជា​បន្តបន្ទាប់​ក្តី ប៉ុន្ដែ​បទល្មើស​នេសាទ​លក្ខណៈ​គ្រួសារ​មិនអាច​ទប់ស្កាត់​បាន​ ១០០ ​ភាគរយ​នោះទេ​។ លោក​ថា​៖ «​កាលពី​ ៣ ​ឆ្នាំ​មុន​ក្នុង​ ១ ​ឆ្នាំ​យើង​ឃាត់​បាន​ករណី​បទល្មើស​នេសាទ​ពី​ ២០០ ទៅ ៣០០ ​ករណី​។ ក៏ប៉ុន្ដែ​ក្នុង​ឆ្នាំ​ ២០១៩-២០២០ ​នេះ បទល្មើស​នៅក្នុង​រង្វង់​ប្រហាក់ប្រហែល​ ២០ ​ភាគរយ​ប៉ុណ្ណោះ​»​។

លោក​បញ្ជាក់ថា​៖ «​ការថយចុះ​នូវ​បទល្មើស​បែបនេះ ព្រោះតែ​ការអនុវត្ដ​ច្បាប់​បាន​តឹងរ៉ឹង​ចំពោះ​ជនល្មើស​។ នៅពេល​បង្ក្រាបបាន​គឺ​យើង​បញ្ជូន​ទៅ​តុលាការ​ជានិច្ច​»​។ លោក នីរ៉ូ បន្ថែម​ថា​គោលដៅ​ធំ​របស់​រដ្ឋបាល​ជលផល​គឺ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​យល់ដឹង​ពី​ផលប៉ះពាល់​នៃ​បទល្មើស​ជលផល និង​ការនេសាទ​ខុសច្បាប់​។ ធ្វើឱ្យ​ពលរដ្ឋ​ស្ម័គ្រចិត្ដ​បញ្ឈប់​ប្រព្រឹត្ដ​បទល្មើស​ដោយ​ខ្លួនឯង នោះ​ទើប​ការអនុវត្ត​ទប់ស្កាត់​បទល្មើស​នេសាទ​ទទួល​បាន​ជោគជ័យ​។

លោក​ឱ្យដឹងថា ក្នុង​ទឹកដី​ខេត្ត​ស្ទឹងត្រែង​មាន​ទន្លេ​ចំនួន​ ៤ បាន​ហូរ​កាត់ ដែល​មាន​ប្រវែង​ជិត​ ៥០០ ​គីឡូម៉ែត្រ ដែល​ភូមិសាស្ដ្រ​នេះ​ធ្វើ​ឱ្យ​មាន​ការលំបាក​ក្នុង​ការបង្ក្រាប និង​ទប់ស្កាត់​បទល្មើស​នេសាទ​នានា​។ កត្តា​នេះហើយ​ដែល​​រដ្ឋបាល​ជលផល​ចង់ឱ្យ​មាន​ការចូលរួម​ដោយផ្ទាល់​ពី​ប្រជាសហគមន៍​ក្នុង​ការទប់ស្កាត់​បទល្មើស​នេសាទ​នេះ​។

ប្រធាន​សហគមន៍​នេសាទ កោះព្រះ លោក​ ថេង ឌឿន ដែល​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​ ២ ​ថ្ងៃ​នេះ​ឱ្យដឹងថា​បទល្មើស​នេសាទ​ក្នុង​សហគមន៍​កោះព្រះ​មាន​ការថយចុះ​ច្រើន គឺ​នៅ​មាន​តែ​បទល្មើស​នេសាទ​តូចៗ​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ ដូចជា ការ​ដាក់មង​ជាដើម​។

លោក​ថ្លែងថា​៖ «​សហគមន៍​យើង​បាន​បន្ត​ធ្វើការ​ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​ដើម្បី​ឱ្យ​ពួកគាត់​យល់ដឹង​ពី​ច្បាប់​ជលផល និង​ផលប៉ះពាល់​នៃ​បទល្មើស​នេសាទ​ខុសច្បាប់​។ សហគមន៍​យើង​តែងតែ​ផ្ដល់​ឱកាស​ច្រើន​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​ដែល​បាន​ប្រព្រឹត្តល្មើស​ក្នុង​ដែន​នេសាទ​»​។

លោក​បញ្ជាក់ថា​៖ «​គឺ​យើង​តែងតែ​ធ្វើការ​ណែនាំ​ដល់​ពួកគាត់​ដើម្បី​ឱ្យ​ពួកគាត់​យល់ និង​ស្ម័គ្រចិត្ដ​បញ្ឈប់​។ ប៉ុន្ដែ​ពេលខ្លះ​ភាពខ្វះខាត​បាន​ធ្វើឲ្យ​ពួកគាត់​នៅតែ​បន្ត​ប្រព្រឹត្ដ​បទល្មើស​នេសាទ​បន្ថែមទៀត​»​។

លោក​ ថេង ឌឿន និយាយ​ថា​តាមរយៈ​កិច្ចប្រជុំ​តំណាង​សហគមន៍​បាន​ជួបប្រជុំ​គ្នា ពិភាក្សា​គ្នា​ក្នុង​ការបន្ត​ស្វែងរក​វិធីសាស្ដ្រ ការពារ ថែរក្សា​ធនធាន​ជលផល​នៅក្នុង​សហគមន៍​។ ក្នុងនោះ​គណៈកម្មការ​សហគមន៍​នេសាទ​កំពុង​រៀបចំ​បង្កើត​គម្រោង ចិញ្ចឹមសត្វ ដូចជា មាន់ ត្រី ជ្រូក នៅក្នុង​សហគមន៍​ដើម្បីឱ្យ​ពលរដ្ឋ​មាន​មុខរបរ​បញ្ឈប់​ការនេសាទ​ខុសច្បាប់​បន្ដទៀត​៕