The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បណ្តុះ​ជំនាញ​ដល់​ស្រ្តី ពន្លឿន​ការ​អភិវឌ្ឍ

បណ្តុះ​ជំនាញ​ដល់​ស្រ្តី ពន្លឿន​ការ​អភិវឌ្ឍ

បណ្តុះ​ជំនាញ​ដល់​ស្រ្តី ពន្លឿន​ការ​អភិវឌ្ឍ

120921_07
ស្ត្រីម្នាក់ កំពុងអង្គុយអាំងមឹកលក់ នៅឆ្នេរសមុទ្រខេត្តព្រះសីហនុកន្លងមក

ភ្នំពេញៈ អ្នក​ស្រី នាង បញ្ញា អាយុ​ ៤៨ ឆ្នាំ លក់​ទឹក​បរិសុទ្ធ និង​ភេសជ្ជៈក្នុង​ហាង​តាម​ផ្លូវ នៅ​ខេត្ត​តាកែវ។ ពេល​អ្នក​ស្រី​រៀន​ថ្នាក់​ទី៩ ម្តាយ​អ្នក​ស្រី​បាន​បង្ខំ​ឲ្យ​អ្នក​ស្រី​លះ​បង់​ការ​សិក្សា​ដើម្បី​អ្នក​ស្រី​អាច​ជួយ​ប្អូន​ប្រុស និង​បង​ប្អូន​ស្រី ៣ នាក់​ទៀត។

អ្នកស្រី បញ្ញា បាន​ថ្លែង​ថា៖ «​ខ្ញុំ​គ្មាន​ឱកាស​វិល​ត្រឡប់​ទៅ​សាលា​រៀន​តទៅ​ទៀត​ទេ។ ម្តាយ​របស់​ខ្ញុំ​គ្រាន់​តែ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ត្រូវ​ឈប់​រៀន ព្រោះ​យើង​ក្រីក្រ»។ អ្នក​ស្រី បញ្ញា បាន​បន្ថែម​ថា ប្រសិន​បើ​អ្នក​ស្រី​មាន​ឱកាស អ្នក​ស្រី​ចង់​រៀន​យក​ជំនាញ​ណា​មួយ ហើយ​ធ្វើការ​ក្នុង​ការិយា​ល័យ។ ប៉ុន្តែ​ចំពោះ​ស្រ្តី​កម្ពុជា​ជា​ច្រើន​ដែល​កំពុង​ប្រយុទ្ធ​នឹង​ភាព​ក្រីក្រ បញ្ហា​ចិញ្ចឹម​ជីវិត​ជា​បញ្ហា​អាទិភាព​លើ​ការ​អប់រំ។

ផែនការ​សកម្មភាព​នៃ​ក្រប​ខ័ណ្ឌ​ពន្លឿន​ការ​សម្រេច​គោល​ដៅ​សហស្ស​វត្សរ៍​ដែល​បង្ហាញ ​ដោយ​ក្រសួង​កិច្ចការ​នារី និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ថ្ងៃ​ពុធ បាន​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​របស់​អ្នកស្រី បញ្ញា និង​ស្រ្តី​ដទៃ​ទៀត​នៅ​កម្ពុជា។

លោក​ស្រី Jamila Seftaoui ទី​ប្រឹក្សា​គោល​នយោ​បាយ​កម្ម​វិធី​អភិវឌ្ឍ​ន៍អង្គ​ការ​សហ​ប្រជា​ជាតិ ស្តីពី​យេន​ឌ័រ បាន​ថ្លែង​ថា៖ «ស្រ្តី​ភាគ​ច្រើន បន្ត​ស្ថិត​ក្នុង​ជម្រើស​ការងារ​គ្មាន​ជំនាញ។ ផែន​ការ​សកម្ម​ភាព​នឹង​ជួយ​កម្ពុជា​សម្រេច​បាន​គោល​ដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​នៅ​មុន​ឆ្នាំ ២០១៥ ។ បើ​ទោះ​បី​ជា​កាល​បរិច្ឆេទ​អនុវត្ត​ផែន​ការ​សកម្ម​ភាព​នេះ​ពុំ​ត្រូវ​បាន​កំណត់​ក៏​ដោយ ក៏​ប៉ុន្តែ អ្នក​រៀបចំ​សង្ឃឹម​មើល​ឃើញ​ពីវឌ្ឍន​ភាព​ជា​ដុំ​កំភួន នៅ​ចុង​ឆ្នាំ​នេះ។

លោកស្រី Seftaoui បាន​មាន​ប្រសាសាន៍​ថា៖ «​ខ្ញុំ​គិត​ថា នៅ​ចុង​ឆ្នាំ២០១២ នេះ មាន​ឱកាស​ល្អ​ដែល​ផែន​ការ​នេះ​នឹង​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត»។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋ​មន្រ្តី​ក្រសួង​កិច្ច​ការ​នារី គាំទ្រ​ផែន​ការ​សកម្មភាព​នេះ ប៉ុន្តែ លោក​ស្រី​ទទួល​ស្គាល់​ថា កម្ពុជា​មិន​ទាន់​ទទួល​បាន​ជោគ​ជ័យ​ទាំង​ស្រុង ក្នុង​ការ​សម្រេច​គោល​ដៅ​សម​ភាព​យេន​ឌ័រ នៅ​ឡើយ​ទេ។

លោកស្រី​បាន បន្ថែម​ថា៖ «​យើង​បាន​សម្រេច​សូចនា​ករ អភិវឌ្ឍន៍​មួយ​ចំនួន រហូត​មក​ដល់​ពេល​នេះ ប៉ុន្តែ​យើង​យឺត​យ៉ាវ​ចំពោះ​សូចនាករ​ដទៃ​ទៀត ដែល​យើង​មិន​អាច​សម្រេច​បាន ដូច​ដែល​យើង​រំពឹង​ទុក។ ប្រសិន​បើ​យើង​មិន​ពន្លឿន​ទេ​នោះ យើង​នឹង​មិន​ទទួល​បាន​ជោគ​ជ័យទេ ក្នុង​ឆ្នាំ ២០១៥»។

ផែន​ការ​សកម្មភាព​ ផ្តោត​លើ​ការ​អភិវឌ្ឍ​ជំនាញ​វិជ្ជា​ជីវៈ ការ​លើក​ស្ទួយ​សហ​គ្រិន​ភាព​ស្រ្តី នៅ​ក្នុង​វិស័យ​ផ្លូវការ និង​ការ​លើក​កម្ពស់​ជីវ​ភាព​រស់​នៅ របស់​សហគមន៍​នៅ​តាម​ជន​បទ។

អ្នកស្រី បញ្ញា មិន​ចង់​ឲ្យ​កូន​ទាំង​ពីរ​នាក់​ របស់​អ្នក​ស្រី​បាត់​បង់​ការ​អប់រំ​ដូច​ដែល​អ្នក​ស្រី​ធ្លាប់​ជួប​ប្រទះ​ឡើយ ជា​ពិសេស​កូន​ស្រី។ «ខ្ញុំ​សង្ឃឹម​ថា ស្រ្តី​ក្នុង​ប្រទេស​យើង​នៅ​ថ្ងៃ​អនាគត នឹង​ក្លាយ​ជា​មេដឹក​នាំ ឬ​មាន​ការ​ងារ​ល្អ​ប្រសើរ​ជាង​ជំនាន់​ខ្ញុំ»៕ TK

អត្ថបទគួរចាប់អារម្មណ៍