
អ្នកចូលរួមដាំកោងកាងនៅក្នុងយុទ្ធនាការ ១ សែនកោងកាងដែលត្រូវបានប្រារព្ធឡើងស្ទើរពេញ ១ ឆ្នាំក្នុងខេត្តកំពត។ រូបថត ActionAid Cambodia
កំពតៈ «យុទ្ធនាការ ១ សែនកោងកាង» ដែលត្រូវបានប្រារព្ធឡើងស្ទើរពេញ ១ ឆ្នាំក្នុងសហគមន៍នេសាទចំនួន ៨ ក្នុងខេត្តកំពតត្រូវបានប្រកាសបិទបញ្ចប់ ដោយយុទ្ធនាការនេះបានបណ្តុះ និងដាំកូនកោងកាងបានចំនួនជាង ១ សែនដើមគ្របដណ្តប់លើផ្ទៃដី ១៥,៥ ហិកតា លើសការរំពឹងទុក។
យោងតាមសេចក្តីជូនដំណឹងរបស់អង្គការអាក់សិនអេតកម្ពុជា (ActionAid Cambodia-AAC) ដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីម្សិលមិញឱ្យដឹងថា យុទ្ធនាការ ១ សែនកោងកាងត្រូវបានធ្វើឡើងរយៈពេលស្ទើរពេញ ១ ឆ្នាំ ដោយបានចាប់ផ្តើមឡើងពីខែកញ្ញា ឆ្នាំ ២០១៩ រហូតដល់ខែសីហា ឆ្នាំ ២០២០ នៅតាមដែនសហគមន៍នេសាទក្នុងខេត្តកំពត។
យុទ្ធនាការនេះសហការរៀបចំឡើងដោយអង្គការអាក់សិនអេតកម្ពុជា (AAC) មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី និងកុមារនៅកម្ពុជា (CWDCC) អង្គការសាមគ្គី (SAMAKY) សហគមន៍ត្រពាំងសង្កែ សហគមន៍កំពង់សាមគ្គី សហគមន៍ត្រពាំងរពៅ សហគមន៍ព្រែកត្នោត សហគមន៍កែបថ្មី សហគមន៍ទទឹងថ្ងៃ សហគមន៍កោះគ្រឹស្នា និងសហគមន៍លកក្រោមកិច្ចសហប្រតិបត្តិការជាមួយខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងដោយមានការគាំទ្រពីសប្បុរសជន និងក្រុមអ្នកស្រឡាញ់បរិស្ថានទាំងក្នុង និងក្រៅប្រទេស។
បើតាមសេចក្តីជូនដំណឹងនេះ គោលបំណងនៃយុទ្ធនាការ ១ សែនកោងកាង គឺដើម្បីកៀរគរការចូលរួមបដិភាគពីសាធារណជនសម្រាប់គាំទ្រសហគមន៍នេសាទទាំង ៨ បណ្តុះកូនកោងកាងចំនួន ១ សែនដើម និងរៀបចំព្រឹត្តិការណ៍ដាំកូនកោងកាង និងសកម្មភាពផ្សេងៗដើម្បីអភិវឌ្ឍន៍សហគមន៍។

ទេសភាពដែលមានដើមកោងកាងដុះចេញពីផ្ទៃទឹកគួរឱ្យចង់គយគន់ នៅខេត្តកំពត។ រូប AAC
យុទ្ធនាការនេះក៏ត្រូវបានផ្តួចផ្តើមឡើងដើម្បីជំរុញការចូលរួមរបស់សាធារណជន ជាពិសេសយុវជនឱ្យចូលរួមថែរក្សា និងការពារព្រៃកោងកាងដែលជាជម្រកដ៏សំខាន់របស់ជីវចម្រុះ និងជាធនធានដ៏ចម្បងមួយដែលរក្សានូវតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងបរិស្ថាន។
នាយកប្រចាំប្រទេសនៃអង្គការអាក់សិនអេតកម្ពុជាលោក ហុង រស្មី ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា វាជាជោគជ័យធំធេងសំខាន់មែនទែន ដោយសារការដាំកោងកាងនេះលើសពីការរំពឹងទុក ហើយអ្វីដែលជោគជ័យទៀតនោះគឺ ការចូលរួមគាំទ្រពីប្រជាពលរដ្ឋនៅក្នុងស្រុកដែលជាសមាជិកសហគមន៍ទាំងមូលតែម្តង។
លោកមានប្រសាសន៍ថា៖ «ការដាំលើសផែនការ ១ សែនដើម គឺជាជោគជ័យសំខាន់មួយប៉ុន្តែជោគជ័យសំខាន់ជាងគេមួយទៀតនោះ គឺគម្រោងយើងរកថវិកាគាំទ្រពីអ្នកខាងក្រៅទើបអាចធ្វើយុទ្ធនាការដាំនេះបាន។ ប៉ុន្តែជាក់ស្តែងលទ្ធផលនៃការដាំនេះគឺបានដោយការខិតខំប្រឹងប្រែងរបស់ប្រជានេសាទ ដែលជាសមាជិកសហគមន៍ទាំងមូលតែម្តងដោយពួកគាត់បានចូលរួមទាំងអស់គ្នា រើសពូជខ្លួនឯង ដាំដោយខ្លួនឯង ដែលយើងមានការគាំទ្រថវិកាតិចតួចមែនទែន»។
លោក ហុង រស្មី បន្តថាកោងកាងទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់ទេសចរណ៍ធម្មជាតិ និងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ហើយនេះជាស្នាដៃនៃសាមគ្គីភាពរបស់សហគមន៍តាមមូលដ្ឋានពិតប្រាកដ ដែលលោកពិតជាមានមោទនភាព និងកោតសរសើរការដឹកនាំ និងចូលរួមរបស់សហគមន៍នេសាទទាំង ៨។ ក្នុងនោះមានប្រជាជន សិស្សានុសិស្ស និងយុវជនស្រឡាញ់បរិស្ថាន ក្រោមការសម្របសម្រួលពីរដ្ឋបាលជលផលខេត្តកំពត និងអង្គការដៃគូទាំងអស់។
បើតាមនាយកអង្គការរូបនេះ គឺមានសហគមន៍ជាច្រើនទៀតបានស្នើឱ្យអង្គការអាក់សិនអេតកម្ពុជាផ្តួចផ្តើមបន្តយុទ្ធនាការនេះទៀត ហើយលោកអាចនឹងមានយុទ្ធនាការបន្តទៀត។ ប៉ុន្តែដំណាក់កាលនេះលោកមិនទាន់មានការជជែកពីផែនការជាក់លាក់ណាមួយនៅឡើយទេ។
លោក សឹម ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែបានឱ្យដឹងដែរថា ព្រៃកោងកាងគឺជាឆ្នាំងបាយរបស់អ្នកនេសាទក្រីក្រ។ តាំងពីចាប់ផ្តើមយុទ្ធនាការ ១ សែនកោងកោងនេះ ជីវចម្រុះនៅក្នុងសហគមន៍មានការកើនឡើងច្រើន ហើយចំនួនអ្នកនេសាទក៏កើនឡើងជាងមុន។
ចំណែកប្រធានសហគមន៍នេសាទព្រែកត្នោតលោក អ៊ុក សុវណ្ណារិទ្ធ បានបង្ហាញពីសេចក្តីសោមនស្សដែលសហគមន៍របស់លោកបានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងយុទ្ធនាការនេះ។
លោកនិយាយថា៖ «យុទ្ធនាការ ១ សែនកោងកាងមានសារៈសំខាន់ ព្រោះប្រជាពលរដ្ឋក្នុងសហគមន៍បានជ្រួតជ្រាបកាន់តែច្រើនពីសារៈសំខាន់នៃព្រៃកោងកាង ហើយចូលរួមទាំងអស់គ្នាក្នុងការងារការពារព្រៃកោងកាង និងជីវចម្រុះគ្រប់ប្រភេទ»។
ចំនួនកោងកាងក្នុងគម្រោង គឺដាំឱ្យបានចំនួន ១០០ ០០០ ដើម ប៉ុន្តែចំនួនកោងកាងដែលដាំបានមានចំនួនរហូតដល់ ១១១ ២៤០ ដើម ឬស្មើនឹង ១១១,២៤%៕