មន្ត្រី​នគរបាល​ការិយាល័យ​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ម្នាក់ ​ត្រូវបាន​ក្រសួង​សម្រេច​ដាក់​ពិន័យ​ដោយ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ​បន្ទាប់​ពី​មន្ត្រី​នគរបាល​រូបនោះ ​បានប្រព្រឹត្ត​បទល្មើស​ពាក់​ព័ន្ធ​ករណី​ជួញដូរ​គ្រឿង​ញៀន។

យោង​ប្រកាស​ចុះ​ថ្ងៃទី ១៩​ ខែ មិថុនា ​ឆ្នាំ ២០២០ ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបានពី​ម្សិលមិញ ​លោក​ស ខេង ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​បានសម្រេច​អនុវត្ត​វិន័យ​ចំពោះ ​លោក​ ស វាសនា ​ជាមន្ត្រី​នគរបាល​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ​មានឋានៈ​ជាអនុសេនីយ៍​ទោ ​ក្រោម​រូបភាព​ «ដកហូត​ឋានន្តរស័ក្តិ​ និង ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ។ ចំណែក​ប្រាក់​បៀវត្សរ៍ ​និង​របប​ឧបត្ថម្ភ​ផ្សេងៗ​មួយចំនួន​ទៀត ​ក៏ត្រូវ​បាន​កាត់​ផ្ដាច់ ​និង​លុប​ចេញពី​ក្របខ័ណ្ឌ​ផង​ដែរ»។

ក្នុង​ប្រកាស​នោះ ​លោក​ស ខេង ​បានគូស​បញ្ជាក់​ពី​មូលហេតុ ​ដែលឈាន​ទៅដល់​ការចេញ​សេចក្ដី​សម្រេច​ប្រកាស​បណ្ដេញ​លោក​ ស វាសនា ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ​ដោយសារ​មន្ត្រី​រូបនោះ​មានជាប់​ពាក់​ព័ន្ធ​ ករណី ​«ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន»។

ជុំវិញ​ករណី​នេះ ​លោក​ ជួន ណារិន្ទ ​ស្នងការ​នគរ​បាល​ខេត្ត​ព្រះសីហនុ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​នៅថ្ងៃ​អង្គារ​ថា ​ក្រោយ​ពី​ទទួលបាន​ប្រកាស​របស់​ក្រសួង​ នៅ​ថ្ងៃទី ២២​ ខែមិថុនា ​លោក​បាន​អនុវត្ត​សេចក្ដី​សម្រេច​នៃ​ប្រកាស​នោះ ​ដោយបាន​ដក​ហូត​ឋានន្តរស័ក្កិ ​និង​បណ្ដេញ​មន្ត្រី​នគរបាល​រូបនោះ ​ចេញពី​ក្របខ័ណ្ឌ​ជាមន្ត្រី​នគរបាល​ការិយា​ល័យ​បង្ការ​និង​ពន្លត់​អគ្គិ​ភ័យ​ខេត្ត​ព្រះ​សីហនុ។

លោក​បញ្ជាក់ថា​៖ «ជា​ទូទៅ​មន្ត្រី​ក្នុង​មុខងារ​សាធារណៈ ​ទាំង​ស៊ីវិល ​និងកងកម្លាំង ​គឺ​រមែង​ទទួលបាន​ការលើក​ទឹកចិត្ត​និង​ផ្ដល់​មុខតំណែង​ ឬ​ឋានន្តរស័ក្កិ​ ពី​ថ្នាក់​ដឹកនាំ​អង្គភាព​ឬ​ក្រសួង​ សា្ថប័ន ​ក្នុង​ករណី​ពិនិត្យ​ឃើញថា​មន្ត្រី​នោះ ​បានបំពេញ​ការងារ​បានល្អ​ត្រឹមត្រូវ ​តាម​តួនាទី​និង​ភារកិច្ច ​ក្នុង​ការបម្រើ​ជាតិ​និង​ប្រជាជន»។

លោក​បន្ថែមថា​៖ «ប៉ុន្តែ​បើ​អសកម្ម​ការងារ ​ឬ​ប្រព្រឹត្ត​បទល្មើស ​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​កិត្តិយស ​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​អង្គភាព ​ឬ​ក្រសួង​ស្ថាប័ន ​មន្ត្រី​នោះ​នឹង​ត្រូវ​រងការ​ដាក់​ពិន័យ ​ដោយ​ដក​ហូត​មុខ​តំណែង​ជាបណ្ដោះអាសន្ន ​ឬ ​បង្ខំឲ្យ​បង្ហាញ​មុខ​នៅ​កន្លែង​ធ្វើការ​រៀង​រាល់​ម៉ោង​ធ្វើ​ការ ​ហើយ​បើ​[កំហុសឆ្គង] ​ធ្ងន់​ធ្ងរ ​នឹង​ត្រូវ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ ​ឬ​ មន្ត្រី​កងកម្លាំង​របស់​ជាតិ»។

បើ​តាម​លោក​ ជួន ណារិន្ទ ​អតីត​មន្ត្រី​នគរបាល​ឈ្មោះ ​ស វាសនា ​ធ្លាប់​ត្រូវបាន​ប្រធាន​អង្គភាព​អប់រំ​ណែនាំ ​និង​ដាក់​ពិន័យ​ជាច្រើន​លើក​មកហើយ​ពាក់​ព័ន្ធ​ភាព​អសកម្មក្នុង​ការងារ។ កាល​ពីកន្លង​ទៅថ្មីៗ​នេះ ​ អតីត​មន្ត្រី​រូបនេះ ​បានប្រព្រឹត្ត​បទល្មើស​ជួញដូរ​សារធាតុ​ញៀន ​ដែលធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស ​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មន្ត្រី​កងកម្លាំង​នគរបាល​ជាតិ។

លោក​ ណារិន្ទ ប្រាប់​ទៀត​ថា ​ករណី​គ្រឿងញៀន​នៅតែ​ជាបញ្ហា​ប្រឈម​ដ៏ធំ​មួយ ​ដែលទាមទារ​ឲ្យ​មាន​ការចូលរួម​ ដោះ​ស្រាយ​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំងអស់​ ជាពិសេស​យុវជន​។

លោក​បានបន្តថា ​នៅ​ក្នុង​ឆមាសទី១​ ឆ្នាំ ២០២០ នេះ ​សមត្ថ​កិច្ច​នគរបាល​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿង​ញៀន​ទូទាំង​ខេត្ត​ព្រះសីហនុ ​បាន​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​បាន​ ១៦៦​ ករណី ​ឃាត់ខ្លួន​មនុស្ស​ ៣៣៧ នាក់​ ក្នុងនោះ​មាន​ជនបរទេស​ចំនួន​ ១៥០​ នាក់។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ ​ដែលបាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ ២៥​ ខែ ឧសភា​ ឆ្នាំ​ ២០២០ ​បង្ហាញថា ​ការបង្ក្រាប​បទល្មើស​គ្រឿង​ញៀន​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ សម្រាប់​ឆមាស​ទី១​ ឆ្នាំ ២០២០​ សមត្ថ​កិច្ច​បង្ក្រាបបាន​ចំនួន​ ១ ៩៥៩​ លើ​ ១ ៥២៨​ ករណី ​កើនឡើង ​៤៣១​ ករណី ​ស្មើនឹង​ ២៨.២០% ​ឃាត់​ខ្លួន​មនុស្ស​ ៣ ៨៩៥​ នាក់ ​(ស្ត្រី​ ២៦៥ នាក់)​ ក្នុង​នោះ​ជនជាតិ​ខ្មែរ​ ៣ ៨៣៧ នាក់ ​វៀតណាម​ ៥០​ នាក់ ​ចិន​ ៣ នាក់​ ថៃ ១ នាក់​ ឡាវ ​២ នាក់ ​នី​ហ្សេរី​យ៉ា​ ១ នាក់ ​ជប៉ុន​ ១ នាក់ ​និង​ដកហូត​សាធាតុ​ញៀន​សរុប​ទម្ងន់​ជាង​ ១៧៤​ គីឡូ​ក្រាម៕