ព្រះសីហនុៈ រយៈពេល ១ សប្តាហ៍ បន្ទាប់ពីចូលកាន់តំណែងជាស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានបង្ក្រាបបទល្មើស ៤ ករណី ពាក់ព័ន្ធនឹងអំពើឆក់ ប្លន់ និងជួញដូរគ្រឿងញឿន ព្រមទាំងកំពុងរៀបចំដាក់ផែនការ តាមជំនាញបង្ក្រាបបញ្ហាការបង្កភាពអសន្តិសុខនានា។
លោក ជួន ណារិន្ទ អតីតស្នងការរងនគរបាលរាជធានីភ្នំពេញ ដែលត្រូវបានតែងតាំងជាស្នងការខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែមេសា បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា បន្ទាប់ពីបានចូលកាន់តំណែង ដោយមានកិច្ចសហការជាមួយមន្ត្រីប៉ូលិសជំនាញ បទល្មើស ៤ ករណី រួមមាន ទី១ ករណីឆក់ទូរស័ព្ទជនបរទេស ត្រូវសមត្ថកិច្ចចាប់ខ្លួនបានជនសង្ស័យជាពលរដ្ឋខ្មែរ ៣នាក់ និងបញ្ជូនទៅតុលាការ ទី២ ករណីលួចកុំព្យូរទ័រ និងសម្ភារមួយចំនួន របស់ជនជាតិចិន ដែលជនសង្ស័យ ក៏ត្រូវបានបញ្ជូនទៅកាន់តុលាការរួចរាល់ដែរ ចំណែកទី៣ គឺករណីជួញដូរកញ្ឆា និងគ្រឿងញៀន ជនសង្ស័យជាជនជាតិអង់គ្លេស និងកំពុងស្រាវជ្រាវបន្តទៅរកបណ្តាញ។
ករណីទី ៣ នេះ បើតាមនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ លោក តាក សារិទ្ធិ បានបញ្ជាក់ថា ជនជាតិអង់គ្លេសនោះឈ្មោះ Robert John Skillin អាយុ ៣៣ ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅផ្ទះសំណាក់ឈ្មោះ EDEN ក្នុងសង្កាត់លេខ ៤ បន្ទាប់ពីទទួលព័ត៌មានពីសកម្មភាពរបស់ជនបរទេសនេះ ចែកចាយ និងរក្សាទុកសារធាតុញៀនក្នុងផ្ទះសំណាក់។
លោក តាក សារិទ្ធិ បន្តថា៖ «ក្រោយការឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀន សាកសួរ ហើយសំណុំរឿងគឺបានបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់»។
លោក ជួន ណារិន្ទ បានឲ្យដឹងថា បទល្មើសទី៤ ដែលទើបបង្ក្រាបបានកាលពីថ្ងៃទី ១១ ខែមេសា វិញនេះ គឺករណីលួចឆក់យ៉ាងសកម្មរបស់ជនសង្ស័យដែលជាប្រជាពលរដ្ឋខ្មែរ ៣ នាក់។
បើតាមមន្ត្រីនគរបាលប្រចាំការម្នាក់ បានឲ្យដឹងថា ជនសង្ស័យទាំង ៣ រូប តែងតែធ្វើសកម្មភាពលួចឆក់ទ្រព្យសម្បត្តិរបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុដូចជាកាបូបលុយ ម៉ាស៊ីនថត និងគ្រឿងអលង្កការជាដើម។
លោកថា៖ «ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការវិនិច្ឆ័យទោសបន្ត»។
ក្នុងតួនាទីថ្មីជំនួសលោក ស៊ាង កុសល អតីតស្នងការនគរបាលខេត្តទេសចរណ៍ជាប់មាត់សមុទ្រមួយនេះ ដែលរងការស្តីបន្ទោសចំពោះភាពអសន្តិសុខ ដែលតែងតែកើតឡើងជាញឹកញាប់ លោក ជួន ណារិន្ទ បានបង្ហាញគោលជំហរថា៖ «ខ្ញុំមកដល់ទីនេះគឺខ្ញុំ បានពិនិត្យមើលពាក់ព័ន្ធនឹងការចរាចរណ៍គ្រឿងញៀន និងករណីឆក់ប្លន់ទៅលើជនបរទេស។ យើងផ្តោតលើពីរនេះសំខាន់ និងការពារសុវត្ថិភាពភ្ញៀវបរទេស។ ខ្ញុំមិនទាន់អាចវាយតម្លៃពីអ្វីដែលជាបញ្ហាចោទនៅតំបន់នេះនៅឡើយទេ តែខ្ញុំនឹងស្នើសុំរបាយការណ៍ពីអង្គភាពជំនាញ មកសិក្សា ហើយដាក់ផែនការសកម្មភាព និងវិធានការក្នុងករណីស្ថានការណ៍ប្រែប្រួល»។
ទន្ទឹមនឹងការបង្ក្រាបរបស់ស្នងការនគរបាលខេត្ត កាលពីរសៀលថ្ងៃទី ១០ ខែមេសា កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមបញ្ជារបស់មេបញ្ជាការខេត្ត លោក ហេង ប៊ុនទី បានឃាត់ខ្លួនបុរសជនជាតិខ្មែរ ៤ នាក់ ពាក់ព័ន្ធនឹងហិង្សាទៅលើជនជាតិ តួកគី ម្នាក់ បណ្តាលឲ្យរងរបួសក្បាលធ្ងន់ធ្ងរ កាលពីយប់ថ្ងៃទី៨ ខែមេសា ក្នុងហាងមួយឈ្មោះ Sam's Beach Bar ស្ថិតនៅឆ្នេរអូរត្រេះ សង្កាត់លេខ ៤។
មន្រ្តីប៉េអឹមម្នាក់ បានឲ្យដឹង ថា ជនរងគ្រោះជនជាតិ តួកគី មានឈ្មោះ YIGIJ CHANTA CARAL អាយុ ២៩ ឆ្នាំ បានរងរបួសក្បាលចំនួន ២ កន្លែងពេទ្យដេរអស់ ៧ ថ្នេរ ចំណែកជន សង្ស័យទាំង ៤ នាក់ដែលកម្លាំង អាវុធហត្ថស្រាវជ្រាវចាប់ឃាត់ខ្លួនបាន គឺជាបុគ្គលិកបម្រើការហាងនោះ។
លោកថា៖ «ពាក់ព័ន្ធនឹងជម្លោះឈានទៅបង្ករបួសស្នាមខាងលើនេះ ត្រូវបានសាក្សីនិយាយថា មុនពេល កើតហេតុគេឃើញជនជាតិ តួកគី ដើរចូលទៅផឹកស៊ីនៅក្នុងហាង ដែលកើតហេតុបន្ទាប់មកក៏កើតមានទំនាស់ពាក្យសម្ដីគ្នារវាងក្រុមបុគ្គលិក នៅក្នុងហាងជាមួយជនបរទេសទើបមានអំពើហិង្សាកើតឡើង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញធ្វើការសាកសួរដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងផ្តន្ទាទោសទៅតាមផ្លូវច្បាប់»៕