
អាជ្ញាធរខេត្តកែបដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ចោល។ រូបថត រដ្ឋបាលខេត្តកែប
កំពតៈ បទល្មើសនេសាទខុសច្បាប់នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំនេះ ដោយមន្ត្រីជំនាញបានពន្យល់ថា គឺដោយសារពលរដ្ឋមានការយល់ដឹង និងមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយពីមន្ត្រីតាមមូលដ្ឋានពាក់ព័ន្ធនឹងច្បាប់។
លោក ថឺង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែបប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃទី ៦ ខែធ្នូ ថា បទល្មើសជលផលនៅក្នុងខេត្តកែបដែលត្រូវបានបង្ក្រាបក្នុងឆ្នាំ ២០២០ នេះមានចំនួន ២១ ករណីរួមមានបទល្មើសនេសាទមុជខ្យល់ខុសច្បាប់ នេសាទដោយឈឹបរុញដែលមានភ្ជាប់ឧបករណ៍ឆក់ ប្រើលបកណ្ដុរក្នុងដែនសហគមន៍នេសាទ និងប្រើប្រាស់ទូកអួនអូសខុសច្បាប់ដោយប្រើមួងជាដើម។
បើធៀបជាមួយនឹងឆ្នាំ ២០១៩ បទល្មើសនេសាទខុសច្បាប់មានការថយចុះប្រមាណ ២០% ដោយសារអាជ្ញាធរគ្រប់លំដាប់ថ្នាក់ធ្វើការផ្សព្វផ្សាយ និងណែនាំជាប្រចាំដល់ពលរដ្ឋនៅក្នុងខេត្ត និងការចុះល្បាតជាប្រចាំនៅតាមភូមិសាស្ត្រនានាក្នុងដែនសមុទ្រ។
លោកបន្តថា៖ «ក្នុងចំណោមករណីទាំង ២១ ករណី ត្រូវបានធ្វើការអប់រំណែនាំ និងចុះកិច្ចសន្យាទៅដល់ជនល្មើសដោយមិនមានបញ្ជូនទៅតុលាការនោះទេ»។ អាជ្ញាធរមិនចង់ឱ្យមានបទល្មើសនេសាទខុសច្បាប់នេះទេ ព្រោះនៅពេលដែលប្រើប្រាស់ឧបករណ៍នេសាទដោយការឆក់ និងឧបករណ៍ខុសច្បាប់ផ្សេងទៀតនឹងធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ និងប្រភេទសត្វត្រីសមុទ្រមានការថយចុះ។
លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុងក៏បានឱ្យដឹងដែរថា បទល្មើសនេសាទក្នុងនេះនៅក្នុងឆ្នាំ ២០២០ ក៏មានការថយចុះដែរ ប៉ុន្តែលោកមិនបានបញ្ជាក់ពីចំនួនប៉ុន្មាននោះទេ។ លោកថា បទល្មើសខ្លះមានស្ថានភាពតូចតាច ហើយសមត្ថកិច្ចរបស់មន្ទីរក៏មានការយល់យោគខ្លះៗដែរទៅតាមស្ថានភាពជាក់ស្តែង និងដោះស្រាយទៅតាមស្ថានភាពជាក់ស្តែងដោយធ្វើការពិន័យអន្តរកាល និងធ្វើការណែនាំ។ «អាបទល្មើសនេសាទហ្នឹង យើងបង្ក្រាបញឹកញយណាស់ ប៉ុន្តែវានៅតែមានតិចតួចដែរ វាមិនចេះបាត់ទេ ដោយហាម ១ កន្លែងទៅ ១ កន្លែងទៀត»។
ចំណែកលោក ស សូរិន នាយខណ្ឌជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតក៏ឱ្យដឹងដែរថា បទល្មើសនេសាទខុសច្បាប់ដែលត្រូវបានបង្ក្រាបនៅក្នុងខេត្តកំពតក្នុងឆ្នាំ ២០២០ មានចំនួន ៦៨ ករណី បើធៀបទៅនឹងឆ្នាំកន្លងមកមានការថយចុះប្រមាណ ២០ ភាគរយ។
លោកបន្តថា នៅក្នុងឆ្នាំនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតសហការជាមួយអង្គការសង្គមស៊ីវិលបានចុះផ្សព្វផ្សាយដល់ប្រជាសហគមន៍នេសាទបានចំនួន ៥០ លើក ដែលមានអ្នកចូលរួមប្រមាណ ៥០០ នាក់ ។
លោកថ្លែងថា៖ «បទល្មើសខុសច្បាប់ដែលយើងបង្ក្រាបបានមានដូចជា លបកន្ទុយកណ្តុរ និងឈឹបរុញដៃភ្ជាប់ជាមួយនឹងឧបករណ៍ឆក់ពីប្រជានេសាទ »។ សមត្ថកិច្ចមិនមានការចាប់ជនល្មើសបញ្ជូនទៅតុលាការនោះទេ ព្រោះនៅពេលដែលសមត្ថកិច្ចចុះបង្ក្រាប អ្នកនេសាទខុសច្បាប់បានរត់ចោលសម្ភារហើយសមត្ថកិច្ចក៏បានប្រមូលយកសម្ភារទាំងនោះដុតបំផ្លាញចោល។
ចំណែកលោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុមិនអាចទាក់ទងសុំធ្វើការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេដោយទូរស័ព្ទលោកពុំមានអ្នកទទួល។
លោក នាក់ សេន តំណាងប្រជានេសាទសហគមន៍ត្រើយកោះនៃខេត្តកំពតឱ្យដឹងដែរថា បទល្មើសនេសាទនៅក្នុងដែនសមុទ្រនៅតែមាន ជាពិសេសនៅខេត្តកំពតនៅតែមានជាប្រក្រតី បើទោះបីអាជ្ញាធរខេត្តបានចុះទៅបង្ក្រាបជាញឹកញាប់ក៏ដោយ។
លោកថ្លែងថា៖ «បទល្មើសនេសាទនៅតែមានហើយភាគច្រើនពលរដ្ឋប្រើប្រាស់ឧបករណ៍ឆក់ និងអូសគូរ»។ លោកបន្តថា សហគមន៍នេសាទក៏ធ្លាប់ហៅសមត្ថកិច្ចរបស់ខេត្តទៅចូលរួមបង្ក្រាបដែរ ប៉ុន្តែសមត្ថកិច្ចហាក់ដូចជាមិនសូវសហការជាមួយសហគមន៍ទេ៕