ក្រចេះ: ប្រជាសហគមន៍​នេសាទ​កាំពី​បាន​និយាយថា បទល្មើស​នេសាទ​ក្នុង​តំបន់​ដែន​អភិរក្ស​អន្លង់​ផ្សោត​កាំពី​នៅ​តែ​បន្ត​កើតមាន បើទោះ​ជា​មាន​ការហាមឃាត់ និង​បង្ក្រាប​ចាប់​ជនល្មើស​បាន​ជា​បន្តបន្ទាប់​ក្ដី​។ ក្រុម​ជនល្មើស​ភាគច្រើន​បាន​ប្រើ​ឧបករណ៍​ឆក់​ត្រជាក់​ដែល​មាន​កម្លាំង​ថាមពល​ខ្លាំង​ភ្ជាប់​ជាមួយ​មង​របស់​ពួកគេ ដើម្បី​ចាប់​ត្រី​ក្នុង​អន្លង់​ទឹកជ្រៅ ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ធនធាន​មច្ឆជាតិ ពិសេស​សត្វ​ផ្សោត​ដែល​ជា​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ​។

លោក ថុន ថារង់ ប្រធាន​សហគមន៍​នេសាទ​កាំពី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ជលផល គប្បី​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​នេសាទ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ និង​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ចាប់​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ ដែល​ប្រើ​ឧបករណ៍​ល្មើសច្បាប់​ក្នុង​តំបន់​ហាមឃាត់ ឬ​តំបន់​អភិរក្ស​អន្លង់​ផ្សោត​កាំពី យក​មក​ផាកពិន័យ ឬ​កសាង​សំណុំ​រឿង​បញ្ជូន​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់ បើ​ពុំ​នោះ​ទេ​ធនធាន​មច្ឆជាតិ ពិសេស​ផ្សោត​ទន្លេមេគង្គ​នឹង​ផុត​ពូជ​មិន​ខាន​។

លោក ថារង់ បញ្ជាក់ថា​៖ «​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ ភាគច្រើន​បាន​ប្រើ​ឧបករណ៍​ឆក់​ត្រជាក់​ដែល​មាន​ថាមពល​រហូត​ដល់​ ៣ ​ម៉ឺនវ៉ាត់​ភ្ជាប់​ជាមួយ​មង​របស់​ពួកគេ ដើម្បី​ចាប់​ត្រី​ក្នុង​អន្លង់​ទឹកជ្រៅ​។ សកម្មភាព​របស់​ពួកគេ​ភាគច្រើន​ធ្វើឡើង​នៅពេល​យប់ ប៉ុន្តែ​យូរៗ​ម្ដង​ពួកគេ​ក៏បាន​លួច​ធ្វើ​សកម្មភាព​នៅពេល​ថ្ងៃ​ផងដែរ​»​។

លោក​បន្តថា កាលពី​ពេល​ថ្មីៗ​កន្លង​មក​នេះ ក្រុម​ការងារ​នៃ​សហគមន៍​របស់លោក​បាន​សហការ​ជាមួយ​កម្លាំង​ប្រជាការពារ និង​ក្រុម​ឆ្មាំ​ទន្លេ​នៃ​រដ្ឋបាល​ជលផល​ចុះបង្ក្រាប​ចាប់​បាន​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ ៣ ​នាក់ និង​រឹបអូស​បាន​ឧបករណ៍​ឆក់ អាគុយ និង​ដុំ​អាំងឌុចទ័រ​ជាច្រើន​គ្រឿង​នៅក្នុង​តំបន់​អន្លង់​ផ្សោត​កាំពី​។

ជាមួយ​គ្នា​នេះ​លោក ថេង ភាព ប្រធាន​ក្រុម​ប្រជាការពារ​ភូមិ​កាំពី​នៃ​ឃុំ​សំបុក ស្រុក​ចិត្របុរី​ថ្លែង​ថា ការបង្ក្រាប​ចាប់​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ មិនមាន​ភាពងាយស្រួល​ដូចជា​ការនិយាយ​នោះទេ​។ ពេល​ខ្លះ​ក្រុម​ការងារ​របស់​លោក​បាន​រង​ការគំរាមកំហែង​ដល់​អាយុជីវិត​ពី​ក្រុម​ជនល្មើស​ផងដែរ​។

លោក​ថ្លែងថា​៖ «​ពេលខ្លះ​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​មាន​គ្នាច្រើន និង​មាន​ឧបករណ៍​ឆក់​ដែល​មាន​កម្លាំង​ខ្លាំង ព្រមទាំង​មាន​ទូក​ម៉ាស៊ីន​ធំៗ​កម្លាំង​ខ្លាំង បាន​បើក​ដេញ​បុក​ពន្លិច​ទូក​របស់​ពួកយើង​វិញ នៅពេល​ឃើញ​ក្រុមការងារ​យើង​មាន​គ្នា​តិច​ត្រឹមតែ ៤-៥ ​នាក់ ហើយ​គ្មាន​ក្រុម​ឆ្មាំ​ទន្លេ​ដែល​ជា​កម្លាំង​នគរបាល​យុត្តិធម៌​ចូលរួម​នោះ​»​។ លោក​ថា​៖ «​ការការពារ​ធនធាន​មច្ឆជាតិ​ពិសេស​ផ្សោត​ទន្លេមេគង្គ​ក្នុង​តំបន់​អភិរក្ស​អន្លង់​កាំពី​គឺជា​តួនាទី​របស់​យើង​ទាំងអស់​គ្នា​»​។

បើ​តាម​លោក ភាព ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សំបុក ជាពិសេស​អ្នកភូមិ​កាំពី​មាន​ភាព​ល្អប្រសើរ​អាស្រ័យ​ដោយ​ការរក​ប្រាក់ចំណូល​ពី​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​ទស្សនា សត្វ​ផ្សោត​ដ៏​ជា​ទីទាក់ទាញ​ក្នុង​តំបន់​ដែន​អភិរក្ស​សត្វ​ផ្សោត​អន្លង់​កាំពី​ដែល​ជា​រមណីយដ្ឋាន​ដ៏ទាក់ទាញ​បំផុត​នៅ​ខេត្តក្រចេះ​។

ការប្រើ​ឧបករណ៍​ឆក់ និង​មង​សម្រាប់​ការនេសាទ​ត្រី​នៅក្នុង​តំបន់​អន្លង់​កាំពី ឬ​តំបន់​ដែន​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​ដែល​គិត​ចាប់ពី​ព្រំប្រទល់​ខេត្តក្រចេះ ដល់​ខេត្ត​ស្ទឹងត្រែង​ជាប់​ព្រំប្រទល់​ប្រទេស​ឡាវ​ត្រូវ​បាន​ហាមឃាត់ ប៉ុន្តែ​ការលួច​ឆ្មក់​របស់​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស នៅតែ​បន្ត​កើតមាន​ដែល​បង្ក​ឲ្យ​មាន​ក្ដីព្រួយ​កង្វល់​អំពី​សុវត្ថិភាព​របស់​ផ្សោត​ទន្លេមេគង្គ​។ នេះ​បើតាម​លោក ម៉ុក ពន្លក នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ក្រចេះ និង​ជា​ប្រធាន​ក្រុមការងារ​អភិរក្ស​សត្វ​ផ្សោត​ក្នុង​តំបន់​អន្លង់​កាំពី​។

លោក​បន្តថា នៅក្នុង​ឆ្នាំ​ ២០២០ ​នេះ​មាន​សត្វផ្សោត​ ៣ ​ក្បាល​បាន​ងាប់ ដោយ​សង្ស័យ​ថា ជាប់​មង ឬ​រង​ការឆក់​ដោយ​ឧបករណ៍​ឆក់​របស់​ក្រុម​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខុសច្បាប់​។

លោក​ថ្លែងថា​៖ «​យើង​មាន​ការព្រួយបារម្ភ​អំពី​ករណីនេះ ប៉ុន្តែ​យើង​ក៏ត្រូវ​ខិតខំ​ការពារ និង​អភិរក្ស​ឲ្យ​បាន​ល្អ​ផងដែរ តាមរយៈ​ការពង្រឹង​ការចុះ​ល្បាត​ទាំងយប់​ទាំង​ថ្ងៃ​ក្នុង​រយៈពេល​ពី​ ២០ ទៅ​ ២២ ​ថ្ងៃ ក្នុង ១ ​ខែ ដើម្បី​ការពារ​ធនធាន​មច្ឆជាតិ និង​សត្វ​ផ្សោត​។ ផ្សោត​ទន្លេមេគង្គ​ក្នុង​តំបន់​នេះ​គឺជា​អត្តសញ្ញាណ​របស់​ខេត្តក្រចេះ និង​ស្ទឹងត្រែង ហើយ​វា​ជា​សម្បត្តិ​របស់​ជាតិ​ទាំងមូល​»​។

បើ​តាម​លោក ពន្លក ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​ ៩ ​នាក់​ត្រូវបាន​ចាប់ខ្លួន​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ហើយ​ត្រូវ​តុលាការ​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ទៅតាម​កម្រិត​នៃ​បទល្មើស​របស់​ពួកគេ​ផងដែរ ក្នុងនោះ​មាន​ជន​ប្រព្រឹត្ត​បទល្មើស​ម្នាក់​ជាប់​ពន្ធនាគារ​រយៈពេល ៣ ​ឆ្នាំ​៕