ភ្នំពេញៈ ខណៈ​ជំនន់​ទឹកភ្លៀង និង​ទឹកទន្លេ​មេគង្គ​កំពុង​ហក់​ឡើង និង​ជន់​លិច​ចូលទៅ​ក្នុង​ស្ទឹង​ព្រែក និង​បឹងបួ​នានា​ដែល​ជា​តំបន់​វាលទំនាប​ព្រៃលិច​ទឹក និង​ជា​ជម្រក​ត្រី​ពងកូន​នា​រដូវវស្សា​នេះ បទល្មើស​នេសាទ​ក៏​បាន​ចាប់ផ្ដើម​កើតមាន​ជាថ្មី​ផងដែរ បន្ទាប់ពី​មាន​ភាពស្ងប់ស្ងាត់​មួយរយៈ ពិសេស​បណ្ដា​ខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេសាប​។

ជាក់ស្ដែង​កាលពី​ថ្ងៃទី​ ១៦ ខែ​កញ្ញា​កន្លង​ទៅ​ថ្មីៗ​នេះ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល និង​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​ភូមិ​កំពង់​ថ្គោល ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ បាន​រកឃើញ និង​កម្ទេចចោល​នូវ​សាច់​អួនក្រឡា​ញឹក​ចំនួន​ ៤ ​ខ្សែ សរុប​ប្រវែង​ ១១២០ ​ម៉ែត្រ​, ក្បាលបណ​រ៉ាវ​ចំនួន​ ៤ ​វង់ របាំង​ស្បៃ​មុង​ ១២ ​ខ្សែ សរុប​ប្រវែង​ ១៧៥០ ​ម៉ែត្រ លូស្បៃ​មុង​ចំនួន​ ១៣ ​មាត់ និង បង្គោល​ចម្រឹង​សរុប​ចំនួន​ ១៧៨០ ​ដើម​។ នេះ​បើតាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់ លោក ភុំ វិមល កាលពី​ម្សិលមិញ​។

លោក​ថ្លែងថា​៖ «​ក្នុង​ប្រតិបត្តិការ​នា​ថ្ងៃនោះ កម្លាំង​សមត្ថកិច្ច​យើង​ក៏​បាន​ចាក់​លែង​កូន​ត្រី​ចម្រុះ​ប្រភេទ ដែល​ចាប់​រឹបអូស​បាន​ពី​បទល្មើស​ខាងលើ​នេះ​សរុប​ជាង​ ៣០០ ​គីឡូក្រាម​ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ​ផងដែរ​។ នៅពេល​នេះ​ក្រុម​សមត្ថកិច្ច​កំពុង​បន្ត​ចុះ​ល្បាត ស្រាវជ្រាវ និង បង្ក្រាប​បទល្មើស​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប​នៅ​ឡើយ​»​។

ប្រជាសហគមន៍​នេសាទ និង អាជ្ញាធរ​ដែនដី​នៅឯ​ស្រុក​កំពង់លែង ខេត្ត​កំពង់​ឆ្នាំ និង ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​បាន​ឲ្យ​ដឹងថា បទល្មើស​នេសាទ​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​ក្នុង​អំឡុងពេល​មាន​ទឹកជំនន់​នេះ ខណៈ​នៅ​ខេត្ត​បាត់ដំបង ក្រុម​សហគមន៍​ប្រជានេសាទ​បាន​រាយការណ៍​ថា បទល្មើស​ដាក់​បណរ៉ាវ និង លប​កន្ទុយ​កណ្ដុរ កំពុង​កើត​មាន​ច្រើន​កន្លែង​ក្នុង​ឃុំ​ជីហ្វាំង និង ឃុំ​ព្រៃចាស់​នៃ​ស្រុក​ឯកភ្នំ​។

លោក ហ៊ុត ហាន ប្រធាន​សហគមន៍​នេសាទ​ខេត្ត​បាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​ភាគច្រើន លួច​ធ្វើ​សកម្មភាព​នៅពេល​យប់ ដោយ​ប្រើប្រាស់​ទូក​ដែល​មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​។ ពួកគេ​ភាគច្រើន​ប្រើ​ឧបករណ៍​ខុសច្បាប់ ដូចជា បណរ៉ាវ និង លប​កន្ទុយ​កណ្ដុរ ព្រមទាំង​យ៉ាំង​កាវអូស​ដោយ​ប្រើ​ផ្គួប​ជាមួយ​ដុំ​ឆក់​ត្រជាក់ ដែល​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ធនធាន​ជលផល​ និង​ជីវចម្រុះ​។

លោក​ថ្លែងថា​៖ «​កម្លាំង​សមត្ថកិច្ច​រួម​ជាមួយ​ប្រជាសហគមន៍​នេសាទ​បាន​ចុះ​ល្បាត ស្រាវជ្រាវ និង បង្ក្រាប​បាន​ជា​បន្តបន្ទាប់​ដែរ តែ​បទល្មើស​ហាក់​ដូចជា​មិន​ស្រាកស្រាន្ត​ទាល់តែសោះ​»​។

ចំណែក លោក ងួន ធារិទ្ធ ​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ស្រុក​អន្លង់វែង​ក្នុង​ខេត្ត​ឧត្តរមានជ័យ​បាន​និយាយថា តំបន់​ព្រៃ​លិច​ទឹក​ជាប់​ដងស្ទឹង​សែន និង មាត់បឹង​តាម៉ុក ដែល​ជា​ដែន​ជម្រក​ត្រី​ពង​កូន​ក៏មាន​បទល្មើស ដាក់​បណរ៉ាវ និង សៃយ៉ើន​ផង​ដែរ​។

លោក​ថ្លែងថា គ្រាន់តែ​ក្នុង​រយៈពេល​ ២ ​ថ្ងៃ (១៦-១៧ ខែ​កញ្ញ​) នៃ​ប្រតិបត្តិការ​ចុះ​ល្បាត​តាម​ដងស្ទឹង ព្រែក និង តាម​តំបន់​ព្រៃ​លិច​ទឹក ក្នុង​ភូមិសាស្ត្រ​ស្រុក​អន្លង់វែង ក្រុម​សមត្ថកិច្ច​បាន​រកឃើញ​ និង​​រុះរើ​យក​មក​ដុតបំផ្លាញ​ចោល​នូវ​ឧបករណ៍​ល្មើស​ច្បាប់រួមមាន​ស្បៃមុង​ប្រវែង​ជាង​ ៣០០ ​ម៉ែត្រ និង​បង្គោល​ឈើ​ចំនួន​ជាង​ ២០០ ​ដើម​។

លោក ធារិទ្ធ បានបញ្ជាក់​​ថា​៖ «​ក្នុងអំឡុង​ពេលនេះ បទល្មើស​នេសាទ​បាន​កើតមាន​ស្ទើរ​គ្រប់កន្លែង​។ ជន​ប្រព្រឹត្ត​បទល្មើស​ភាគច្រើន​ធ្វើ​សកម្មភាព​នៅក្នុង​តំបន់​ដែល​មាន​ព្រៃ​ និង​ដុះ​ស្មៅ​ក្រាស់ៗ និង ឆ្ងាយ​ពី​ភូមិ​»​។

មិន​ចំពោះ​តែ​ខេត្ត​ជាប់​ផ្ទៃ​បឹង​ទន្លេសាប​ទេ​ដែល​បទល្មើស​នេសាទ​បាន​ផ្ទុះឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​អំឡុង​ពេល​ទឹកបាន​ជន់​លិច​ព្រៃ​លិច​ទឹក និង ព្រៃរនាម​ក្នុង​តំបន់​វាលទំនាប នា​រដូវ​ហាមឃាត់​ការនេសាទ​នេះ តែ​ខេត្ត​ភាគ​ឦសាន និង ខេត្ត​ដែល​ស្ថិត​នៅ​តាម​ដង​ទន្លេមេគង្គ​ក្រោម​ដែល​រួមមាន ខេត្ត​កំពង់ចាម ត្បូងឃ្មុំ កណ្ដាល និង ព្រៃវែង ក៏មាន​ករណី​កើតឡើង​ស្រដៀង​គ្នា​នេះដែរ​។

លោក​ ប៉ៃ ថងឈុត តំណាង​ប្រជានេសាទ​នៅ​ឃុំ​តាឡាត ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បទល្មើស​នេសាទ​បានចាប់ផ្ដើម​កើតមាន​ជាថ្មី​ឡើងវិញ​នៅក្នុង​តំបន់​វាលទំនាប​ព្រៃ​លិច​ទឹក​មួយ​ចំនួន​ដែល​ស្ថិតនៅតាម​ប្រព័ន្ធ​ដៃ​ទន្លេសេសាន ទន្លេស្រែពក និង ទន្លេសេកុង បន្ទាប់ពី​ទឹកបាន​ជន់​លិច​តាំងពី​ដើម​ខែកញ្ញា​នេះ​មក​។

លោក​ ឈុត ថ្លែងថា​៖ «​ជន​ប្រព្រឹត្ត​បទល្មើស ភាគច្រើន​មកពី​ស្រុក​វ៉ើនសៃ ខេត្ត​រតនគិរី និង មួយ​ចំនួន​ជា​ប្រជាពលរដ្ឋ​មកពី​សហគមន៍​ភូមិ​ក្បាលរមាស និង ភូមិ​ស្រែគរ​ថ្មី​។ ពួកគេ​ភាគច្រើន​ប្រើ​មង​ និង​ឧបករណ៍​ឆក់​»​។

ទោះជា​បែបណា​ក្ដី សំណុំ​រឿង​ចំនួន​ ១១៥ ​ករណី​ក្នុងចំណោម​សំណុំរឿង​បទល្មើស​ជលផល​សរុប​ចំនួន​ ១៨៤៣ ​ករណី​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ជលផល​បញ្ជូន​ទៅ​តុលាការ​។ ក្នុងនោះ​ជន​ប្រព្រឹត្ត​បទល្មើស​ចំនួន​ ១៩ ​នាក់​ក្នុង​ចំណោម​ ៨៩ ​នាក់​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​។ នេះ​បើ​យោងតាម​របាយការណ៍​បូកសរុប​លទ្ធផល​នៃ​ការបង្ក្រាប​បទល្មើស​ជលផល​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈពេល​ ៨ ​ខែ​របស់​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ។

ក្នុង​នោះ​សមត្ថកិច្ច​រដ្ឋបាល​ជលផល​បាន​ធ្វើការ​ផាកពិន័យ​អន្តរកាល​ទៅលើ​ជន​ប្រព្រឹត្ត​បទល្មើស​ចំនួន​ ៦១ ​ករណី ស្មើ​នឹង​ទឹកប្រាក់​សរុប​ចំនួន​ ១៤២ ៧៨៩- ០០០ ​រៀល ។ រីឯ​វត្ថុតាង​រឹបអូស​បាន​នៅ​នឹង​កន្លែង​មាន​ចំនួន​ ១៦៦៧ ករណី​៕