ភ្នំពេញៈ បទល្មើសនេសាទក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០២០ នេះមានការថយចុះចំនួន ៨៨ ករណី បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈរដ្ឋបាលជលផលបង្ក្រាបបាន ៥៩៩ ករណីក្នុងនោះបទល្មើសនេសាទសមុទ្រចំនួន ៤២ ករណី និងមានទាំងការចាត់វិធានការផ្លូវច្បាប់ដល់អ្នកប្រព្រឹត្តផងដែរ។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលជលផលដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញ។
រដ្ឋបាលជលផលបានបញ្ជាក់ក្នុងរបាយការណ៍នោះថា៖ «ក្នុងចំណោមបទល្មើសទាំង ៥៩៩ ករណីនោះមានសំណុំរឿងបញ្ជូនទៅតុលាការចំនួន ២៩ ករណី ក្នុងនោះបញ្ជូនជនសង្ស័យទៅតុលាការចំនួន ៤៤ នាក់ ហើយមានម្នាក់បានជាប់ពន្ធនាគារ។ ចំណែកការប្រព្រឹត្តបទល្មើស ៣៨ ករណីផ្សេងទៀត ត្រូវបានផាកពិន័យអន្តរកាលដែលគិតជាទឹកប្រាក់សរុបចំនួន ៩០ ៦៦២ ០០០ រៀល»។
បើតាមរបាយការណ៍នេះក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសជលផលរយៈពេល ៣ ខែដើមឆ្នាំនេះ សមត្ថកិច្ចបានរុះរើ និងកម្ទេចចោលនូវវត្ថុតាងមួយចំនួនរួមមានរបាំងស្បៃមុង និងសាច់អួនប្រវែង ១៨១ ៥២៨ ម៉ែត្រ, លូស្បៃមុង និងសាច់អួនចំនួន ៣ ០២២ មាត់, បង្គោល ឬចម្រឹង ៨៨ ២០៤ ដើម, សម្រាស់ទំហំ ២៥ ៩៤៨ ម៉ែត្រក្រឡា, លបកន្ទុយកណ្តុរ ៥៥៦ គ្រឿង និងឧបករណ៍ឆក់ត្រីចំនួន ១៤៣ គ្រឿង។ ជាមួយគ្នានេះសមត្ថកិច្ចជលផលក៏បានលែងត្រីចម្រុះដែលរឹបអូសបានពីបទល្មើសចំនួន ១១ ០៨៧ គីឡូក្រាមចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ ។
លោក ម៉េង សុផៃ អនុប្រធាននាយកដ្ឋានរដ្ឋបាលនៃរដ្ឋបាលជលផលបានថ្លែងថា ទោះជាមានការបង្ក្រាបចាប់ផាកពិន័យ និងបញ្ជូនទៅឲ្យតុលាការផ្ដន្ទាទោសក្ដីក៏បទល្មើសនេសាទនៅតែកើតមានស្ទើរគ្រប់ទីកន្លែង។
លោកបានបញ្ជាក់ថា៖ «តាមការកត់សម្គាល់របស់រដ្ឋបាលជលផល ជនប្រព្រឹត្តបទល្មើសនេសាទមួយចំនួនត្រូវបានមន្ត្រីរដ្ឋបាលជលផលឃាត់ខ្លួនអប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពប្រព្រឹត្តបទល្មើសជាច្រើនដងមកហើយ ប៉ុន្តែពួកគេនៅតែមិនរាងចាល។ មានជនល្មើសខ្លះបានយកបញ្ហាជីវភាពក្នុងគ្រួសារក្រីក្រជាលេស ដើម្បីទទួលបានកិច្ចអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានឲ្យជួយដោះស្រាយសម្របសម្រួលក្រៅប្រព័ន្ធច្បាប់។
ហេតុទាំងនេះហើយទើបបទល្មើសជលផលនៅតែបន្តកើតមាន»។
លោកបានបន្តថាជាមួយគ្នានេះរដ្ឋបាលជលផលបានជំរុញឲ្យសង្កាត់ ខណ្ឌរដ្ឋបាលជលផល និងអធិការដ្ឋានរដ្ឋបាលជលផលបន្តពង្រឹងការអនុវត្តច្បាប់ស្តីពីជលផលឲ្យបានតឹងរ៉ឹងបំផុត និងបន្តចុះផ្សព្វផ្សាយដល់សហគមន៍នេសាទឲ្យចេះទទួលខុសត្រូវគ្រប់គ្រងធនធានជលផលក្នុងសហគមន៍ដើម្បីធានាឲ្យ «សហគមន៍នេសាទគ្មានបទល្មើសជលផល»។ ជាពិសេសត្រូវពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ដើម្បីទប់ស្កាត់បទល្មើសជលផល។
ពាក់ព័ន្ធការងារបង្ក្រាបបទល្មើសជលផលនេះដែរលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីម្សិលមិញថា កាលពីថ្ងៃទី ៤ ខែមេសាថ្មីៗនេះលោកបានដឹកនាំសមត្ថកិច្ចចម្រុះចុះល្បាតបទល្មើសនេសាទនៅព្រំប្រទល់ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ហើយបានឃាត់ខ្លួនជនជាតិវៀតណាមប្រព្រឹត្តបទល្មើសនេសាទ ៥ នាក់រួមទាំងដកហូតវត្ថុតាងកាណូតស្មាច់ ៤ គ្រឿង និងអួន យ៉ាំងកាវ ប្រវែង ៣៧ ម៉ែត្រ និងមានជម្រៅ ២ ម៉ែត្រ និងដុំឆក់ត្រជាក់ចំនួន ១ គ្រឿង។
លោក ប្លាតុង បន្តថាក្រោយពីឃាត់ខ្លួនសមត្ថកិច្ចរបស់លោកបានបញ្ជូនជនល្មើស និងវត្ថុតាងទៅឲ្យមន្ត្រីជំនាញសង្កាត់រដ្ឋបាលជលផលប្រាសាទបាគងដើម្បីចាត់វិធានការបន្តតាមច្បាប់។
លោកថា៖ «កន្លងមកពួកគេធ្លាប់ត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនអប់រំណែនាំឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ និងឧបករណ៍នេសាទខុសច្បាប់ចំនួន ២ លើកមកហើយ»។
លោក ហ៊ុល សាវួន នាយសង្កាត់រដ្ឋបាលជលផលកំពង់ភ្លុកនៃស្រុកប្រាសាទបាគងបានថ្លែងថា ករណីជនល្មើសជាតិវៀតណាម ៥ នាក់នោះ ត្រូវបានក្រុមការងាររបស់លោកកសាងសំណុំរឿងចោទប្រកាន់ពីបទ «នេសាទត្រីដោយប្រើឧបករណ៍ឆក់» និងបានបញ្ជូនពួកគេជាមួយវត្ថុតាងទៅខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប ដើម្បីចំណាត់ការបញ្ជូនបន្តទៅតុលាការ។
ទោះជាយ៉ាងណាក្ដីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបបានអះអាងថា ក្រុមជនសង្ស័យទាំងនោះមិនត្រូវបានបញ្ជូនមកតុលាការទេ។ លោកបានបញ្ជាក់ថា៖ «តាមការសាកសួរ ជនសង្ស័យទាំងនោះបានយល់ព្រមទទួលការបង់ផាកពិន័យតាមច្បាប់ជលផល»៕