ព្រះសីហនុៈ បទ​ល្មើស​ព្រហ្ម​ទណ្ឌ​នៅ​ខេត្ត​ព្រះ​សីហនុ​មាន​ការ​កើន​ឡើង​ប្រមា​ណ ២៥ ភាគ​រយ​ឬ​ស្មើ​នឹង​ចំនួន ​២១ លើក​ក្នុ​ងឆ្នាំ ​២០១៨ ខណៈ​ប​ទល្មើស​នេះ​កើត​មាន​ចំនួន​ ១០៥ ​លើក បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១៧ ដែល​មា​នត្រឹ​ម​តែ ​៨៤ លើក។ នេះ​បើ​តាម​របាយ​ការណ៍​​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​របស់​អាជ្ញាធរ​​ខេត្ត​ដែល​ផ្សព្វផ្សាយ កាល​ពី​ម្សិលមិញ។

របាយ​ការណ៍​នោះ ​បាន​ឲ្យ​ដឹងថា ការកើនឡើង​នូវ​បទល្មើស​ព្រហ្ម​ទណ្ឌ​នេះ មានដូចជា បទល្មើស​ឧក្រិដ្ឋ កើត​ឡើង ​២៩ លើក កើន​ឡើង​ ៤ ​លើក។ បទល្មើស​ម​ជ្ឈិម កើត​ឡើង ​៧៦ លើក កើន​ឡើង​ ១៧ ​លើក ហើយ​បទ​ល្មើស​​ទាំងនេះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ​៥ ​នាក់ (ស្រី) រង​របួស​មនុស្ស ២១ នាក់ (ស្រី ​៣ ​នាក់) បាត់​ម៉ូតូ​ចំនួន ២ ​គ្រឿងនិ​ង​សម្ភារ​ផ្សេង​ជាច្រើន​ទៀត។

របាយ​ការណ៍​ដដែល​ប​ន្ត​ថា​៖ «លទ្ធ​ផល​នៃ​កិច្ច​ប្រតិប​ត្តិកា​រ​បង្ក្រាប​បទល្មើស​បាន​ចំនួន​ ១០៣​ ករណីស្មើនឹ​ង ៩៨​%, ឃាត់​ខ្លួន​ចំ​នួ​ន ២៣​៥ ​នាក់​ក្នុង​នោះ​មាន​បទ​ល្មើស​ឧក្រិដ្ឋ​ចំនួ​ន ២៩ ​ករណី ឃា​ត់ខ្លួន​ជន​សង្ស័យ​​ចំនួន ៧៣ ​នាក់ ​មាន​ជន​បរ​ទេស​ ៤៨​ នាក់ ​(ចិន)។​ បទ​ល្មើស​ម​ជ្ឈិម​ចំនួន ​៧៤ ​ករណី ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ១៦២ ​នាក់​ ជ​នប​រទេ​ស ៤៧ នា​ក់​មាន ​៤ ​ស​ញ្ជាតិ ​(ចិន អាល្លឺ​ម៉​ង់ កា​ហ្សាស្ថាន និង​ឥណ្ឌា)។ ករណី​ខាងលើ​បាន​​​កសាង​សំណុំ​រឿង​តាម​នីតិ​វិធី​បញ្ជូន​ទៅ​សាលា​ដំបូង»។

ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និបា​តបូក​សរុប​ស​ភាព​កា​រណ៍​លទ្ធ​ផលនៃ​កិច្ច​ប្រតិ​បត្តិកា​រប្រចាំ​ឆ្នាំ និងផ្សព្វផ្សាយ​ទិសដៅ​ការងារ​បន្តរបស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហនុ​កាល​ពី​ម្សិល​មិញ លោក ថោង លីម អគ្គ​ស្នង​ការ​​រង​នគរ​បាល​ជាតិបាន​ណែនាំ​ឲ្យ​កង​កម្លាំង​នគរ​បាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​លើ​ការ​ងារ​ក្តាប់​សភាព​ការ​ណ៍​អំពី​សន្តិសុ​ខ នយោ​បាយ សណ្តាប់ធ្នាប់​សង្គម​ ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ដើម្បី​រាយ​ការណ៍​ជូន​ថ្នាក់​ដឹក​នាំ ដាក់​ចេញ​នូវ​វិធាន​ការ​ទប់​ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេ​លា និង​ចូល​រួម​អនុ​វត្ត​គោលនយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​ល្អ​ប្រសើរ។

ចំណែ​កលោ​ក គង់ វិ​ថា​ណាក់ អភិបាល​រង​ខេត្ត​ព្រះសី​ហនុបាន​រំឭក​ដល់​កង​កម្លាំង​នគរ​បាល​ខេត្ត​ព្រះ​សីហនុ ត្រូវ​យក​ចិត្ត​ទុក​ដាក់លើ​បញ្ហា​ទាំង​នេះ​និង​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​បំពេញ​ភារ​កិច្ច​ថែរក្សា​ការពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​បម្រើ​ប្រជា​ពលរដ្ឋ​បន្ថែម​ទៀត។

លោក​បានបញ្ជាក់​ថា៖ «សណ្តាប់​ធ្នាប់​សា​ធារ​ណៈការកក​ស្ទះ​ចរាចរ​ណ៍ ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរា​ចរណ៍​ផ្លូវគោ​ក ​ចំពោះ​ជនប​រទេ​ស​បើកបរ​យាន​យន្ត​ដោយ​គ្មាន​បណ្ណ​បើក​បរ បន្ត​អនុវត្ត​គោល​នយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព ​ការគ្រ​ប់គ្រង​ជនប​រទេសនិង​ចូលរួម​បង្ការ​ទប់​ស្កាត់​ក្រុម​មនុស្ស​ បង្ក​ភាព​អនា​ធិប​តេយ្យ រំលោភ​បំពាន​​ទន្ទ្រាន​ កាន់​កាប់​ដីធ្លី​របស់​រដ្ឋ របស់​​ពលរដ្ឋ។ល។»។

លោកស្រី ជៀប សុធា​រី អ្នក​សម្របសម្រួល​​អង្គ​ការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​ព្រះសី​ហ​នុ ​មើលឃើ​ញថា​ បទល្មើស​​ព្រហ្ម​ទណ្ឌ​នៅក្នុ​ង​ខេត្ត​នេះពិ​តជា​​មាន​ការ​កើន​ឡើង​មែន ប៉ុន្តែលោ​កស្រី​បានសា​ទរចំ​ពោះរ​បាយ​កា​រ​ណ៍រ​បស់​ស​ម​ត្ថកិច្ចដែល​បាន​បង្ហាញ​ការ​ពិតដែលថា​បទល្មើសព្រហ្មទណ្ឌមាន​ការ​កើន​ឡើង ព្រោះ​បច្ចុប្បន្ន​ពលរ​ដ្ឋមានការ​​បារ​ម្ភខ្លាំងអំ​ពី​សុវត្ថិភាព​របស់​ពួកគាត់ ស្រប​ពេល​កំណើន​ជន​បរ​ទេស​មានការ​កើន​ឡើង​ខ្លាំង ហើយ​ចំនួន​នៃ​អ្នក​ចំណូល​ថ្មី​ ក៏មាន​ការ​កើន​ឡើង​ផង​ដែរ។

លោ​កស្រី​បញ្ជាក់​ថា៖ «យើង​ទទួល​ស្គាល់​ថា ​បទ​ល្មើស​ពិត​ជាមា​ន​ការ​កើន​ឡើង​មែន​ បើ​ថា​នៅ​ពេល​បច្ចុប្បន្ន​នេះ​ថា សន្តិ​សុខ​អី​មាន​លក្ខណៈ​ល្អ​ប្រសើរ​អី គឺ​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​​ប​ទ​ល្មើស​​​មា​នកា​រ​​​កើនឡើង​​​ច្រើនណា​ស់ជា​ពិ​សេស​គ្រឿង​ញៀ​ន។ យើង​មានការ​ព្រួយបា​រម្ភ​ដែរពី​ការហូរចូល​ជន​បរទេស​និង​លំហូរ​ចូល​ជន​ចំណូល​ថ្មី ដែល​មាន​​ដោយ​ជន​ល្អ និង​ជន​អា​ក្រក់ ដូច្នេះ​ទាមទារ​ឲ្យ​កម្លាំង​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋា​ននិង​ប្រជា​ពលរដ្ឋ​ហ្នឹង ត្រូវ​សហកា​រគ្នា​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស និង​ផ្តល់​ព័ត៌មាន។ចំណែក​ស្ថាប័ន​តុលាការ ត្រូវ​ពង្រឹង​នូវ​ការ​អនុវត្ត​ច្បាប់​របស់​ខ្លួន»៕​