កំពង់ធំៈ យោងតាម​ទំព័រ​ហ្វេសប៊ុក​របស់​គម្រោង​រេដបូកទំរីង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៩ មេសា​ថា ក្រុមការងារ​ពង្រឹង​ការអនុវត្ត​ច្បាប់​នៃ​គម្រោង​រេដបូក​ទំរីង​ទាំងបី​ក្រុម​ និង​កងកម្លាំង​សហការ​ទាំងបី​ក្រុម បាន​ចុះ​ល្បាត​ព្រៃ​នៅ​តំបន់​អូរដៃជ្រៃ​ និង​តំបន់ ៣៥ ស្ថិតនៅក្នុង​ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ នៅតែ​រកឃើញ​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ការពារ ក្នុង​ពេល​ដែល​ជំងឺ​កូវីដ១៩​កំពុង​រីករាលដាល​នៅក្នុង​ប្រទេស។

ទំព័រ​ហ្វេសប៊ុក​ដដែល​បាន​ឲ្យ​ដឹងថា៖ «ជា​លទ្ធផល ក្រុមការងារ​បាន​ជួបប្រទះ​ទីតាំង​កាប់​រាន​ថ្មី​មួយ​កន្លែង​ហើយ​ជនល្មើស​បាន​រត់​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​ម៉ូតូ​ចំនួន ០១ គ្រឿង ហើយ​វត្ថុតាង​ត្រូវ​បាន​រក្សាទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រយា»។

ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ ក្រុម​ការងារ​គ្រប់គ្រង​គម្រោង​រេដបូកទំរីង និង​មន្ត្រី​ពង្រឹង​ការអនុវត្ត​ច្បាប់​នៅតែ​បន្ត​ធ្វើការ​យ៉ាង​យកចិត្ត​ទុកដាក់ ដើម្បី​ការពារ​ធនធាន​ព្រៃឈើ​នៅក្នុង​តំបន់​គម្រោង​ទាំងមូល។

ការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់តំបន់អូរដៃជ្រៃនិងតំបន់៣៥ ស្ថិតនៅក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នៃ២០២១។ រូបភាព គម្រោងរេដបូកទំរីង

លោក ឈុន ឌឺលុច ប្រធាន​គម្រោង​រេដបូកទំរីង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅថ្ងៃនេះ ថា បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ នៅតែ​បន្ត​កើតមាន​ដោយ​ក្រុម​ជនល្មើស​បាន​យក​ឱកាស​ដែល​មន្ត្រី និង​សហគមន៍​មិន​សូវ​ចុះ​ល្បាត ប្រព្រឹត្ត​សកម្មភាព​កាប់បំផ្លាញ។

លោក​បន្តថា៖ «តំបន់​ព្រៃ​នេះ គឺ​មិនមាន​មនុស្ស​ច្រើន ដែល​អាច​ឲ្យ​ឆ្លង​កូវីដ​នោះទេ ដូច្នេះ​សូម​មន្ត្រី​បន្ត​ចុះ​ល្បាត​បន្តទៀត។ ហើយ​មួយទៀត យើង​ត្រូវតែ​ជួយ​សហគមន៍​មួយ​ចំនួន​នៅក្នុង​តំបន់​នេះ ដូចជា​ជួយផ្តល់​ជា​អាហារ​ហូបចុក ដើម្បី​ឲ្យ​ពួកគាត់ បាន​ចុះ​ល្បាត ព្រោះ​រាល់​ថ្ងៃនេះ គាត់​ខ្វះ​អាហារ​ហូបចុក​ច្រើន​ណាស់»៕