ព្រះវិហារៈ ​បណ្ដាញ​សហ​គមន៍ការពារ​ព្រៃ​ឡង់​ នៅ​ភូមិ​ធ្មា ឃុំ​ធ្មា ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ​ បាន​​លើកឡើងថា អាជ្ញា​ធរ​ពាក់​ព័ន្ធ​ក្នុង​តំបន់​នេះ ​មិនទាន់​អាច​ទប់​ស្កាត់​សកម្ម​ភាព​កា​រ​កាប់​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​បាន​នៅ​ឡើយ​ ទេខ​ណៈបទ​ល្មើស​ក្នុង​តំបន់​នេះ​ បាន​កើត​ឡើង​ជា​ច្រើន​ខែ​ ហើយ​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​ចេញពី​ព្រៃ​នៅ​តែដំ​ណើរ​ការ​បាន​យ៉ាង​ងាយ​ស្ទើរ​រៀង​រាល់​ថ្ងៃ។

លោក ចាន់ សារិន យុវជន​ការពារ​ព្រៃ​ឡង់​នៅ​ភូមិ​ធ្មា​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុ​ស្ដិ៍​ថា ប​ច្ច​ប្បន្ន​តំបន់​ព្រៃ​ឡង់​ ស្ថិតក្នុង​ឃុំ​ធ្មា គឺមាន​ជនល្មើស​ជាច្រើន​ក្រុម​ដែល​​​​មួយក្រុម​មាន​គ្នា​ប្រហែល​ ១០ ​នាក់​បាន​និង​កំពុង​បន្ត​កាប់​បំផ្លាញ​និង​ដឹក​ជ​ញ្ជូន​ឈើ​ចេញពី​ព្រៃ​ហើយ​សកម្ម​ភាព​បែប​នេះ​ កើត​មាន​ជា​ច្រើន​កន្លែង ដូចជា ​ទី​តាំង​ប្រ​ឡាយ​ជ្រឹង និង​នៅក្បែរ​​អូ​រ​រោង​ជា​ដើម។

លោក សារិន ​បន្ត​ថា កាលពីថ្ងៃទី ២៣ ខែ​ឆ្នូ ​ឆ្នាំ​មុន ក្រុម​យុវជន​របស់​លោក​មាន​គ្នា​ ៤ នាក់បាន​ចុះ​ល្បាត​ព្រៃ​ឡង់​ហើយ​ក៏​បាន​ឃើញ​និង​ថត​បានសកម្មភាព​ ក្រុម​កាប់​ឈើ​កំពុង​ដឹក​ជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ឡង់​ស្ថិតក្នុង​ឃុំ​ធ្មា ស្រុក​ជ័យ​សែន ឆ្ពោះ​ទៅ​កាន់​សិប្បកម្ម​​កែច្នៃ​ឈើ​មួយ​កន្លែង​ស្ថិត​ក្នុង​ស្រុក​ឆែប។ ក្រោយ​ ១ ថ្ងៃ​មក​ក៏មាន​មន្ត្រី​ឧទ្យានុ​​រក្ស​នៅ​ទីស្នាក់​ការ​ឃុំ​ធ្មាចុះទៅ​តាម​ក្រោយ​ដល់​ទី​តាំង​នោះ​ប៉ុន្តែ​រហូត​មក​ទ​ល់ ពេ​ល​នេះ​​សកម្ម​ភាព​កាប់​ព្រៃ​បំផ្លាញ​ ព្រៃ​ឈើ នៅតែ​កើត​មាន​ដដែល។

លោក​ថា​៖ «មន្ត្រី​ឧ​ទ្យា​នុ​រក្ស​គាត់​ចុះ​តែ​អត់​មាន​ធ្វើ​សកម្មភាព​អី​ទេ ប្រហែល​គ្រាន់​តែ​ចុះ​មើល​អី​មិនដឹង​ទេ។ នៅ​ដដែល ​(ការកាប់​ឈើ) និយាយ​រួម​ទៅ​អាជ្ញា​ធរ​គាត់​ដូច​ជា ​អត់​យក​ចិត្ត​​ទុក​ដាក់ចំពោះ​ការ​បាត់​បង់​ព្រៃឈើ​របស់​យើង​​ផង។​នៅ​ពេល​ចុះទៅ​ពួក​ខ្ញុំ​បាន​ស្នើ​​​មន្ត្រី​ឧ​ទ្យានុ​រក្ស​ចុះ​ជា​មួយពួក​ឧទ្យានុ​​រក្ស​នោះ​ថា​គាត់​ជាប់រវល់ អ៊ីចឹង​ពួក​ខ្ញុំ​ទៅ​យើង​ធ្វើ​អី​អត់​កើតនៅពេល​ពួក​ខ្ញុំ​ត្រឡប់​មកវិញហើយ​ពួកគាត់​[អនុ​រក្ស] ចុះ​អត់​មាន​ធ្វើ​សកម្ម​ភាព​អី​ទេ»។

លោក ស្រី ថី អ្នក​សម្រប​សម្រួលព្រៃឡង់​ប្រចាំ​ខេត្ត​ព្រះវិ​ហារ​ដែល​បាន​ចុះ​ល្បាត​ព្រៃ​ឡង់​កាលពី​ថ្ងៃទី​ ២៣​ ខែធ្នូ​ដែរ នោះបាន​លើក​ឡើង​ថា ក្នុង​ ១ ទីតាំងគឺ​​លោក​ឃើញ​មាន​រថយន្ត​ធំៗ​ដឹក​​ឈើ​​ចេញពី​ព្រៃ​ឡង់​ពី ២ ​ទៅ​ ៣​ គ្រឿង ​ហើយ​​ឈើ​ទាំងនោះ​មាន​ដូច​ជា ខ្លុ​ង ត្បែង រាំង ស្រ​ឡៅ​ ជា​ដើមដែល​មាន​ទំហំ​មុខ​កាត់​ចាប់ពី​ ៥០ ​សង់​ទីម៉ែត្រ​ឡើងនិង​មាន​​ប្រវែង​ប្រហែល​ ៦ ​ម៉ែត្រ។ លើសពី​​នេះ​ក៏មាន​ដើម​ច្បោះជ័រ​របស់​ពលរដ្ឋក៏​​ត្រូវ​បាន​គេ​កាប់​​បំផ្លាញ​ដែរ​ ។​បើ​​តាម​លោក ​ថី អ្នក​កាប់​ឈើ​នោះ​គឺ​ជា​អ្នកមក​​ពី​ខេត្ត​ផ្សេងៗហើយ​មូល​ហេតុ​ដែល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ មិន​ចាត់​វិធាន​កា​រលើ​អ្ន​កប្រព្រឹត្ត​ល្មើសបា​នអាច​ដោយ​សារ​ទទួល​បា​ន​លុយ​កាក់ ហើយ​លោកថា​មានតែ​អាជ្ញា​ធរ​ថ្នាក់​ជាតិ​ប៉ុណ្ណោះ​​ ដែល​​អាច​ទប់​ស្កាត់​បាន។

លោក​ថា៖ « (ករណី​ដឹក​ជញ្ជូន​ឈើ) កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១៨ អំឡុង​ខែ​ ៥​ ទៅ​ខែ ៦។ កន្លែង​ហ្នឹង​ដូច​ថា​ យើង​អត់​ដែល​បាន​ដើរទៅ​ប៉ះចំ ណា៎ ដល់​យើង​ចុះទៅ​ដោយ​សារ​ពល​រដ្ឋ​រាយការណ៍​ហើយ​ទៅ​ឃើញ​»។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក វ៉ាន់ ស៊ុយ ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ឃុំ​ធ្មា​បញ្ជាក់​ ថា កម្លាំង​ចម្រុះ​ដែល​មាន​ទាំង​មន្ត្រី​នគរបាលគឺ​បាន​ចុះទៅ​ដល់ទី​តាំង​កាប់​ឈើ​ក្នុង​តំបន់​ព្រៃឡង់​នោះ​មែន ប៉ុន្តែ​ពេល​ចុះទៅ​ដល់​គឺ​ក្រុម​ជនល្មើស​បាន​ដឹង​ខ្លួន​ ​ជា​មុន​ដោយ​សារ​បែក​ការពី​​ពលរដ្ឋ។

លោក​ថា៖ ​«នៅ​ពេល​ពួក​យើង​ចុះ​ទៅវា​ស្ងាត់​ជ្រងំ​នៅពេល​ដក​មកវិញ​ពួកវា (ជន​កាប់​ឈើ) បាន​ធ្វើការ​វិញ​អ៊ីចឹង​ណា៎​ វា​ពិបាក​អ៊ីចឹង។ នៅពេលទៅ​​ដល់​កន្លែង​ហ្នឹង​ពិតជា​កន្លែង​កាប់​​មែន តែ​គេ​ជញ្ជូន​ចេញ​អស់​ហើយ ដល់​ពេល​ឱ្យ​ជួប​អា​ជន​ប្រព្រឹត្ត​ហ្នឹង​គឺ​អត់​ជួប​​ទេ។ ធម្មតា​កាល​ណា​យើង​ចេញ​ទៅ​ពលរដ្ឋ​ខ្លះ​ស្រ​ឡាញ់​ធន​ធាន​ធម្ម​​ជាតិ​គាត់​ជួយ​ការពារ​យើង ប៉ុន្តែ​ពលរដ្ឋ​ខ្លះ​អត់​ជួយ​ការពារ​យើង​ទេ ដល់​ពេល​យើង​ចុះទៅ គា​ត់ប្រាប់​តៗគ្នា​ទៅ មាន​ពលរដ្ឋ​ខ្លះ​គាត់​ជា​អ្នក​បំផ្លាញ​ដែរ​ហ្នឹង​ណា៎»។

លោក ស៊ុយ ​បញ្ជាក់ថា បច្ចុប្បន្ន​ដោយ​សារ​កម្លាំង​ចុះ​ការពារ​ព្រៃ​មិន​គ្រប់ ទើប​ធ្វើ​ឱ្យ​ជន​ល្មើស​នៅតែ​អាច​ប្រ​ព្រឹត្ត​​ការ​កាប់​ព្រៃ​បែប​នេះ។

រីឯ​លោក សុង ច័ន្ទ​សុជាតិ ប្រធាន​មន្ទីរ​បរិ​ស្ថាន​ខេត្ត​ព្រះ​​វិហារ​បញ្ជាក់​ថា លោក​មិន​ទាន់​ដឹង​អំពី​ករណីនេះ​ទេ ព្រោះ​តំបន់​ព្រៃ​ឡង់​ក៏មាន​ករណី​កាប់​ព្រៃ​ឈើ​នៅ​តំបន់​ផ្សេង​ដែរ។

លោក មាស ញឹម ប្រធាន​ការិយាល័យ​ដែន​ជម្រក​សត្វ​ព្រៃ​បឹង​ពែរ​ បាន​អះ​អាង​ថា តំបន់​មាន​កាប់​ឈើ​នេះ​គឺ​ស្ថិត​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​តែម្ដង ហើយ​កន្លង​មក ខាង​លោក​ក៏​ធ្លាប់​បង្ក្រាប​ករណី​បញ្ជូន​ទៅ​តុលា​ការ​ខ្លះ​ដែរ។ លោក​​បន្តថា ករណី​កាប់​ឈើ​ក្នុង​ភូមិ​ធ្មា​នេះ គឺមាន​អ្នក​កាប់មួយ​ចំនួន​ជា​ពលរដ្ឋ​ក្នុង​ភូមិ​តែ​ម្ដង ដោយ​សារ​តែ​មាន​ឈ្មួញ​មាន​លុយ​ពី​ខាង​ក្រៅ​ចាំ​ទទួលទិញ។

លោក​បាន​បញ្ជាក់​ថា៖ «ជាង​ ១០ ​ម៉ឺន​ហិ​កតា​ហើយ​មនុស្ស​មាន​តែ ​១០ ​នាក់​ អ៊ីចឹង​បើ​យើង​ចង់​បង្ក្រាប​ឱ្យ​គ្រប់​តែ​ម្ដង គឺ​ទាល់​តែ​មនុស្ស​ទាំង​អ​ស់បុ​ក​ចូល​កន្លែង​ហ្នឹងហើយ​ឈរ​ប្រចាំការ​ចាំ​ចាប់​កន្លែង​ហ្នឹង​តែ​ម្ដង។ អ៊ីចឹង​ព័ត៌មាន​បទ​ល្មើស​កើត​ឡើង​មិន​មែន​តែ​ម៉ា​កន្លែង​ទេ ដូច​ថា ​នៅ​កន្លែង​ A កន្លែង​ B និង​កន្លែង ​C អ៊ីចឹង​នៅ​ពេល​យើង​ទៅ​កន្លែង ​A វាដក​អស់ ទៅ​កន្លែង​ B ​ទៀត»។

លោក អាង ជាតិ​ឡោម នា​យក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ​ខេត្ត​ព្រះវិហារ​លើក​​ឡើង​ថា បទល្មើស​ព្រៃ​នៅ​តំបន់​ព្រៃ​ឡង់​​គឺ​កើត​ឡើង​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ ហើយ​ការ​បង្ក្រាប​របស់​កម្លាំង​សមត្ថ​កិច្ច​កន្លង​មក គឺ​បាន​ត្រឹម​តែ​ធ្វើ​ឱ្យ​ជន​ល្មើស​ស្ងប់​ស្ងាត់​មួយរយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។

លោក​ថា៖ «មន្ត្រី​អនុវត្ត​ច្បាប់​ហ្នឹង គាត់​ប្រយុទ្ធ​ប្រឆាំង​មែន​ទែន ចាប់​មែនទែន ហើយ​មន្ត្រី​រដ្ឋាភិ​បាល​ហ្នឹង​ត្រូវតែ​យក​ច្បាប់​ជា​ធំ​មិន​ត្រូវ​មាន​ការ​យោគ​យល់​ទេ»៕