ឧត្តរមានជ័យៈ ព្រះអង្គ ប៊ុន សាលួត ប្រធាន​សហគមន៍​ព្រៃសង្ឃ​រុក្ខវ័ន​បាន​ចំណាយ​បច្ច័យ​ជាង​ ២ ​ពាន់​ដុល្លារ​ដើម្បី​ជួល​ព្រះសង្ឃ​ឲ្យ​មក​ឆ្លាក់​រូប​សត្វព្រៃ​ជាច្រើន​ប្រភេទ​នៅលើ​គល់ឈើ​ធ្នង់​ដ៏ធំ​ និង​កម្រ​មួយ​ដែល​នៅ​សេសសល់​តាំងពី​សម័យ​ឥស្សរៈ​ដើម្បី​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បានដឹង និង​ស្គាល់​ពី​ប្រភេទ​សត្វ​ដែលមាន​ក្នុង​តំបន់​ព្រៃសង្ឃ​រុក្ខវ័ន​នេះ​។ ​ជុំវិញ​មូលហេតុ​នៃ​ការឆ្លាក់​រូបនេះ​ព្រះអង្គ ប៊ុន សាលួត បានផ្ដល់​បទសម្ភាស​ជាមួយ​លោក ខន សាវិ អ្នកយក​ព័ត៌មាន​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្មីៗ​នេះ​ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម​៖

អ្នកយកព័ត៌មាន​៖ ខ្ញុំ​ព្រះកុរណា​សូម​ថ្វាយបង្គំ​ព្រះអង្គ!

ព្រះសង្ឃ៖ ចម្រើនពរ​ញោម!

សំណួរ​៖ ព្រះអង្គ​! ខ្ញុំព្រះករុណា​បានឃើញ​គល់ឈើ​មួយ​ដែល​ឆ្លាក់​រូប​សត្វ​ជាច្រើន​ប្រភេទ និង​រូប​ផ្សេងៗ​មួយ​ចំនួនទៀត​។ តើ​មូល​ហេតុអ្វី​បាន​ជា​ឆ្លាក់​រូប​លើ​គល់​ធ្នង់​នេះ ហើយ​មាន​រូប​អ្វីខ្លះ​ព្រះអង្គ​?

ចម្លើយ​៖ ពរ! ពីមុនមក​អ៊ីចេះ​ទេ យើង​បាន​យក​គល់​ហ្នឹង​ចេញពី​ព្រៃ​មក ហើយ​គល់​នោះ​បើ​តាម​ការសិក្សា​អំពី​ស្នាក​ស្នាម​កាប់​មើល​ទៅ​គឺ​ត្រូវបាន​គេ​កាត់​ដោយ​ដៃ​ដើម្បី​យក​ដើម ហើយ​បន្សល់ទុក​គល់​របស់​វា​នៅក្នុង​ដី​គឺអាច​តាំងពី​សម័យកាល​ខ្មែរឥស្សរៈ​។ គល់​ហ្នឹង​ធំ​ហើយ​មាន​ឫស​ច្រើន ហើយ​មិនមែន​ទើប​កាត់​ដើម​នៅ​សម័យ​នេះ​ទេ ហើយ​អាត្មា​ថា គល់​នេះ​គឺ​មិនមាន​ ២ ​ទេ​នៅលើ​ផ្ទៃ​ប្រទេស​របស់​យើង ហើយ​បើទោះបី​ជា​មាន​គល់​ផ្សេង​ធំ​ជាង​គល់​ហ្នឹង ក៏ប៉ុន្តែ​ឫស​មិន​អាច​មាន​ច្រើន​ដូច​គល់​នេះ​ទេ​។

អ៊ីចឹង! អាត្មា​ថា​ក្នុង​ប្រទេស​យើង​នេះ​គឺ​អាច​មាន​តែ​ ១​។

សំណួរ ៖ ព្រះអង្គ​ឆ្លាក់​រូប​លើ​គល់​ឈើ​ធ្នង់​នេះ​ដោយ​អង្គឯង ឬ​យ៉ាងម៉េច​ព្រះអង្គ​?

ចម្លើយ​៖ អាត្មា​ជួល​គេ​មក​ឆ្លាក់​ទេ​ញោម គឺ​ជួល​លោក​ (​ព្រះសង្ឃ​) ​ឱ្យ​មក​​ឆ្លាក់​ឱ្យ ដោយ​ប្រើ​រយៈពេល​ ២ ​ខែ​កន្លះ​។ ការ​ឆ្លាក់​ចាប់ផ្ដើម​ពី​ខែ​ ២ [ កុម្ភៈ​]​ដល់​អំឡុង​ខែ​ ៤ [​មេសា​] ​ឆ្នាំ​ ២០១៩ គឺ​ក្រោយពី​គល់​ធ្នង់​ហ្នឹង​ត្រូវ​បាន​យកចេញ​ពី​ក្នុងព្រៃ​កាលពី​ឆ្នាំ​ ២០១៨​។ កាលពី​ដឹក​គល់​ធ្នង់​ហ្នឹង​ចេញពី​ព្រៃ​មក​ភ្លាម មាន​គេ​សុំ​ទិញ​ដែរ​តើ​ញោម ដោយ​គេ​ឱ្យ​ថ្លៃ ៧ ០០០ ​ដុល្លារ តែ​អាត្មា​ថា អត់​លក់​ទេ ព្រោះ​វា​ជា​គល់​តែ​ ១ ​មាន​នៅ​ខេត្ត​អាត្មា​។

ចំពោះ​ព្រះសង្ឃ​ដែល​ចេះ​ឆ្លាក់​ហ្នឹង​គឺ​និមន្ត​មកពី​ខេត្តបាត់ដំបង​។ ព្រះសង្ឃ​ដែល​មក​ឆ្លាក់​ហ្នឹង​គឺ​អាត្មា​បាន​ប្រគេន​បច្ច័យ​លោក​ ២៥០០ ​ដុល្លារ​។ ក្រៅពី​ព្រះសង្ឃ​អង្គ​នេះ​ក៏​នៅមាន​ញោម​ជួយ​ឆ្លាក់ និង​មាន​សង្ឃ​ ៣ ​អង្គ​ទៀតផង​ដែរ​។ តាមពិត​យើង​ចំណាយ​អស់​ច្រើន​ជាង​ហ្នឹង បើ​គិត​តាំងពី​ចង្ហាន់​ព្រះសង្ឃ ថ្លៃ​ប្រេងម៉ាស៊ូត និង​សម្ភារ​ផ្សេងៗ​ទៀត​នោះ​។

សំណួរ ៖ រូបចម្លាក់​ដែល​មាន​នៅលើ​គល់​ធ្នង់​នេះ តំណាង​ឱ្យ​អ្វីដែល​ជាការ​សំខាន់​ដែរ​ទៅ​ព្រះអង្គ​?

ចម្លើយ ៖ ចម្រើនពរ​! រូបចម្លាក់​ទាំងអស់​នេះ​គឺ​ចង់​សម្គាល់​អំពី​សត្វ​ដែល​មាន​នៅ​ព្រៃសង្ឃ​រុក្ខវ័ន​ផង ហើយ​ចង់​និយាយ​អំពី​ប្រាសាទ​អង្គរវត្ត ព្រះពុទ្ធ​រូប​គង់​ក្រោម​ដើម​ពោធិ៍​ធ្វើ​សមាធិ ព្រះសង្ឃ​បិណ្ឌបាត និង​ឆ្លាក់​អំពី​ពលរដ្ឋ​កសិករ ដូចជា រូបអ្នក​ឡើងត្នោត ស្ដ្រី​កំពុង​ដាល់​អំបុក និង​អ្នក​បររទេះ​ផងដែរ​។

ព្រះអង្គ​មាន​សង្ឃដីកា​ថា ចំពោះ​សត្វ​ដែល​កំពុង​រស់នៅក្នុង​តំបន់​ព្រៃសង្ឃ​រុក្ខវ័ន​លើ​ផ្ទៃ​ការពារ​ទំហំ ៣០ ២៥៤ ហិកតា លាតសន្ធឹង​ក្នុង​ស្រុក​អន្លង់វែង ស្រុក​ចុងកាល់ និង​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​គឺ​មាន​ប្រភេទ​សត្វព្រៃ​ជាច្រើន​កំពុង​រស់នៅ​ដូច ខ្លា ខ្ទីង ទន្សោង ប្រើស រមាំង ឈ្លូស ជ្រូកព្រៃ ចចក ស្វា ពស់ និង​ក្រពើ ជាដើម​។ ចំណែក​ប្រភេទ​បក្សី​មាន​ដូចជា ក្ងោក ត្រយង​យក្ស ត្មាត ត្រដក់ គឺ​សុទ្ធតែ​ជា​ប្រភេទ​សត្វ​ដែល​បាន​ឆ្លាក់​នៅលើ​គល់​ធ្នង់​នោះ​។ ការឆ្លាក់​ហ្នឹង​មាន​បំណង​ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បានដឹង និង​ស្គាល់​ប្រភេទ​សត្វព្រៃ​ដែលមាន​នៅក្នុង​តំបន់​នេះ​។

សំណួរ៖ តើ​បច្ចុប្បន្ន​រូបចម្លាក់​លើ​ឈើ​ធ្នង់​ហ្នឹង ទុកដាក់​នៅ​កន្លែង​ណា​ព្រះអង្គ​?

ចម្លើយ! ពរ​! ឥឡូវ​ទុក​នៅ​កន្លែង​ស្នាក់ការ​ដែល​ជា​កន្លែង​ឆ្លាក់​ហ្នឹង​សិន ហើយ​អាត្មា​គឺ​មាន​បំណង​ដឹក​យកទៅ​ដាក់​នៅក្នុង​វត្ត​នៅ​ទី​រួម​ខេត្ត ​គឺ​វត្តប្រាសាទ​រាជា ប៉ុន្តែ​ឥឡូវ​រក​អី​មក​ដឹក​យក​ទៅ​វា​មិនទាន់បាន​។

សំណួរ​៖ មូលហេតុ​អី​បាន​ព្រះអង្គ​ចង់​យកទៅ​ដាក់​នៅ​វត្ត​ហ្នឹង​?

ចម្លើយ​៖ អាត្មា​គិត​ថា​គឺ​ដើម្បី​តម្កល់​​ទុក​នៅ​វត្ត​ហ្នឹង​ឱ្យមាន​ ១ ​រយ​ ១ ​ពាន់​​ឆ្នាំ​ទៅ​មុខទៀត សម្រាប់​កូនចៅ​យើង​ជំនាន់​ក្រោយ​បាន​មើល​បានឃើញ​។ អ្នក​មិន​បាន​មក​ឃើញ​សត្វ​នៅ​ព្រៃសង្ឃ​រុក្ខវ័ន​ផ្ទាល់ តែ​ដល់​ពេល​មក​មើលរូប​ចម្លាក់​ហ្នឹង​ទៅ គេ​នឹង​បាន​ស្គាល់​ប្រភេទ​សត្វ​អី​ខ្លះ​ដែល​មាន​នៅក្នុង​ព្រៃសង្ឃ​រុក្ខវ័ន​បច្ចុប្បន្ន​។ អាត្មា​បញ្ជាក់​ថា គល់​ធ្នង់​ដែល​ត្រូវបាន​ឆ្លាក់​ឱ្យមាន​រូប​ផ្សេងៗ​នេះ គឺ​មាន​កម្ពស់​ជាង​ ៣ ​ម៉ែត្រ និង​ទទឹង​ជាង​ ២ ​ម៉ែត្រ​។

ការដែល​អាត្មា​កំពុង​និយាយ​ជាមួយ​ញោម​នេះ ថ្ងៃនេះ​អាត្មា​មក​ចុះ​ល្បាត​ព្រៃ រួមជាមួយ​សហគមន៍​ហើយ​ទើប​បង្ក្រាប​បាន​គោយន្ត​ ៣ ​គ្រឿង​ដែល​លួច​ដឹកឈើ​ផ្ចិក​ ៣ ​ដុំ​មាន​មុខកាត់​ ៤០ ​សង់ទីម៉ែត្រ និង​ប្រវែង​ប្រហែល​ ៥ ​ម៉ែត្រ​។ រីឯ​គោយន្ត​ ២ ​គ្រឿង​រួមទាំង​ឈើ​ ២ ​ដុំ​ទៀត​ត្រូវ​បាន​ម្ចាស់​បើក​គេច​ខ្លួនបាត់ ដោយ​ពួក​អាត្មា​តាម​មិនទាន់​៕