លោក George Edgar ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ ប្រចាំ​កម្ពុជា​បច្ចុប្បន្ន​នឹង​ត្រូវ​​ចាកចេញ​ពី​កម្ពុជា​នៅ​ចុង​ខែ​សីហា​​នេះ​ បន្ទាប់​ពី​លោក​បាន​បំពេញ​ការងារ​អស់​រយៈពេល​ជិត​ ៥ ឆ្នាំ។ ​លោកស្រី Carmen Moreno ដែល​ជា​​ជនជាតិ​អេស្ប៉ាញ​ នឹង​មក​ជំនួស​តំណែង​របស់​លោក​នៅ​ដើម​ខែ​កញ្ញា​។ ភ្នំពេញ​ប៉ុស្តិ៍​បាន​​សម្ភាសន៍​​ជាមួយ​លោក George Edg​ar អំពី​សមិទ្ធផល​ក្នុង​អំឡុង​ពេល​​ដែល​លោក​បាន​​បំពេញ​ការងារ​​​រយៈពេល​ជិត​ ​៥ ​ឆ្នាំ ​នៅ​កម្ពុជា​។

ខាង​ក្រោម​នេះ ​គឺ​​ជា​ប្រសាសន៍​របស់​លោក​ដែល​ចំណុច​ខ្លះ​ ត្រូវ​បាន​សង្ខេប​​មាន​ខ្លឹមសារ​ដូច​តទៅ​៖

សូម​លោក​រៀបរាប់​អំពី​សមិទ្ធផល​នានា​ដែល​លោក​បាន​សម្រេច​ក្នុង​ពេល​លោក​បាន​បំពេញ​ការងារ​នៅ​កម្ពុជា

ខ្ញុំ​បាន​បំពេញ​ការងារ​ជា​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​ចាប់​ពី​ខែ ​កញ្ញា ឆ្នាំ​ ២០១៥​។ ក្នុង​រយៈពេល​នេះ ខ្ញុំ​មាន​ភាព​រីករាយ​ដែល​បាន​ឃើញ​មាន​ការ​បញ្ចប់​​គម្រោង​សហប្រតិបត្តិការ​របស់​យើង​ចំនួន ​៤ ស្ថិត​ក្រោម​ថវិកា​សម្រាប់​ឆ្នាំ​ ២០០៧ ដល់​ឆ្នាំ ​២០១៣ នោះ​​គឺ​កិច្ច​ការ​កសិកម្ម និង​នេសាទ កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​វិមជ្ឈការ ព្រម​​ទាំង​ការ​ចាប់​ផ្ដើម​សកម្មភាព​ក្នុង​កិច្ច​ការ​ប្រហាក់​ប្រហែល​គ្នា​ស្ថិត​ក្រោម​កម្មវិធី​ពី​ឆ្នាំ ​២០១៤ ដល់​ ២០២០ របស់​យើង។

ឆ្នាំ​ ២០១៨ គឺ​ជា​ឆ្នាំ​ដែល​​យើង​បាន​ឃើញ​មាន​ការ​ប្ដេជ្ញា​ផ្ដល់​ថវិកា និង​ការ​ចំណាយ​ប្រាក់​​ខ្ពស់​បំផុត ហើយ​យើង​ក៏​កំពុង​រង់ចាំ​មើល​លទ្ធផល​ជាក់​ស្ដែង​ចម្បងៗ​កើត​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​បច្ចុប្បន្ន​​របស់​យើង ដែល​មាន​ថវិកា​សរុប​ជាង ៤១០ ​លាន​យូរ៉ូ ក្នុង​រយៈពេល​ជាង ​៧ ​ឆ្នាំ ក្នុង​ការ​ផ្ដល់​កម្ចី​ឥត​សំណង និង​​​មាន​ទឹក​ប្រាក់​ជាង ​៥០០ ​លាន​យូរ៉ូ បើ​យើង​រាប់​បញ្ចូល​ទាំង​កម្មវិធី​ក្នុង​តំបន់​ដែល​មាន​ផល​ប្រយោជន៍​ដល់​កម្ពុជា​ផ្ទាល់។

កាល​ពី​ថ្ងៃទី ​២១ សីហា ​ថ្មីៗ​នេះ យើង​បាន​ចាប់​ផ្ដើម​កម្មវិធី​គាំទ្រ​ផ្នែក​នេសាទ ដែល​មាន​ទឹក​ប្រាក់ ​៨៧ ​លាន​យូរ៉ូ ដោយ​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ និង​អង្គការ​អន្តរជាតិ​ ដើម្បី​គាំទ្រ​ដល់​ការ​នេសាទ​ត្រី​ដោយ​ចីរភាព និង​ភាព​ទំនើប​នៅ​កម្ពុជា និង​ដើម្បី​ធានា​ថា ​វិស័យ​នេះ​ ដើរ​តួ​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។

ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ផ្សេងៗ​នៃ​ប្រទេស ​កម្ពុជា​ បាន​ជួប​ប្រជាជន​ទាំង​ប្រុស​ទាំង​ស្រី​ក្នុង​សហគមន៍​នេសាទ កសិករ កូន​ក្មេង​ និង​មនុស្ស​វ័យ​ជំទង់ ដែល​បាន​ទទួល​ផល​ពី​កម្មវិធី​នេះ។ ដោយ​ខ្ញុំ​បាន​ធ្វើ​ការ​នៅ​កម្ពុជា​ កាល​ពី​ចុង​ទសវត្សរ៍​ ១៩៩០ ខ្ញុំ​បាន​ឃើញ​ដោយ​ផ្ទាល់ ​​​អំពី​ការ​វិវត្ត​នៅ​ប្រទេស​នេះ​ ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច និង​ក្នុង​ការ​ជម្នះ​លើ​កេរ​ដំណែល​នៃ​បទ​ពិសោធ​ដ៏​អាក្រក់​នៃ​ទសវត្សរ៍ ​១៩៧០​។ ខ្ញុំ​រីករាយ​ដែល​សហភាព​អឺរ៉ុប​ បាន​ដើរ​តួ​ជា​ផ្នែក​មួយ​នៃ​ការ​រីក​ចម្រើន​នេះ។

ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែរ​ដែល EU បាន​បន្ត​គាំទ្រ​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម ក្នុង​កិច្ច​ការ​ផ្ដល់​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​នៅ​ក្នុង​សម័យ​​ខ្មែរ​ក្រហម។ EU ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​គឺ​ជា​ម្ចាស់​ជំនួយ​​ពី​ក្រៅ​ប្រទេស​ធំ​ជាង​គេ​ សម្រាប់​ភាគី​ជាតិ​នៃ​សាលា​ក្ដី​នេះ។ វា​ជា​​បទ​ពិសោធដ៏​រំភើប​សម្រាប់​ខ្ញុំ​ដែល​បាន​ចូលរួម​សវនាការ​នៅ​ ECCC និង​បាន​ស្ដាប់​ដោយ​ផ្ទាល់​នូវ​សក្ខីកម្ម​របស់​មនុស្ស​ ដែល​បាន​រង​ទុក្ខ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្មែរ​ក្រហម។ 

យើង​ក៏​​ជា​អ្នក​គាំទ្រ​ សម្រាប់​កិច្ចការ​របស់​កម្ពុជា​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ការ​​ប្រែប្រួល​អាកាសធាតុ គឺ​ជា​អ្នក​ផ្ដល់​ជំនួយ​ធំ​បំផុត​សម្រាប់ ​«សម្ព័ន្ធភាព​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា»។ គ្មាន​អ្វី​ជា​បញ្ហា​សំខាន់​ជាង​ការ​​ប្រឈម​មុខ​​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ​​ទេ​​នា​ពេល​បច្ចុប្បន្ន​នេះ ហើយ​វា​ជា​បញ្ហា​ដែល​យើង​ត្រូវ​តែ​ធ្វើ​ការ​រួម​គ្នា។

ចុះ​ពាក់ព័ន្ធ​ផ្នែក​សេដ្ឋកិច្ច​ ​តើ​លោក​បាន​ធ្វើ​អ្វីខ្លះ​ដែរ?

ផ្នែក​សេដ្ឋកិច្ច​វិញ ខ្ញុំ​បាន​ធ្វើ​ការ​​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​ពី​សហភាព​អឺរ៉ុប​បន្ថែម​ទៀត​នៅ​កម្ពុជា​ និង​គាំទ្រ​ទំនាក់​ទំនង​ល្អ​ផ្នែក​​ពាណិជ្ជកម្ម​ រួម​មាន ​តាមរយៈ​ការ​សម្របសម្រួល​ក្នុង​ការ​ផ្ដល់​ការ​កំណត់​ភូមិសាស្ត្រ​តំបន់​​ការពារ​ចំពោះ​ម្រេច​កំពត គាំទ្រ​ដោយ​ EU ហើយ​ថ្មីៗ​នេះ​ គឺ​ការ​សម្រប​សម្រួល​ផ្ដល់​ជំនួយ​សម្រាប់​ស្ករ​ត្នោត​កំពង់​ស្ពឺ។ យើង​គ្រោង​នឹង​ចាប់​ផ្ដើម​គម្រោង​​ពាណិជ្ជកម្ម​មួយ​ ដែល​មាន​ឈ្មោះ​ថា Arise Plus ដែល​គម្រោង​នេះ​ចូលរួម​ក្នុង​ការ​តភ្ជាប់ និង​​សមាហរណកម្ម​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​ប្រទេស​អាស៊ាន​​ផ្សេង​ទៀត ជា​ពិសេស​​​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​​ការ​ទទួល​បាន​ឋានៈ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ​២០៣០។

ខ្ញុំ​សង្ឃឹម​ថា តាមរយៈ​សកម្មភាព​របស់​ស្ថានទូត​ EU នៅ​ទីនេះ និង​តាមរយៈ​ការ​ចូលរួម​របស់​ខ្ញុំ​ក្នុង​កិច្ច​ការ​ទូត​សាធារណៈ ខ្ញុំ​បាន​​​បង្ហាញ​​​ថា តើ EU ជា​អ្វី ហើយ​វា​ឈរ​លើ​មូលដ្ឋាន​អ្វី​ ពាក់ព័ន្ធ​នឹង​គោល​នយោបាយ និង​គុណ​តម្លៃ។ ខ្ញុំ​សប្បាយ​រីករាយ​ដែល​បាន​ជួប​ជាមួយ​និស្សិត​ និង​មនុស្ស​ក្មេងៗ នៅ​សាកល​វិទ្យាល័យ តាមរយៈ​បណ្ដាញ​អ្នក​បញ្ចប់​ការ​សិក្សា​ពី​កម្មវិធី Erasmus និង​តាមរយៈ​​អង្គការ​សង្គម​​ស៊ីវិល​នានា​។

ប្រទេស ​កម្ពុជា ​មាន​យុវជន​ដែល​មាន​ទេពកោសល្យ​ជា​ច្រើន ហើយ​ខ្ញុំ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ប្រើ​សមត្ថភាព​របស់​ពួក​គេ​ឲ្យ​អស់​លទ្ធភាព ដើម្បី​ទទួល​បាន​នូវ​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ជីវិត និង​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស​របស់​​ពួក​គេ។

តើ​លោក​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​អ្វី​ខ្លះ?

នៅ​កម្រិត​មួយបញ្ហា​ប្រឈម​ធំ​ជាង​គេ​ គឺ​ពេល​វេលា ពីព្រោះ​ថា​ មិន​មាន​ពេល​គ្រប់គ្រាន់​បើ​ទោះបី​ជា ​៤ ​ឆ្នាំ​ក៏​ដោយ ក្នុង​ការ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ ដែល​យើង​ចង់​ធ្វើ​។ មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ ហើយ​មាន​រឿង​ច្រើន​ទៀត​ដែល​ត្រូវ​ឃើញ និង​យល់​ដឹង​បន្ថែម។ ខ្ញុំ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​​ប្រទេស​មួយ​នេះ​ដែល​ខ្ញុំ​បាន​រស់នៅ ​៤ ​ឆ្នាំ​ចុង​ក្រោយ​ ដើម្បី​ស្វែងយល់​ពី​កម្ពុជា ពី​ប្រវត្តិសាស្ត្រ​ វប្បធម៌ និង​នយោបាយ​។ ប៉ុន្តែ​នៅ​ពេល​យើង​ដឹង​កាន់​តែ​ច្រើន ទើប​យើង​ដឹង​ខ្លួន​ឯង​​ថា យើង​មិន​ដឹង​អ្វី​ទេ។

មិនមែន​គ្រប់​កិច្ចការ​​នៃ​ទំនាក់ទំនង​រវាង EU និង​កម្ពុជា សុទ្ធ​តែ​រលូន​នោះ​ទេ ហើយ​ការ​ព្រួយ​​បារម្ភ​របស់​យើង​រឿង​សិទ្ធិ​នយោបាយ​លម្ហ​​សម្រាប់​សង្គម​​ស៊ីវិល និង​បញ្ហា​​ពលកម្ម ​និង​ដីធ្លី​​ខ្លះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​ផ្ដើម​នីតិវិធី​មួយ​ដែល​អាច​ឈាន​ដល់​ការ​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា គឺ​កម្មវិធី «គ្រប់​មុខ​ទំនិញ​លើកលែង​តែ​អាវុធ» EBA។

ប៉ុន្តែ​វា​ជា​រឿង​សំខាន់​ និង​វិជ្ជមាន​ដែល​ EU និង​អាជ្ញាធរ​កម្ពុជា​ បាន​បន្ត​ពិភាក្សាគ្នា​ក្នុង​កម្រិត​ការងារ​ និង​កម្រិត​នយោបាយ​ ដើម្បី​ស្វែងរក​ដំណោះស្រាយ។ ខ្ញុំ​ក៏​សូម​ថ្លែង​អំណរគុណ​ដល់​ដៃ​គូ​សន្ទនា​សម្រាប់​ភាព​រួសរាយ​រាក់ទាក់​ និង​ភាព​កក់ក្ដៅ​ឥតខ្ចោះ​នៅ​កម្រិត​បុគ្គល បើ​ទោះបី​ជា​យើង​ត្រូវ​ពិភាក្សា​លើ​បញ្ហា​ស្មុគស្មាញ​ទាំង​នោះ​ក៏​ដោយ។ 

តើ​លោក​មាន​ការ​រំពឹង​ទុក​យ៉ាង​ណា​ អំពី​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA?

ដំណាក់កាល​ឃ្លាំមើល ​៦ ​ខែ​ ដែល​ជា​​ដំណាក់កាល​ដំបូង​នៃ​ការ​អនុវត្ត​នីតិវិធី​ផ្អាក​ EBA ត្រូវ​បាន​សន្និដ្ឋាន​កាល​ពី​ថ្ងៃទី ​១២ ខែ ​សីហា​ កន្លង​ទៅ។ នៅ​ក្រោម​គោលការណ៍​អនុគ្រោះ​ពន្ធ GSP របស់​ EU គណៈកម្មការ​អឺរ៉ុប​ពេល​នេះ​មាន​ពេល​ច្រើន​បំផុត ​៣ ​ខែ​ ដើម្បី​ធ្វើ​សេចក្ដី​ព្រាង​លើ​ការ​សន្និដ្ឋាន​នេះ។ ការ​សន្និដ្ឋាន​នេះ​នឹង​ត្រូវ​ផ្ញើ​ជូន​ដល់​កម្ពុជា​ ដែល​មាន​ពេល ​១ ​ខែ ​សម្រាប់​ការ​ឆ្លើយ​តប។ បន្ទាប់​ពី​នោះ​មក គណៈកម្មការ​អឺរ៉ុប​នឹង​សម្រេច​ចិត្ត​ជា​ផ្លូវ​ការ​នៅ​ត្រឹម​ថ្ងៃ​ទី ​១២ ខែ ​កុម្ភៈ ឆ្នាំ ​២០២០ ថា​​តើ​ត្រូវ​ផ្អាក​ EBA ឬ​អត់ ហើយ​បើ​ផ្អាក ផ្អាក​​ផ្នែក​ខ្លះ​ ឬ​ផ្អាក​ទាំង​មូល។

ប្រសិន​​បើ​មាន​ការ​សម្រេច​ចិត្ត​ផ្អាក​នោះ រយៈពេល ​៦ ​ខែ ​​​ត្រូវ​បាន​ផ្ដល់​ឲ្យ ​មុន​ពេល​ការ​ផ្អាក​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ។​ ការ​សម្រេច​ចិត្ត​នេះ​នឹង​អាស្រ័យ​ទៅ​លើ​ការ​វិភាគ​លើ​សកម្មភាព​ដែល​កម្ពុ​ជា​បាន​ធ្វើ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស ​និង​សិទ្ធិ​ការងារ​ដែល​ជា​មូលដ្ឋាន​នៃ​ការ​សម្រេច​ចិត្ត​ចាប់​ផ្ដើម​នីតិវិធី​ផ្អាក EBA។

បញ្ហា​ទាំង​នេះ​ត្រូវ​បាន​បរិយាយ​លម្អិត​នៅ​ក្នុង​កំណត់​សម្គាល់​មួយ​ដែល​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោយ​ EU កាល​ពី​ខែ​មីនា ​កន្លង​ទៅ។ អាជ្ញាធរ​កម្ពុជា​ឥឡូវ​នេះ បាន​ដាក់​របាយការណ៍​ទៅ​កាន់​គណៈកម្មការ​អឺរ៉ុប ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កំណត់​សម្គាល់​​​​នោះ។

កាល​ពី​ខែ​មិថុនា​បេសកកម្ម​ឃ្លាំមើល​របស់​ EU ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ បាន​កត់​សម្គាល់​នូវ​វិធានការ​ដែល​កម្ពុជា​បាន​ធ្វើ​ឆ្ពោះ​ទៅ​រក​ការ​គោរព​បទដ្ឋាន​អន្តរជាតិ​កាន់​តែ​ប្រសើរ​ផ្នែក​សេរីភាព​នៃ​ការ​ជួបជុំ និង​ការ​ទាមទារ​រួម ក៏​ដូច​ជា​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជា​ច្រើន ​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច។ ខ្ញុំ​ចង់​បញ្ជាក់​ថា ការ​​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មិនមែន​មិន​អាច​បញ្ចៀស​បាន​ទេ ហើយ​វា​​ក៏​​មិនមែន​ជា​លទ្ធផល​កើត​ចេញ​ពី​ក្ដី​ប្រាថ្នា​របស់​ ​EU ដែរ។

គោលដៅ​នៃ​ការ​ពិភាក្សា​រឿង​ EBA ​គឺ​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ​ដើម្បី​ធ្វើ​ឲ្យ​ចម្រើន​ដល់​ស្ថានភាព​បច្ចុប្បន្ន និង​ឈាន​ដល់​គោល​ជំហរ​មួយ​ដែល​កម្ពុជា​ដើរ​តាម​កាតព្វកិច្ច​របស់​ខ្លួន​ ស្ថិត​ក្រោម​អនុសញ្ញា​ទាំង​ ១៥ របស់​អង្គការ​សហប្រជាជាតិ និង​អង្គការ​ពលកម្ម​អន្តរជាតិ និង​ដើម្បី​ឲ្យ​​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA នៅ​ដដែល។

តើ​លោក​​មាន​ក្ដី​រំពឹង​យ៉ាង​ណា​អំពី​​បញ្ហា​​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​?

ការ​គោរព​សិទ្ធិ​​របស់​បុគ្គល​គ្រប់​រូប គឺ​ជា​អ្វី​ម្យ៉ាង​ដែល​ជា​បេះដូង​​នៃ​អត្តសញ្ញាណ​របស់​ EU។ វា​ក៏​ជា​ទស្សន​វិស័យ​របស់​ EU ដែល​បង្ហាញ​អំពី​ដើម​កំណើត​របស់​ EU ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ក្ដី​រន្ធត់​ដែល EU បាន​​ឃើញ​មាន​នៅ​ពាក់​កណ្ដាល​ទី​១ ​នៃ​សតវត្សរ៍​ទី​២០។ ភាព​ចាំបាច់​នៃ​សិទ្ធិ​នេះ​ក៏​ជា​ផ្នែក​គន្លឹះ​​នៃ​គោល​ការណ៍​របស់​ EU ក្នុង​ទំនាក់ទំនង​ការ​បរទេស​របស់​ខ្លួន​រួម​មាន​ទាំង​កម្ពុជា​ផង​។

យើង​ជឿជាក់​ថា​លទ្ធិប្រជាធិបតេយ្យ​ ការ​គោរព​សិទ្ធិ​មនុស្ស និង​សេចក្ដី​ថ្លៃថ្នូរ របស់​បុគ្គល​គ្រប់​រូប ​និង​ការ​មាន​សង្គម​ស៊ីវិល​ខ្លាំង គឺ​ជា​កម្លាំង​សម្រាប់​​ស្ថិរភាព និង​សម្រាប់​រដ្ឋាភិបាល​ល្អ។

ប្រទេស ​កម្ពុជា ​មាន​ភាព​ខ្លាំង​លើ​ផ្នែក​ខ្លះ រួម​មាន​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ការ​ទទួល​បាន​សេវា​សុខភាព​មូលដ្ឋាន និង​ការ​អប់រំ។ យើង​កត់​សម្គាល់​ឃើញ​មាន​សមិទ្ធផល​ជា​ច្រើន​ក្នុង​ការ​ធានា​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​នៅ​ក្នុង​វិស័យ​កាត់​ដេរ ដោយ​មាន​ការ​គាំទ្រ​ពី​គំនិត​ផ្ដួចផ្ដើម​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ក្នុង​កម្មវិធី «Better Factories Cambodia» និង​ពី​ម៉ាក​យីហោ​សម្លៀក​បំពាក់​ជា​ច្រើន​ទៀត​របស់​អឺរ៉ុប។

យើង​​ស្វាគមន៍​ចំពោះ​កិច្ច​ខិតខំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​​ប្រឆាំង​នឹង​បញ្ហា​នានា​ដូច​ជា​ការ​​ជួញដូរ​មនុស្ស។ ខ្ញុំ​រំពឹង​ថា​ នៅ​ប៉ុន្មាន​ខែ ឬ​ឆ្នាំ​ខាង​មុខ​នេះ យើង​នឹង​ឃើញ​មាន​ភាព​រឹងមាំ​កាន់​តែ​ខ្លាំង​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ លម្ហ​​សម្រាប់​អ្នក​ជំទាស់ ការ​ពិភាក្សា​លើ​​គោលនយោបាយ​​សំខាន់ៗ​ និង​ការ​តស៊ូ​មតិ​បែប​ស្ថាបនា​របស់​សង្គម​ស៊ីវិល​ និង​មនុស្ស​ផ្សេង​ទៀត។ សិទ្ធិ​មនុស្ស​ជា​និច្ចកាល គឺ​​ជា​កិច្ចការ​បន្ត​ឥត​​​ឈប់​ទាំង​នៅ​អឺរ៉ុប និង​កម្ពុជា​​។ យើង​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ ក្នុង​ការ​ធ្វើ​ការ​ជាមួយ​កម្ពុជា​លើ​កិច្ចការ​ទាំង​នេះ។

លោក​បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តើ​លោក​បាន​ពិភាក្សា​អ្វី​ខ្លះ​ជាមួយ​​លោក? ហើយ​លោក​នាយក​រដ្ឋមន្ត្រី ​បាន​ថ្លែង​ប្រាប់​លោក​រឿង​អ្វី​ខ្លះ​?

ខ្ញុំ​បាន​ជួប​សម្ដែង​ការ​គួរសម និង​ជម្រាប​លា​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី ​១៩ ខែ ​សីហា។ ការ​ពិភាក្សា​របស់​យើង​គ្រប​ដណ្ដប់​លើ​បញ្ហា​ជា​ច្រើន​ នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី។

តើ​កម្ពុជា​និង EU មាន​កិច្ចការ​អ្វី​បន្ថែម​ទៀត​ដែល​ត្រូវ​ធ្វើ​ ដើម្បី​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​កាន់​តែ​ល្អ​ប្រសើរ?

EU ត្រៀម​ខ្លួន​រួច​រាល់​ហើយ ដើម្បី​ធ្វើ​ការ​ជាមួយ​កម្ពុជា។ កម្មវិធី​ដ៏​ទូលំទូលាយ​​របស់​យើង​ លើ​កិច្ច​សហប្រតិបត្តិការ​​អភិវឌ្ឍន៍ ​គឺ​ជា​ភ័ស្តុតាង​ស្រាប់​ហើយ។

ចំពោះ​​បញ្ហា​នយោបាយ​សកល យើង​មាន​ជំហរ​ និង​អាទិភាព​ដូច​គ្នា​ជា​ច្រើន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​បម្រែ​បម្រួល​អាកាសធាតុ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដោយ​ផ្អែក​លើ​ការ​ជឿជាក់​លើ​​សារៈសំខាន់​នៃ​គោលការណ៍​អាស្រ័យ​លើ​​ច្បាប់ និង​សហប្រតិបត្តិការ​អន្តរជាតិ។ ក្រុមហ៊ុន​ពី​អឺរ៉ុប​ជា​ច្រើន​អាច​ផ្ដល់​នូវ​បទដ្ឋាន​ខ្ពស់​បំផុត ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា ការ​គ្រប់គ្រង និង​​ការ​ទទួល​ខុស​ត្រូវ​សង្គម ​និង​បរិស្ថាន។ 

ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​ឃើញ​ដំណោះ​ស្រាយ​ចំពោះ​​បញ្ហា​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ផ្ដើម​នីតិវិធី​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដើម្បី​ឲ្យ​ការ​ទទួល​បាន​ EBA របស់​កម្ពុជា​ មិនមែន​ជា​ចម្ងល់​តទៅ​ទៀត ​និង​ដើម្បី​ឲ្យ​យើង​អាច​​​យក​ប្រយោជន៍​ពី​ឱកាស​ដ៏​អស្ចារ្យ​នេះ​ ដែល​កើត​មាន​ឡើង​សម្រាប់​កិច្ច​សហប្រតិបត្តិការ​មួយ​ដែល​ផ្ដល់​ប្រយោជន៍​ដល់​កម្ពុជា EU និង​ប្រជាជន​របស់​យើង៕