ភ្នំពេញៈ ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្ដិធម៌​ព្រមទាំង​សមាជិក​ក្រុម​ការងារ​អ្នកជំនាញ​ផ្នែក​ច្បាប់​កាលពី​ថ្ងៃទី​ ២០ ​ឧសភា​បាន​បន្ត​ប្រជុំ​អន្តរក្រសួង ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណកម្ម​លើ​អត្ថន័យ​នៃ​មាត្រា​នីមួយៗ ដើម្បី​ឈាន​ទៅ​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​នៅ​ចុង​ឆ្នាំនេះ​។

កិច្ចប្រជុំ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្រសួង​មហាផ្ទៃ​ក្រោម​អធិបតីភាព​ លោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​ក្រុមការងារ​រៀបចំ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​លោក​ ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​ក្រុម​ការងារ​ទី​ ១ ​រៀបចំ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​នេះ លោក​ ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​អនុប្រធាន​ក្រុមការងារ​ទី​ ២ និង​លោក​ ឡាំ ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​ក្រុមការងារ​ទី​ ៣​។ ក្នុងនោះ​ក៏មាន​សមាជិក-សមាជិកា​ក្រុមការងារ អ្នកជំនាញ​ផ្នែក​ច្បាប់ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​។

លោក​ តុប នេត អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួងមហាផ្ទៃ​ថ្លែង​ពី​ម្សិលមិញ​ថា​៖ «​កិច្ចប្រជុំ​នេះ​យើង​បាន​ពិភាក្សា និង​ពិនិត្យ​ទៅ​លើ​សេចក្ដីព្រាងច្បាប់​នេះ​ដែល​យើង​បាន​ព្រាង​រួចរាល់​ហើយ​នោះ ដើម្បី​ពិនិត្យ​ម្ដង​ ១ ​មាត្រាៗ​លើ​សេចក្ដី និង​ខ្លឹមសារ​»​។

លោក​ថា អន្តរក្រសួង​នឹង​បន្ត​កិច្ចប្រជុំ ពិនិត្យ​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ជា​បន្តបន្ទាប់​ទៀត​ជា​រៀងរាល់​ ២ ​សប្ដាហ៍​ម្ដង​ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឲ្យ​បាន​ចប់​រួចរាល់​មុន​ចុង​ឆ្នាំ​ ២០២០ ​នេះ​។

តាម​របាយការណ៍​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ពុធ​របស់​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់ថា ច្បាប់​នេះ​មាន​គោលបំណង ធានា​ឲ្យ​មាន​ការចុះបញ្ជី​អត្រានុកូលដ្ឋាន ការចុះបញ្ជី​ស្នាក់នៅ ការចុះបញ្ជី​អត្តសញ្ញាណ​បុគ្គល​ជា​សកល​ជា​កាតព្វកិច្ច​ជា​សកល​ដោយ​ជាប់លាប់ និង​ជា​អចិន្រៃ្តយ៍​។

របាយការណ៍​ដដែល​បញ្ជាក់​ថា​៖ «[​ច្បាប់​នេះ​] ធានា​ឲ្យ​មនុស្ស​គ្រប់រូប​មាន​អត្តសញ្ញាណ​ខាង​ផ្លូវច្បាប់​តាមរយៈ​ការចុះបញ្ជី​អត្រានុកូលដ្ឋាន និង​ការចុះបញ្ជី​អត្តសញ្ញាណ​ដោយ​ផ្ដល់​ចំពោះ​បុគ្គល​ម្នាក់ៗ​នូវ​លេខ​សម្គាល់​អត្តសញ្ញាណ​បុគ្គល និង​ធានា​នូវ​ការគោរព​សិទ្ធិមនុស្ស ការទទួល​បាន​សេវា​គ្រប់​ប្រភេទ ហើយ​ជា​មូលដ្ឋាន​សម្រាប់​រៀបចំ​ផែនការ​អភិវឌ្ឍន៍ និង​ការតាមដាន​ភាពរីកចម្រើន​នៃ​សង្គម​»​។

លោក​ តុប នេត បញ្ជាក់​ថា​ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ ជន​គ្រប់រូប​ដែល​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ឯ​បរទេស​។

រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​លោក​ ស ខេង កាលពី​ថ្ងៃទី​ ១៣ ឧសភា ក៏បាន​ជំរុញ​ឲ្យ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម ពន្លឿន​ការឈាន​ទៅ​បញ្ចប់​សេចក្ដី​ព្រាង​ច្បាប់​ឲ្យ​បាន​ចប់​ត្រឹម​ចុងឆ្នាំ​នេះ​ផងដែរ​។ ​ព្រោះ​ច្បាប់​នេះ​គោលដៅ​សំខាន់​ដើម្បី​កំណត់​អត្ដសញ្ញាណ ពលរដ្ឋ​ឲ្យ​បាន​ច្បាស់លាស់​។

លោក​ តុប នេត បញ្ជាក់​ថា​មិនទាន់​កំណត់​សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​ប៉ុន្មាន​មាត្រា​នោះទេ​។ ព្រោះ​អាច​មាន​ការផ្លាស់ប្ដូរ ប៉ុន្ដែ​ជាបឋម​ច្បាប់​នេះ​មាន​ ១២ ​ជំពូក ឬ​អាច​លើស​នេះ​។ ឯ​ចំនួន​មាត្រា​គឺ​នៅ​មាន​ការប្រែប្រួល​ច្រើន​ព្រោះ​កំពុង​ស្ថិត​នៅ​ដំណាក់កាល​កែប្រែ​សេចក្ដី​ព្រាង​នៅ​ឡើយ​៕