កណ្ដាលៈ បន្ទាប់​ពី​កម្មករ​ប្រមាណ ១៧៣ នាក់​ នៃ​រោងចក្រ​សិប្បកម្ម តម្បាញតេវ៉ៃ ស្ថិត​ក្នុង​​ភូមិ​ទួល​សាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង បាន​ផ្ទុះ​ការ​តវ៉ា បិទផ្លូវ​រថយន្ដ​ដឹក​អីវ៉ាន់​ចេញពី​រោងចក្រ ដោយ​សារ​តែ​​ថៅកែ​រោងចក្រ​ មិន​ទាន់​បាន​បើកប្រាក់​ខែ​ឲ្យ​​​​ហើយ​បម្រុង​ដឹក​អីវ៉ាន់​ចេញ ថៅ​កែ​រោង​ចក្រ បាន​យល់ព្រម​បើកប្រាក់​ខែ​ឲ្យ​កម្ម​ករ​វិញ​ ​បន្ទាប់​ពី​មានការ​​សម្របសម្រួល​ពី​អាជ្ញាធរ។

លោក អឿន ប៉េង​អាន អធិការ​ង​ស្រុក​ស្អាង បាន​ប្រាប់​ភ្នំពេញ​បុ​ស្ដិ៍​នៅ​ថ្ងៃ​ទី ៩ ខែ​សីហា​​​ថា មូលហេតុ​ដែល​ឈានដល់​កម្មករ ផ្ទុះ​ការតវ៉ា និង​បិទ​ផ្លូវ គឺ​បណ្ដាលមកពី​កម្មករ​បាន​ឮថា រោងចក្រ​ក្ស័យ​ធន ហើយ​ថៅកែ​ប្រុង​ដឹក​អីវ៉ាន់​ចេញទៅ ដោយ​មិន​បើ​ក​ប្រាក់​ឈ្នួល​​ឲ្យ​កម្មករ​។

លោក​ថ្លែងថា៖«កម្មករ​គាត់​គិតថា រោងចក្រ ក្ស័យ​ធន ផ្អើល​ថា គាត់(ម្ច​ាស់រោង​ចក្រ) នឹង​ឈប់​ធ្វើការ​រកស៊ី ក៏​ផ្អើល​រឿង​ដឹក​ខោអាវ ចេញពី​រោងចក្រ​នឹង ដោយ​មិន​ឲ្យ​លុយ គេច​ពី​លុយ​បើកប្រាក់​ខែ​រវាង​កម្មក​រ​អីហ្នឹង»។

លោក​បាន​ឲ្យ​ដឹងថា រឿងនេះ​ដោយសារ​ថៅកែ​បាន​ដឹក​អីវ៉ាន់​ចេញពី​រោងចក្រ យកទៅលក់​បន្ដ​ឲ្យ​រោងចក្រ​មួយទៀត​នៅ​ព្រែក​ហូរ ប៉ុន្ដែ​ព្រោះតែ​មានរឿង​ដែល​កម្មករ​តវ៉ា​បែបនេះ ទើប​រោងចក្រ​នៅ​ព្រែក​ហូរ​មិនទាន់​ទិញ​អីវ៉ាន់​ដែល​ដឹក​ចេញពី​រោងចក្រ​នោះទេ ដោយ​ឲ្យ​រោងចក្រ ចែ​ស៊ី​ង បើក​ប្រាក់ខែ ឲ្យ​កម្មករ​សិន។

លោក​ថា៖«ថៅកែ​រោងចក្រគាត់​ថា បាន​ទាក់ទង​ជាមួយ​ថៅ​​កែ​ក្រុមហ៊ុន​ធំ ដែល​នៅ​ព្រែក​ហូរ ដែល​ទទួលយក​ខោអាវ​ពី​គាត់ ព្រោះ​គាត់​ជា​រោងចក្រ​ដែល​ធ្វើ​ខោអាវ​បោះ​ទៅ​រោង​ចក្រ​ធំ​នោះ»។

បើតាម​លោក ប៉េង​អាន រោច​ក្រ តម្បាញតេវ៉ៃ ជា​រោងចក្រ​សិប្បកម្ម ផលិត​ខោអាវ​ចម្រុះ និង​មាន​បុគ្គលិក​សរុប ១៧៣ នាក់​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ស្រុក​ស្អាង​នេះ ប៉ុន្ដែ​រោងចក្រ​នេះ​ មាន​សាខា​ផ្សេងទៀត​ នៅក្នុង​ស្រុក​ស្អាង​នេះដែរ។

លោក​ថា៖«រោងចក្រនឹងមាន ៣សាខា តែ​នៅជិតៗនឹង​ដែរ​ទេ ហើយ​ឃ្លាំង​ស្ថិតនៅ​ភូមិ​ទួលសាលា​នេះ គឺ​ផុត​កុង​ត្រា​ជួល​ហើយ ត្រូវ​ឈប់​ជួល អ៊ី​ចឹង​ឲ្យ​កម្មករ ដែល​ចង់​នៅ​បន្ដ​​ធ្វើការ​ជាមួយ​គាត់​អាច​នៅ​ធ្វើ​បន្ដ​ជាមួយ​គាត់​ទៀត​បាន ឬ​ទៅធ្វើ​ការ​នៅ​រោងចក្រ​ផ្សេង​ក៏បាន​»។

លោក ប៉េង​អាន បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​មានការ​សម្របសម្រួល​ពី​អាជ្ញាធរ​ កាលពី​ល្ងាច​ថ្ងៃ​ពុធ មកដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ម្ចាស់​រោងចក្រ​ បាន​យល់​ព្រម​បើក​ប្រាក់​ខែ​ដល់​កម្ម​ករទាំង ១៧៣ នាក់​នោះ​ហើយ។

លោក​​ថ្លែង​ថា​៖«ឥឡូវ​ហ្នឹង​ដំណោះស្រាយ​គឺ​បាន​ដោះស្រាយ​រួច​អស់ហើយ គឺ​បាន​បើកប្រាក់​ខែ​ឲ្យ​កម្មករ​ទាំង ១៧៣ នាក់​នោះ​ហើយ នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍ និង​មិន​មាន​ប៉ះពាល់​អ្វី​ទេ»។

លោក ស វិចិត្យ មេឃុំស្ដីទី ឃុំ​ស្អាងភ្នំ បាន​ឲ្យដឹងដែរថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​​ទី ៩ ខែ​សីហា​​ មាន​កម្មករ​ប្រហែលជាង​៥០ នាក់ ដែល​មិនទាន់​បាន​បើក​ប្រាក់ខែ ព្រោះ​មិន​បាន​មក​ធ្វើការ​ កាល​ពីល្ងាច​ថ្ងៃ​​ទី​៨​ខែ​សីហា​ ដូច្នេះ​ប្រាក់​ខែទាំង​អស់​ទើប​បាន​បើក​បង្ហើយ​នៅ​ព្រឹកថ្ងៃ​​ទី ៩ ខែ​សីហា​​។

លោកបន្ថែមថា៖«យើង​បាន​ជួយ​សម្រួល​ដល់​ភាគីរោងចក្រ ឲ្យបើក​ប្រាក់ខែ ដល់​កម្មករ​គ្រប់​គ្នាអស់ហើយ គិតត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ។ យើង​ក៏បាន​ជួយ​ពិនិត្យលើ​ការ​បញ្ចប់​កុងត្រាជួល​ឃ្លាំង សម្រាប់​ឲ្យ​រោងចក្រ​នេះ ​បើក​ជាមួយ​ម្ចាស់​ឃ្លាំង​ដែរ​ ហើយ​ថ្ងៃ​មិញ ម្ចាស់​រោងចក្រ​ គេ​បាន​ដឹក​ម៉ា​ស៊ីន និង​អីវ៉ាន់​គេ​ចេញ​ទៅ​អស់​ហើយ​»។

កម្មការិនី ម្នាក់ ឈ្មោះ ចិន្ដា ដែល​បាន​ចូលរួម​ធ្វើការ​តវ៉ា​ កាល​ពីថ្ងៃ​ពុធ​ដើម្បីទាមទាប្រាក់ខែ ដែល​ថៅកែ មិនទាន់​បើក​ឲ្យ​ បាន​ប្រាប់​ភ្នំពេញបុស្ដិ៍​កាល​ពី​ល្ងាច​ម្សិល​មិញ​ថា រោង​ចក្រដែល​នាង​កំពុងធ្វើ​ការ​នេះ ​មាន​ការ​ពិបាក​ចំពោះការ​បើកប្រាក់ខែ ខណៈ​ដែល​នាង​ទើប​តែ​ទទួល​​បាន​ប្រាក់​ខែ​ជាង​ ១០០ ដុល្លារ​ប៉ុណ្ណោះ​។

ចិន្ដា​និយាយ​ថា៖«ប៉ុន្ដែ​មក​ដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នឹង ខ្ញុំ​បាន​បើក​ប្រាក់​ខែ​អស់ហើយ ឥឡូវ​ខ្ញុំ​ទៅធ្វើការ​នៅរោងចក្រផ្សេង​ហើយ​»។

ចិន្តា ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃ​វែង​បាន​និយាយ​ថា៖«ពួកខ្ញុំ​នាំគ្នា​តវ៉ា ព្រោះឃើញថៅ​កែរោង​ចក្រ​បាន​រើអីវ៉ាន់​ចេញ​អស់ ហើយ​ឮ​គេ​ប្រាប់​ថា គាត់​ប្រុង​រត់​ អត់​បើក​ប្រាក់ខែ​ឲ្យ​​»៕