សៀមរាបៈ ស្រុកបន្ទាយស្រីក្នុងខេត្តសៀមរាប ត្រូវបានប្រកាសជាស្រុកគំរូ ផ្នែកសោភណភាពស្អាត អនាម័យ និងមានផាសុកភាពសម្រាប់ការរស់នៅ ខណៈរដ្ឋបាលស្រុកនេះបន្តពង្រឹងវិធានការបន្ថែមទៀតលើការទុកដាក់សំរាមដោយតម្រូវឱ្យមេភូមិនីមួយៗ ក្នុងស្រុក បំផុសគំនិតប្រមូលសំរាមនៅតាមទីសាធារណៈជាទៀងទាត់។
កាលពីពេលថ្មីៗនេះ ស្រុកបន្ទាយស្រី និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកនេះ ត្រូវបានក្រសួង បរិស្ថាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអនុវត្តអនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរធ្វើឱ្យភូមិឋាន និងសហគមន៍មានសោភណភាពស្អាត មានផាសុកភាពសម្រាប់ការរស់នៅ និងជាទីទាក់ទាញភ្ញៀវទេសចរ។
ជាមួយនឹងភាពជាគំរូនេះ ភូមិព្រះដាក់ក៏ត្រូវបានចាត់ទុកជាភូមិ ល្អឥតខ្ចោះ ទាំងការរស់នៅរបស់អ្នកភូមិ ទាំងការទុកដាក់សំរាម និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលលោក ឃឹម ហ្វីណង់ អភិបាល ស្រុកបន្ទាយស្រីមានមហិច្ឆតា អភិវឌ្ឍន៍ភូមិដទៃទៀត ឱ្យដូចគ្នានឹងភូមិមួយនេះ។
លោក ហ្វីណង់ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «យើងចង់ឱ្យមានយន្តការអចិន្រៃ្តយ៍ណាមួយ ដើម្បីដោះស្រាយបញ្ហាសំរាមឱ្យបានត្រឹមត្រូវជារៀងរហូតនៅទូទាំងស្រុក។ ការងារនេះដើម្បីដោះស្រាយបានទាល់តែយើងមានយន្តការដល់ថ្នាក់ភូមិតែម្តងព្រោះបើភូមិមិនស្អាត ខ្លួនឯងទេ គឺមិនងាយនោះទេ»។
ភាពស្អាតជាប្រចាំនៅតាមភូមិ លោក ហ្វីណង់ តម្រូវឱ្យមេភូមិទាំងអស់ក្នុងស្រុកបន្ទាយស្រីចំណាយពេល ១ ថ្ងៃ ឬច្រើនជាងនេះ ក្នុង ១ ខែដើម្បីប្រមូលសំរាមនៅតាមទីសាធារណៈ តាមរយៈការដឹកនាំចលនាសម្អាតសំរាមនៅក្នុងភូមិ។ ប្រជាពលរដ្ឋនៅក្នុងភូមិក៏ត្រូវមានកាតព្វកិច្ចរៀបចំទុកដាក់សំរាមដែលខ្លួនប្រើប្រាស់ហើយឱ្យបានត្រឹមត្រូវផងដែរ។
អភិបាលស្រុកវ័យក្មេង សម្បុរសរូបនេះបន្ថែមថា៖ «១ ខែម្តងឱ្យគាត់ដឹកនាំប្រមូលសំរាម គឺមិនទាន់ប្រាកដអាចធានាបាននូវការប្រមូលសំរាមឱ្យបានស្អាតនៅក្នុងភូមិនោះទេ។ ស្រុកនៅតែអនុវត្តគោលការណ៍បន្ថែមទៀតដើម្បីធ្វើឱ្យប្រាកដថា សំរាមដែលរាយប៉ាយលើទីសាធារណៈ ឬតាមដងផ្លូវនោះ ត្រូវបានដកចេញ»។
លោកបន្ថែមថា៖ «គោលដៅចុងក្រោយនោះគឺធ្វើយ៉ាងណា ដើម្បីឱ្យសហគមន៍នីមួយៗមានលទ្ធភាពស្វ័យគ្រប់គ្រងលើការងារ សំរាម ហើយរដ្ឋបាលស្រុកដើរតួនាទីជាអ្នកសម្របសម្រួល ត្រួតពិនិត្យ ហើយនិងលើកទឹកចិត្តវិញ ព្រោះការងារនេះបើយើងធ្វើបាន គឺល្អទាំងអស់គ្នាវិញ ហើយសមល្មមក្នុងការគ្រប់គ្រងការងាររបស់យើង»។
បើតាមការប្រកាសរបស់រដ្ឋបាលស្រុកបន្ទាយស្រីក្នុងចំណោមភូមិទាំង ៣៦ ដោយលើកលែងភូមិព្រះដាក់មួយគឺត្រូវប្រកាសដាក់ឱ្យធ្វើការប្រកួតប្រជែងជាភូមិស្អាត ខណៈភូមិព្រះដាក់ផ្ទាល់ក៏នឹងប្រកាសធ្វើការប្រកួតប្រជែងស្វែងរកផ្ទះស្អាត ដើម្បីទទួលបានពានរង្វាន់ ពីការខិតខំប្រឹងប្រែងរបស់ពលរដ្ឋផងដែរ។
លោក ហ្វីណង់ ថ្លែងថា៖ «បច្ចុប្បន្ននេះគ្រប់ភូមិ គាត់បានធ្វើការសម្អាតអនាម័យ គ្រាន់តែធ្វើបានប៉ុន្មានយើងមិនទាន់ហ៊ានសន្និដ្ឋានឱ្យបាននោះទេ។ ប៉ុន្តែតាមរបាយការណ៍ និងលទ្ធផលជាក់ស្តែងគ្រប់ភូមិនីមួយៗក្នុងស្រុក គឺបានធ្វើជាប្រចាំរួចទៅហើយនៅក្នុងការធានាឱ្យបានថា ការប្រមូលសំរាមជារៀងរាល់ខែនេះ»។
បើតាមលោក ឃឹម ហ្វីណង់ ភូមិដែលជាគោលដៅបន្តក្នុងការរៀបចំរចនាសម្ព័ន្ធឱ្យដូចទៅនឹងភូមិព្រះដាក់នេះ គឺភូមិបន្ទាយស្រី និងភូមិចំនួន ៥ ទៀតដែលស្ថិតក្នុងឃុំព្រះដាក់។ គម្រោងនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីដើមឆ្នាំ ២០២១ ដែលលោក ហ្វីណង់ បារម្ភថា បញ្ហាប្រឈមចំពោះមុខគឺការកែប្រែឥរិយាបថ និងអត្តចរិតរបស់មនុស្ស ជុំវិញការទុកដាក់សំរាមនេះ។
លោក អ៊ិន សៀង មេភូមិខ្នារ ដែលជាភូមិគោលដៅបន្តក្នុងការអភិវឌ្ឍ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ភូមិរបស់លោកមានការប្រកាសការតាំងចិត្ត និងសង្ឃឹមថា នឹងឈ្នះក្នុងការប្រកួតវាយតម្លៃជាមួយភូមិដទៃក្នុងការទទួលបានជ័យជម្នះពីការរៀបចំភូមិតាមគំរូអ្នកភូមិព្រះដាក់។ លោកមើលឃើញថា ភូមិនីមួយៗ គឺសុទ្ធតែប្រឈមនឹងបញ្ហាផ្នែកធនធានមនុស្ស និងថវិកា ដើម្បីយកទៅអភិវឌ្ឍក្នុងភូមិ។ ប៉ុន្តែលោកយល់ថា ការដឹកនាំសកម្មភាព និងការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ គឺជារឿងសំខាន់។
លោកបន្ថែមថា៖ «ខ្ញុំនឹងធ្វើគំរូឱ្យប្រជាពលរដ្ឋគាត់យល់ ហើយធ្វើតាម។ ខ្ញុំក៏ជំរុញបន្ថែមទៀត ឱ្យប្រជាពលរដ្ឋប្រមូលផ្តុំនៅតាមផ្ទះអាចដាក់សំរាមក្នុងថង់ឬការុង នៅ តាមផ្ទះ កុំឱ្យពង្រាយពាសវាលពាសកាល។ ខ្ញុំក៏បង្កើតអ្នកស្ម័គ្រចិត្តបន្ថែមដើម្បីដើរប្រមូលសំរាមយកមកចោលកន្លែងត្រឹមត្រូវ»។
តាមរយៈការខិតខំប្រឹងប្រែងក្នុងពេលនេះលោក សៀង និយាយថា បើទោះជាភូមិរបស់លោកមិនទាន់ដូចទៅនឹងភូមិព្រះប្រដាក់ ប៉ុន្តែស្ថានភាពភូមិរបស់លោក គឺបានវិវឌ្ឍទៅរកស្ថានភាពល្អប្រសើរជាងមុន ដោយការចោលសំរាមតាមទីសាធារណៈកាន់តែតិចទៅៗ ហើយការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិដូចជាការចូលរួមរៀបចំផ្ទះរបស់ភូមិ ការធ្វើសួន និងដាំផ្កានៅតាមផ្លូវក៏បានល្អ ជាងមុនផងដែរ។
អ្នកស្រី ស៊ុន ហឿន អាយុ ៣៣ ឆ្នាំជាអាជីវករលក់គ្រឿងសម្ភារធ្វើដោយដៃនៅតាមបណ្តោយផ្លូវក្នុងភូមិព្រះដាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការដែលភូមិព្រះដាក់ត្រូវបានរៀបចំមានរបៀបរៀបរយបែបនេះ បានធ្វើឱ្យអាជីវកម្មរបស់ខ្លួនក៏ដូចជាអ្នកស្រុកដទៃទៀតមានភាពល្អប្រសើរ។ អ្នកស្រីនិយាយថា ភ្ញៀវទេសចរដែលតែងឆ្លងកាត់ភូមិព្រះដាក់គឺតែងតែចុះមកជួយគាំទ្រ ផលិតផលរបស់អ្នកភូមិដែលខុសពីពេលកន្លងទៅ ភ្ញៀវទេសចរតែងជិះហួសទៅហួសមក។
ណែនាំផលិតផលដល់ភ្ញៀវបណ្តើរ ងាកមកផ្តល់បទសម្ភាសបណ្តើរ អ្នកស្រីហឿន រៀបរាប់ថា៖ «យើងមានអារម្មណ៍ថា សប្បាយដែលថ្នាក់ដឹកនាំបានអភិវឌ្ឍភូមិស្រុកយើងស្អាត ផ្លូវក៏ស្អាត ហើយដាក់ដាំផ្កាលម្អតាមផ្ទះពួកយើងឱ្យ វាកាន់តែស្រស់ស្អាត។ នៅពេលមានបុណ្យទានអី គឺមានគេមកលេង ច្រើន គេមកហូបនំបញ្ចុក គេមកទិញនេះទិញនោះពីយើងរហូត»។
ជាអ្នកភូមិម្នាក់ដែលមានផ្ទះលម្អ ដោយសួនផ្កា និងការរៀបចំទុកដាក់ផ្ទះបានត្រឹមត្រូវគួរឱ្យទាក់ទាញស្រដៀងទៅនឹងផ្ទះរបស់អ្នកភូមិព្រះដាក់ដទៃទៀត អ្នកស្រី យ៉ត ត្រប់ អាយុ ៦២ ឆ្នាំប្រាប់ភ្នំពេញប៉ុស្តិ៍ថាក្នុងនាមជាពលរដ្ឋ ដែលបានរស់នៅតពីដូនតាមក អ្នកស្រីសប្បាយចិត្ត នៅពេលទទួលបានការកោតសរសើរពីអ្នកដទៃអំពីការទុកដាក់ផ្ទះសំបែងស្អាតនេះ។
អ្នកស្រីបន្តថា ការកែប្រែរបស់អ្នកស្រី និងអ្នកភូមិមួយចំនួនក៏មិនមែនកែប្រែបានដោយភ្លាមៗនោះដែរ គឺត្រូវការពេលវេលា និងមានការជួយគាំទ្រពីថ្នាក់ដឹកនាំដែលល្អ។ ក្នុងនាមជាអ្នកភូមិគំរូ ស្ត្រីសម្បុរសសណ្តែកបាយ សម្តីសំដៅជាអ្នកខេត្តសៀមរាបនេះ រំពឹងថានៅតាមភូមិដទៃនឹងយកគំរូតាមការដឹកនាំនេះ ដោយធ្វើការកែប្រែឥរិយាបថអ្នកភូមិពីខាងក្នុង ដើម្បីទទួលបានសហគមន៍មួយដែលស្រស់ស្អាត។
អ្នកស្រីត្រប់រៀបរាប់ថា៖ «នៅពេលមានការរៀបចំយ៉ាងដូច្នេះ ម្ចាស់ផ្ទះក៏មានកេរ្តិ៍ឈ្មោះ ភូមិ ឃុំ ស្រុក ក៏មានកេរ្តិ៍ឈ្មោះដូចជាអង្គការពិភពលោក ភ្ញៀវទេសចរចុះមកលេង គេចេះតែសរសើរ ហើយក៏ល្បី។ ដូចជាផ្ទះខ្ញុំ គេដាក់ជាផ្ទះគំរូ ហើយផ្ទះអ្នកផ្សេងៗគួរឱ្យធ្វើតាម ដោយការបោសច្រាស ដាំដុះទៅក៏ស្អាតគ្រប់ផ្ទះ»៕