កណ្ដាល​ និង​កំពតៈ បន្លែ​ និង​ផ្លែឈើ​ប្រមាណ​ ៦ ​តោន​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​គយ​ និង​រដ្ឋាករ​ចល័ត ខេត្ត​កណ្ដាល​ និង​ខេត្តកំពត​ចាប់​ដកហូត​យក​ទៅ​ដុតបំផ្លាញ​ចោល បន្ទាប់ពី​រកឃើញ​មាន​ផ្ទុក​កំណក​សារធាតុ​ថ្នាំពុល​កសិកម្ម ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​អ្នក​បរិភោគ​។ មន្ត្រី​បាន​ឲ្យ​ដឹងថា បន្លែ​ជាង​ ៥ ​តោន​បាន​​រឹបអូស​នៅ​ច្រក​អន្តរជាតិ​ជ្រៃធំ​ និង​ផ្លែឈើ​ ៥០០ ​គីឡូក្រាម​ត្រូវបាន​រឹបអូស​នៅក្នុង​ខេត្តកំពត​ដែល​បន្លែ​ និង​ផ្លែឈើ​ទាំងនោះ​ត្រូវ​បាន​នាំចូល​ពី​វៀតណាម​។

លោក មួង ដារ៉ា ប្រធាន​ក្រុមការងារ​គយ​ចល័ត​ច្រកទ្វារ​អន្តរជាតិ​ជ្រៃធំ ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​ថ្ងៃទី​ ១៧ មិថុនា ក្រុមការងារ​របស់​លោក​បាន​រកឃើញ​បន្លែ​ជាង​ ៥ ​តោន​មាន​ផ្ទុក​កំណក​សារធាតុ​ថ្នាំពុល​កសិកម្ម​ត្រូវ​បាន​គេ​ដឹកនាំ​ចូល​ពី​ប្រទេស​វៀតណាម​តាម​រថយន្ត​កាំមីញ៉ុង​​ចំនួន​ ១០ ​គ្រឿង​។ បន្លែ​ទាំងនោះ​សុទ្ធសឹង​ជា​ប្រភេទ​បន្លែ​ដែល​ត្រូវបាន​ហាមឃាត់​ការនាំ​ចូល​។

កាលពី​ថ្ងៃទី​ ១៥ មិថុនា សមត្ថកិច្ច​គយ​ និង​រដ្ឋាករ​ចល័ត រួម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​សាខា​កាំកុងត្រូល ខេត្ត​កណ្ដាល​បាន​ដាក់​បម្រាម​នាំចូល​បន្លែ​ ៦ ​មុខ​ពី​ប្រទេស​វៀតណាម​រួមមាន ស្ពៃបូកគោ ស្លឹក​គូឆាយ ក្រូចឆ្មារ​ (​សម្រាប់​ធ្វើ​តែ​ជ្រក់​) ផ្កា​ឡៃហ៊ាង ល្ពៅ និង ផ្កា​ខាត់ណា ដោយសារ​តែ​បន្លែ​ទាំងនោះ​មាន​កំណក​ជាតិពុល​នៃ​ថ្នាំ​សម្លាប់​សត្វល្អិត​កម្រិត​ខ្ពស់​។

លោក ដារ៉ា បាន​ថ្លែង​ថា​៖ «​ដើម្បី​ការពារ​សុវត្ថិភាព​អ្នក​​បរិភោគ យើង​គ្រាន់តែ​ចាប់​ដកហូត​យក​បន្លែ​ដែល​មាន​សារធាតុ​គីមី​ពុល​ទាំង​នោះ​មក​បំផ្លាញចោល និង​តម្រូវ​ឲ្យ​ពួកគាត់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការនាំ​ចូល​នូវមុខ​បន្លែ​ទាំងនោះ ប៉ុន្តែ​បើ​ពួកគាត់​នៅតែ​លួចលាក់​នាំចូល​នូវមុខ​បន្លែ​ដែល​ហាមឃាត់​ទាំងនោះ​ទៀត យើង​នឹង​ចាប់​ឃាត់ខ្លួន​ពួកគាត់ ហើយ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់វិធានការ​បន្ត​ទៅ​តាម​នីវិធី​ច្បាប់​»​។

លោក យី ថុល ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ខេត្ត​​កំពត​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​ ១៦ មិថុនា សមត្ថកិច្ច​គយ​ចល័ត​ និង​សមត្ថកិច្ច​កាំកុងត្រូល​ខេត្ត​កំពត​បាន​សហការ​គ្នា​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នាំចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រក​អន្តរជាតិ​ព្រែកចាក ស្រុក​កំពង់ត្រាច ហើយ​បាន​រកឃើញ​ និង​ចាប់​រឹបអូស​ផ្លែ​គូលែន​ចំនួន​ ៥០០ ​គីឡូក្រាម​ ដែល​មាន​ផ្ទុក​កំណក​សារធាតុ​ថ្នាំ​គីមី​ពុល​កសិកម្ម​យក​ទៅ​ដុត​បំផ្លាញ​ចោល និង​បានចេញ​បម្រាម​ហាមឃាត់​ការនាំ​ចូល​នូវ​មុខទំនិញ​នេះ​៕