កំពង់ស្ពឺៈ សមត្ថកិច្ចស្រុកភ្នំស្រួចខេត្ដកំពង់ស្ពឺសហការជាមួយកម្លាំងស្នងការដ្ឋានចុះប្រតិបត្តិការដកដើមកញ្ឆាជាង ១៧០ ដើមដែលគេដាំលាយនឹងដំណាំផ្សេងៗទៀតក្នុងចម្ការនៅភូមិជើងរាស់ ឃុំដំបូង ហើយសមត្ថកិច្ចកំពុងតែតាមរកម្ចាស់ដើម្បីឃាត់ខ្លួនផងដែរ។
លោក ពៅ នឿន អធិការរងស្រុកភ្នំស្រួចបានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា កញ្ឆា ១៧១ ដើមត្រូវបានសមត្ថកិច្ចដកយកមកទុកនៅអធិការដ្ឋានស្រុកពីថ្ងៃសៅរ៍ដើម្បីបំផ្លាញចោល។
លោកថ្លែងថា៖ «យើងបានចុះទៅដកដើមកញ្ឆាទាំងនោះបន្ទាប់ពីមានការរាយការណ៍ពីករណីលួចដាំដោយបង្កប់ជាមួយដំណាំផ្សេងៗទៀត ប៉ុន្តែយើងមិនបានឃាត់ម្ចាស់ទេដោយសារម្ចាស់នៅខេត្តតាកែវ ប៉ុន្តែគាត់បានមកទិញដីធ្វើចម្ការនៅក្នុងស្រុកភ្នំស្រួចនេះ»។
លោកអធិការរងរូបនេះបានបន្តថាសមត្ថកិច្ចនឹងកសាងសំណុំរឿងដើម្បីចាត់វិធានការតាមច្បាប់ ប៉ុន្តែមិនអាចប្រាប់លម្អិតពីការងារនេះទេ។
លោកបានបញ្ជាក់ថា៖ «ការបង្រ្កាបនេះជាផែនការរបស់ថ្នាក់ស្រុក និងខេត្តយើងហើយក្នុងឆ្នាំកន្លងមកយើងតែងចុះទៅបង្រ្កាប និងបំផ្លាញចោលឲ្យតែទទួលបានព័ត៌មានស្ដីពីការដាំដំណាំខុសច្បាប់នេះ។
កាលពីដើមខែមិថុនាអាជ្ញាធរខេត្ដពោធិ៍សាត់បានដុតកម្ទេចចោលដំណាំកញ្ឆានេះអស់ប្រមាណជា ៨០០០ ដើមផងដែរ៕