ព្រះសីហនុៈ ជនបរទេស និង​ខ្មែរ​ចំនួន​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ​នៅក្នុង​សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​រង្គសាល​ស្កាយឡាញ​ ១ ​កន្លែង​។

លោក​ ស៊ុន សុផាត ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ថា ជនបរទេស​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅក្នុង​ប្រតិបត្តិការ​ខាងលើ​រួម​មាន​ជនជាតិ​ចិន​ ១០ ​នាក់ ឥណ្ឌូនេស៊ី​ ១៧ ​នាក់​ និង​ជនជាតិ​កូរ៉េ​ ២ ​នាក់​ក្រៅពី​នោះ​គឺជា​ពលរដ្ឋ​ខ្មែរ ហើយ​ពួកគេ​ភាគច្រើន​ជា​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅក្នុង​កាស៊ីណូ​ហ្គោលឌិនស៊ី និង​តុងហ្វាងមិនជូ​។

លោក​ សុផាត បាន​ថ្លែង​បន្ត​ថា​នៅក្នុង​ប្រតិបត្តិការ​នោះ​ផង​ដែរ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​រឹបអូស​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ខេតាមីន (Ketamine) និង អិចស្តាស៊ី (Ecstasy) ​ចំនួន​ ២៦ ​កញ្ចប់ និង​ដប​ថ្នាំញៀន​សម្រាប់​លាយ​ជាមួយ​ទឹក​ ៤ ​ដប ដែល​ថ្នាំញៀន​ទាំង​នោះ​រកឃើញ​នៅ​កៀនៗ​សាឡុង​អង្គុយ​ក្នុង​បន្ទប់ទឹក និង​ទីកន្លែង​ផ្សេង​គ្នា​ក្នុង​រង្គសាល​នោះ​តែ​ម្ដង​។

លោក​ សុផាត បាន​បញ្ជាក់​ថា​៖ «​តាមរយៈ​លទ្ធផល​នៃ​ការធ្វើ​តេស្ត​ទឹកនោម បាន​បង្ហាញ​ថា​ពួកគេ​ទាំងអស់​គ្នា​សុទ្ធ​តែ​មាន​ផ្ទុក​នូវ​សារធាតុ​ញៀន ហើយ​​នៅពេល​នេះ​ពួកគេ​ទាំងអស់​កំពុង​តែ​ស្ថិត​នៅ​ក្រោម​ការ​សាកសួរ​ចម្លើយ​ពី​ក្រុមមន្ត្រី​ជំនាញ​របស់​យើង​ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ឲ្យ​តុលាការ​ចាត់​វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​»​។

លោក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ សមត្ថកិច្ច​ទើបតែ​សាកសួរ​ទៅ​លើ​ពួកគេ​បាន​ ២២ ​នាក់​ប៉ុណ្ណោះ ហើយ​តាម​ចម្លើយ​សារភាព​របស់​ពួកគេ ភាគច្រើន​ជា​អ្នក​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន ខណៈ​បុរស​ម្នាក់​ក្នុង​ចំណោម​ ២២ ​នាក់​ដែល​បាន​សាកសួរ​រួច​នោះ បាន​អះអាង​ថា ថ្នាំញៀន​ដែល​គេ​បាន​ប្រើប្រាស់​នោះ​ជា​ប្រភេទ​ថ្នាំ​អិចស្តាស៊ី ដែល​បាន​ទិញ​ពី​បុរស​ម្នាក់​នៅ​ក្នុង​រង្គសាល​នេះ​តែ​ម្ដង​។

លោក​បាន​បន្ថែម​ថា​៖ «​តាមរយៈ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ខាងលើ​នេះ​សមត្ថកិច្ច​យើង​ក៏​បាន​កោះ​អញ្ជើញ​លោក គ្រុយ ផាន់ណា ដែល​ជា​ម្ចាស់​រង្គសាល​ស្កាយឡាញ​នោះ​មក​ធ្វើការ​សាកសួរ​ផង​ដែរ ដែល​មក​ទល់​ពេល​នេះ​យើង​នៅ​ពុំទាន់​បញ្ចប់​ការសាកសួរ​នៅ​ឡើយ​ទេ​»​។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ផង​ដែរ​លោក​ លឹម ប៊ុនហេង ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​ដែល​បាន​សហការ​ចូលរួម​ដឹក​នាំ​នៅ​​ក្នុង​ប្រតិបត្តិការ​នេះ​បាន​សម្រេច​បិទ​រង្គសាល​ស្កាយឡាញ​នេះ​ជា​បណ្ដោះអាសន្ន​ដើម្បី​បន្ត​ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី​ច្បាប់​៕