ភ្នំពេញុៈ ជនបរទេស ២ នាក់ទៀត ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅក្រៅឃុំ ហើយ​បានបណ្ដេញចេញពីប្រទេសកម្ពុជា កាលពី​ដើម​សប្តាហ៍។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យតុលាការ និង មេធាវីរបស់​ពួកគេ នៅ​ថ្ងៃ​នេះ។

ពួកគេ ស្ថិតក្នុង​ចំណោម​ ជន​បរទេស ១០​ នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ទាក់​ទិន​នឹង​បទ​ចោទ​ថា «ផលិត​រូប​ភាព​អាស​អាភាស» កាលពី​ថ្ងៃ​ទី​ ២៥ ខែ​មករា​ ឆ្នាំ​ ២០១៨ នៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

កាលពី​សប្តាហ៍​មុន​ ពួក​​គេ​ចំនួន​ ៧​ នាក់​ ​ត្រូវ​បាន​ដោះលែង ហើយ​បាន​បណ្តេញ​ចេញ​ទៅកាន់​ប្រទេស​របស់​ពួកគេ​វិញ​ផងដែរ។

លោក យិន ស្រាង​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ សៀមរាប​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ នៅ​ថ្ងៃ​នេះ​ថា អ្នក​ទាំង​ពីរ ត្រូវ​បាន​ដោះលែង​កាល​ពី​ថ្ងៃ​ចន្ទ ទី ១២ និង​ចាក​ចេញ​ពី​កម្ពុជា នៅ​ថ្ងៃ​អង្គារ​ ទី​១៣ ខែ​កុម្ភៈ​នេះហើយ។

សរុប​មក ជន​បរទេស​ចំនួន​ ៩ នាក់​រួច​ហើយ​ បាន​​ចាក​ចេញ​ពី​កម្ពុជា​។

ចំណែកមេធាវី អ៊ុច សុភត្រា ដែល​ការ​ពារ​ក្តី​ឲ្យ​បរទេស​ទាំង ១០ នាក់ បាន​ឲ្យ​ដឹង​ថា កូនក្តី​ចំនួន ២ នាក់ ដែល​ទទួល​បាន​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ មាន​សញ្ជាតិ​ ន័រវែស​ និង​ហូឡង់​។​

ពួកគេ បាន​ត្រឡប់​ទៅ​កាន់​ប្រទេស​វិញ តាំង​ពី​ថ្ងៃ​អង្គារ ទី​១៣ ខែ​កុម្ភៈ​។

លោក​ថា ៖ «ដូច្នេះ កូនក្តី​របស់​ខ្ញុំ​ នៅ​ក្នុងឃុំ​ខ្លួន​ឯពន្ធនាគារ​ គឺសល់​តែ​ម្នាក់​ប៉ុណ្ណោះ»។

មូលហេតុ​ដែល​លោក មិន​បាន​ដាក់​សុំ​កូនក្តី​​ម្នាក់​នេះ នៅ​ក្រៅ​ឃុំ គឺ​ដោយ​សារ​មាន​របាយការណ៍​ថា គាត់​ជា​អ្នក​រៀបចំ​កម្មវិធី​ជប់លៀងនោះ។​