The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ប.ស.ស ថា​កម្មករ​ម្នាក់​ស្លាប់​គឺ​ដោយ​សារ​ធ្វើ​ការ​ថែម​ម៉ោង​ច្រើន​ហួស​ហេតុ

ប.ស.ស ថា​កម្មករ​ម្នាក់​ស្លាប់​គឺ​ដោយ​សារ​ធ្វើ​ការ​ថែម​ម៉ោង​ច្រើន​ហួស​ហេតុ

កម្មករ​កំពុង​ធ្វើការ​ នៅ​ក្នុង​រោង​ចក្រ​មួួយ​ នៅ​ជាយ​រាជ​ធានី​ភ្នំ​ពេញ​ កាល​ពី​ខែ​មិថុនា​​​។
កម្មករ​កំពុង​ធ្វើការ​ នៅ​ក្នុង​រោង​ចក្រ​មួួយ​ នៅ​ជាយ​រាជ​ធានី​ភ្នំ​ពេញ​ កាល​ពី​ខែ​មិថុនា​​​។ ផា លីណា

ប.ស.ស ថា​កម្មករ​ម្នាក់​ស្លាប់​គឺ​ដោយ​សារ​ធ្វើ​ការ​ថែម​ម៉ោង​ច្រើន​ហួស​ហេតុ

ភ្នំពេញៈ របាយការណ៍​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(ប.ស.ស) ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​​កាល​ពី​ថ្ងៃ​ពុធ បាន​បង្ហាញ​ថា​ ករណី​ស្លាប់​ថ្ងៃ​ទី​១៩ កក្កដា​​ របស់​កម្មករ​ឈ្មោះ​ វន ស៊ីថា នៅ​រោង​ចក្រ​កាត់​ដេរ​មួយ​​ក្នុង​ខេត្ត​កណ្តាល​​គឺ​បណ្តាល​មក​ពី​ការ​អស់​កម្លាំង​ខ្លាំង​ពេក​ដោយ​សារ​ការ​ធ្វើ​ការ​ងារ​ថែម​ម៉ោង​ច្រើន​ហួស​ហេតុ។

របាយការណ៍​បន្ត​ថា​៖«​បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​ករណី​នេះ​ យើង​បាន​ឈាន​ដល់​ការ​សន្និដ្ឋាន​ថា ករណី​ស្លាប់​របស់​លោក វន ស៊ីថា គឺ​បណ្តាល​មក​ពី​ការ​អស់​កម្លាំង​ខ្លាំង​ពេក​»។ «​ក្រុម​ការ​ងារ​របស់​ប.ស.ស​​បាន​ចាត់​ទុក​ករណី​នេះ​ជា​ការ​ស្លាប់​ពាក់​ព័ន្ធ​នឹង​ការងារ»។

ការ​បង្ហាញ​ឡើង​នេះ​ បាន​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​លោក​ សំ អ៊ុន មន្រ្តី​​នៅ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស)​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ករណី​ស្លាប់​របស់​លោក វន ស៊ីថា អាយុ​ ៣៩ ​ឆ្នាំ​នេះ មិន​ពាក់​ព័ន្ធ​នឹង​ការ​ងារ​ទេ​។ ​ទោះ​យ៉ាង​ណា​ក្តី លោក​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ​លោក​បាន​ផ្តល់​ព័ត៌​មាន​មិន​​សុក្រឹត​នោះ​ដោយ​ចៃដន្យ។

របាយការណ៍​នេះ​បន្ត​ថា ​មុន​ពេល​ប្រទះ​ឃើញ​ស្លាប់​នៅ​រោងចក្រ​កាត់​ដេរ​ New Archid ដោយ​កម្មករ​ដទៃ​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កក្កដា កម្មករ​ វន ស៊ីថា បាន​ធ្វើ​ការ​ពី​ម៉ោង​៧​ព្រឹក​រហូត​ដល់​​ប្រហែល​ម៉ោង​១០​យប់​រយៈ​ពេល​បួន​ថ្ងៃ​ជាប់​គ្នា​។

លោក ប៊ុន ឡុង អ្នក​គ្រប់គ្រង​រដ្ឋ​បាល​រោងចក្រ New Archid ​​ថ្លែង​ថា​៖ «​នា​ពេល​ឥឡូវ​នេះវា​ជា​រដូវ​មាន​បញ្ជា​ទិញ​ច្រើន មមាញឹក​។ យើង​សោក​ស្តាយ​ណាស់​ដែល​ឃើញ​កម្មករ​ស្លាប់​នៅ​ក្នុង​រោង​ចក្រ​​»។

លោក បន្ត​ថា​ រោង​ចក្រ New Archid បាន​ផ្តល់​ប្រាក់​ចំនួន​ ៣០០០​ដុល្លារ ទៅ​គ្រួសារ​របស់​លោក ស៊ីថា ​​និង​កម្មករ​រួម​ការ​ងារ​ដទៃ​​ទៀត​ បាន​ប្រមូល​ប្រាក់​គ្នា​បាន​៨៧២ ​ដុល្លារ សម្រាប់​គ្រួសារ​របស់​លោក ស៊ីថា​ ផង​ដែរ។

លោក ស៊ីថា ​បាន​ចេញ​ពី​ការ​ងារ​នៅ​ម៉ោង​ ១០ ​យប់​​រយៈ​ពេល​បួន​ថ្ងៃ​​មុន​ពេល​ការ​ស្លាប់​របស់​គាត់​​ និង​ចាប់​ផ្តើម​ការ​ងារ​ពី​ម៉ោង​ ៧​ ព្រឹក ដែល​សរុប​ទៅ​គឺ​ធ្វើ​ការ​១៥​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ ប៉ុន្តែ​លោក ឡុង បាន​ថ្លែង​ថា ​គាត់​ជា​ញឹកញាប់ ឈប់​ធ្វើ​ការ​នៅ​ម៉ោង​ប្រហែល​ ៩​ ឬ​៩:៣០​ នាទី​យប់​ និង​ស្គេន​​កាត​បុគ្គលិក​​របស់​គាត់​ នៅ​ម៉ោង​១០​។ ​ច្បាប់​ការ​ងារ​របស់​កម្ពុជា​ចែង​ថា ​ក្នុង​មួយ​ថ្ងៃ កម្មករ​អាច​ធ្វើ​ការ​ងារ​អតិបរមា​តែ​១០​ម៉ោង​ប៉ុណ្ណោះ។ ​លោក​ឡុង​ថ្លែង​ទៀត​ថា ចាប់​តាំង​ពី​​ករណី​ស្លាប់​របស់​កម្មករ ស៊ីថា ​រោង​ចក្រ​បាន​ព្យួរ​រាល់​ការ​ងារ​ថែម​ម៉ោង​ទាំង​អស់​ ​និង​កំពុង​ជ្រើស​រើស​​កម្មករ​ថ្មី​​ ដើម្បី​ធ្វើ​ការ​វេន​ពេល​យប់​។

លោក ​អ៊ុង សារិទ្ធ ដែល​ជា​កម្មករ​ម្នាក់​ដែល​ធ្វើ​ការ​ជា​មួយ​លោក ស៊ីថា ​បាន​ថ្លែង​ថា ការងារ​ថែម​ម៉ោង​នៅ​រោង​ចក្រ​ New Archid ​គឺ​ផ្អែក​ទៅ​លើ​គោលការណ៍​ស្ម័គ្រចិត្ត​ ហើយ​នៅ​ឆ្នាំ​នេះ​ ការងារ​ថែម​ម៉ោង​គឺ​មាន​តែ​ក្នុង​ខែ​កក្កដា​។ ​ការ​ចង់​បាន​ប្រាក់​ចំណូល​បន្ថែម​បាន​ជំរុញ​ឲ្យ​កម្មករ​ជា​ច្រើន​ខំ​ប្រឹង​ធ្វើ​ការ​ច្រើន​ម៉ោង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​

លោក ​អ៊ុង សារិទ្ធ​បន្ត​ថា​៖ «​ពេល​ខ្លះ យើង​មិន​ខ្វល់​អំពី​សុខ​ភាព​យើង​ទេ​ពីព្រោះ​ការ​រក​ប្រាក់​គឺ​សំខាន់​ជាង​ការ​បារម្ភ​អំពី​សុខ​ភាព​»។

ខណៈ​រោង​ចក្រ​អនុញ្ញាត​ឲ្យ​កម្មករ​ស៊ីថា ​ធ្វើ​ការ​​ជា​ច្រើន​ម៉ោង​នេះ លោក​ មឿន​ តុលា ​ប្រធាន​កម្មវិធី​​ការ​ងារ​​នៅ​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍​ ​បាន​ថ្លែង​ថា​ ​អ្នក​បញ្ជា​ទិញ H&M ​រួម​ចំណែក​ចំពោះ​ការ​​គួរ​ត្រូវ​បន្ទោស​ដែល​មិន​បាន​ខិតខំ​ធានា​ថា​ កម្មករ​នៅ​រោង​ចក្រ ដែល​ផ្គត់​ផ្គង់​ឲ្យ​ខ្លួន​ទទួល​បាន​​ប្រាក់​ឈ្នួល​រស់​នៅ​សមរម្យ​។ ​

លោក​បន្ត​ថា​៖ «អ្នក​បញ្ជា​ទិញ H&M ​កំពុង​អះអាង​ថាពួក​គេ​​ផ្តល់​ប្រាក់​ឈ្នួល​សម​ស្រប​​ឥឡូវ​នេះ​​កម្មករ​ម្នាក់​នៅ​រោង​ចក្រ​មួយ​ដែល​​ផ្គត់​ផ្គង់​ឲ្យ​ខ្លួន​​បាន​ស្លាប់​ដោយ​សារ​ការងារ​​។ នេះ​គួរ​ឲ្យ​អាម៉ាស់​សម្រា​ប់​អ្នក​បញ្ជា​ទិញ​ H&M»។

ក្រុម​ហ៊ុន H&M ​មិន​បាន​ឆ្លើយ​តប ​​នឹង​អ៊ីមែល​ពី​ភ្នំពេញ​ប៉ុស្តិ៍​ទេ​កាល​ពី​ថ្ងៃ​ពុធ​៕

អត្ថបទគួរចាប់អារម្មណ៍