The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បាក់ច្រាំង​សង្កត់​បុរស​ម្នាក់​ស្លាប់​ ពេល​កំពុង​ចាប់​ត្រី​នៅក្នុង​សំណាញ់

បាក់ច្រាំង​សង្កត់​បុរស​ម្នាក់​ស្លាប់​ ពេល​កំពុង​ចាប់​ត្រី​នៅក្នុង​សំណាញ់

Content image - Phnom Penh Post
សកម្មភាព​កាយ​យក​សព​ដែល​ច្រាំង​បាក់​សង្កត់​ស្លាប់​ពីថ្ងៃ​ ៤ ​មេសា​។ រូបថត ហ្វេសប៊ុក

បាក់ច្រាំង​សង្កត់​បុរស​ម្នាក់​ស្លាប់​ ពេល​កំពុង​ចាប់​ត្រី​នៅក្នុង​សំណាញ់

សៀមរាបៈ បុរស​ម្នាក់​បាន​ស្លាប់​នៅ​​កន្លែង​កើតហេតុ ដោយសារ​បាក់ច្រាំង​អូរ​សង្កត់​ពី​លើ​ ខណៈ​គាត់​កំពុង​គ្រប​សំណាញ់​ហើយ​រាវ​ចាប់​ត្រី​ក្នុង​អូរ​ ១ ​កន្លែង នៅ​ភូមិ​រហាល ឃុំ​តាសៀម ស្រុក​ស្វាយលើ​ ​ខេត្ត​សៀមរាប​ពី​ល្ងាច​ថ្ងៃទី​ ៤ ខែមេសា​។

អធិការនគរបាល​ស្រុក​ស្វាយលើ​លោក ស៊ុន អេង ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​ពី​ម្សិលមិញ​​ថា ក្រោយ​កម្លាំង​ជំនាញ​បាន​ចុះទៅពិនិត្យ​ជាក់ស្តែង​ឃើញថា ពិតជា​មាន​ករណី​បាក់​ច្រាំង​អូរ​សង្កត់​មនុស្ស​ម្នាក់​​ស្លាប់​មែន​។

លោក​ថ្លែងថា​៖ «​ជនរងគ្រោះ​បាន​​បង់សំណាញ់ ហើយ​ចុះ​ទៅ​សង្គ្រប់​ត្រី​នៅក្រោម​ច្រាំង​អូរ​ដែល​មាន​គល់​ឫស្សី​ហើយ​ច្រាំង​ក៏បាន​បាក់​សង្កត់​ធ្វើឱ្យ​ជនរងគ្រោះ​​ស្លាប់​តែម្តង រឿង​មាន​តែ​ប៉ុណ្ណឹង​ឯង​»​។

លោក អ៊ឹម ឡាំ មេប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តាសៀម​បាន​ប្រាប់​ដែរ​ថា ជនរងគ្រោះ​ឈ្មោះ ចក់ ចែម អាយុ​ ២១ ​ឆ្នាំ​ ជា​ពលរដ្ឋ​រស់នៅ​ភូមិ​រហាល ឃុំ​តាសៀម ស្រុក​ស្វាយលើ ខេត្តសៀមរាប​។ មុន​កើតហេតុ​ពលរដ្ឋ​ច្រើន​នាក់​បាន​ទៅ​បង់សំណាញ់​នៅ​ទីនោះ​ពី​ម៉ោង​ប្រមាណ​ ១ និង ​៣០ ​នាទី​រសៀល​រហូតដល់​ម៉ោង​ ៥ ​ល្ងាច ទើប​ចែក​ត្រី​គ្នា​រួច​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

លោក​ថា​៖ «​មុន​ពួកគាត់​បង់​ត្រី​គាត់​បាន​កាប់​ឫស្សី​ដែល​បាន​បាក់​ស្រាប់​ចូល​​ក្នុង​អូរ ក្រោយ​កាប់​ចុង​ឫស្សី​អស់​ក៏​នាំគ្នា​យក​សំណាញ់​គ្រប​ដើម្បី​ចាប់​ត្រី​ក្រោម​​ច្រាំង​អូរ​ដែល​មាន​គល់​ឫស្សី​ហ្នឹង​។ បន្ទាប់ពី​បាន​ត្រី​ចែកគ្នា​ហើយ អ្នកខ្លះ​ក៏​ទៅផ្ទះ ខ្លះ​ក៏​នៅ ឯ​ជនរងគ្រោះ​ក៏​នៅ​ដែរ តែ​អ្នកផ្សេងៗ​គេ​ឡើង​អស់ហើយ សល់​តែ​គាត់​ម្នាក់ឯង​នៅ​រាវ​ចាប់​ត្រី​ព្រោះ​ស្តាយ​»​។

បើតាម​លោក អ៊ឹម ឡាំ ដែល​បាន​ស្រង់​​សម្ដី​ឪពុក​ជនរងគ្រោះ​បញ្ជាក់ថា​នៅ​ម៉ោង​ ៥ និង​ ៣០ ​នាទី​ល្ងាច ជនរងគ្រោះ​បាន​យក​​សំណាញ់​ទៅ​គ្រប​នៅ​ច្រាំង​ក្រោម​គុម្ពឫស្សី​។ ​លុះ​ពេល​មុជទឹក​រាវរក​ត្រី​ស្រាប់តែ​បាក់​ច្រាំង​សង្កត់​លើ​តែម្តង​។ ឪពុក​ជនរងគ្រោះ​បាន​រាយការណ៍​មក​សមត្ថកិច្ច និង​បាន​ហៅ​អេស្កាវទ័រ មក​កាយ​យក​កូន​គាត់​ចេញពី​ក្នុង​ទឹក​។

បើតាម​លោក​ ឡាំ ការពិនិត្យ​ពី​ជំនាញ​​បច្ចេកទេស​ឃើញថា​សព​មាន​ស្នាម​ដាច់​រលាត់​លើ​ភ្នែក​ និង​ខ្ទង់ច្រមុះ​បណ្ដាលមកពី​ច្រាំង​សង្កត់ គឺ​គ្មាន​ពាក់ព័ន្ធ​រឿង​ព្រហ្មទណ្ឌ​ផ្សេង​ទេ ហើយ​ករណី​នេះ​សមត្ថកិច្ច​ក៏បាន​ធ្វើលិខិត​ប្រគល់​សព ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តែម្ដង​៕

អត្ថបទគួរចាប់អារម្មណ៍