សៀមរាបៈ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ៣ ​នាក់​បាន​ស្លាប់ និង​ជាង​ ១០ ​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់-ស្រាល ដោយសារ​ការរលំ​បាក់​ប្លង់សេ​សាលាឆាន់​ដែល​កំពុង​សាងសង់​នៅ​វត្ត​ប្រាសាទ​គោកចក​ស្ថិត​ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប​កាលពី​រសៀល​ម្សិលមិញ​។

លោក ទិត្យ ណារ៉ុង ស្នងការ​ខេត្ត​សៀមរាប​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា គិត​មកដល់​វេលា​ម៉ោង ៦ ​ល្ងាចម្សិលមិញ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ដែលមាន​កម្លាំង​កងរាជ​អាវុធហត្ថ ទាហាន នគរបាល​ខេត្ត និង​ពលរដ្ឋ​បាន​រកឃើញ​ជនរងគ្រោះ​ចំនួន ១៦ ​នាក់​ក្នុង​គំនរដែក និង​ថ្ម​នៃ​សាលាឆាន់​ដែល​បាក់​រលំ​នោះ ហើយ​ក្នុង​នោះ​មាន​ ៣ ​នាក់​ស្លាប់ និង​អ្នក​ដែល​រងរបួស​ធ្ងន់-ស្រាល​ចំនួន​ ១៣ ​នាក់​គឺ​មាន​ព្រះសង្ឃ​ចំនួន ២ ​អង្គ និង​មេការ​សំណង់​ម្នាក់​។

លោក​បញ្ជាក់ថា​៖ «​មូលហេតុ​ដែល​បាក់​ហ្នឹង​ដោយសារ​សំណង់​វា​អត់​រឹងមាំ​។ សំណង់​ហ្នឹង​គឺ​កំពុង​ចាក់​ប្លង់សេ​។ យើង​មិនបាន​ឃាត់​ (​ខ្លួន​) ​អី​ទេ ប៉ុន្តែ​យើង​ក៏បាន​រក​មេការ​ដែរ​ប៉ុន្តែ​មេការ​ហ្នឹង​កំពុងតែ​សន្លប់​»​។ លោក​បន្តថា លោក​មិនទាន់​ដឹង​អំពី​ចំនួន​ជាក់លាក់​នៃ​អ្នក​ដែល​បាន​រងគ្រោះ​ក្នុង​គ្រោះថ្នាក់​នេះ​នៅឡើយ​ទេ​។

នៅពេល​រលំបាក់​សាលាឆាន់​ដែល​កំពុង​សាងសង់​នេះ​គេ​ឃើញ​រថយន្ត​ពេទ្យ​ជាច្រើន​គ្រឿង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​កន្លែង​កើតហេតុ ដើម្បី​រង់ចាំ​ដឹក​ជនរងគ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ ខណៈ​ក្រុម​អ្នក​ជួយសង្គ្រោះ និង​គ្រឿងចក្រ​ជាច្រើន​គ្រឿង​បាន​ព្យាយាម​រុករក​ជនរងគ្រោះ​។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុង​សៀមរាប​ថ្លែងថា លោក​មិន​អាច​បញ្ជាក់​លម្អិត​អំពី​ករណី​គ្រោះថ្នាក់​នេះ​បាន​ទេ ដោយសារ​តែ​កម្លាំង​សមត្ថកិច្ច​កំពុង​ចុះ​ប្រតិបត្តិការ​ជួយ​ជនរងគ្រោះ​។

ព្រះសង្ឃ​ ១ ​អង្គ​​ ដែល​គង់នៅ​វត្ត​ប្រាសាទ​គោកចក​ដែល​ជា​វត្ត​កើតមាន​គ្រោះថ្នាក់​នេះ​មាន​សង្ឃដីកា​ថា សាលាឆាន់​នោះ​គឺ​បានចាប់ផ្ដើម​សាងសង់ រយៈពេល​យូរ​ឆ្នាំ​មក​ហើយ ដោយ​សសរ​ទើប​បាន​ចាក់​នៅក្នុង​ឆ្នាំនេះ​ប៉ុណ្ណោះ​។ ព្រះអង្គ​បន្តថា ករណី​គ្រោះថ្នាក់​នេះ​គឺ​កើតឡើង​នៅ​អំឡុងពេល​កំពុងតែ​ចាក់​ប្លង់សេ​។ សាលាឆាន់​នេះ​គឺ​មាន​កម្ពស់​ ៨ ​ម៉ែត្រ​ទទឹង ២០ ម៉ែត្រ និង​បណ្ដោយ ២០ ​ម៉ែត្រ​ដែល​បាន​ធ្លាក់​សង្កត់​មនុស្ស​ចំនួន ២០ ​នាក់​៕