The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បាក់​ច្រាំង​ទន្លេ​នៅ​ពញាឮរ​លំបាក់​ផ្ទះ​១​ខ្នង​ទៅ​ក្នុង​ទឹក

បាក់​ច្រាំង​ទន្លេ​នៅ​ពញាឮរ​លំបាក់​ផ្ទះ​១​ខ្នង​ទៅ​ក្នុង​ទឹក

បាក់​ច្រាំង​ទន្លេ​នៅ​ពញាឮរ​លំបាក់​ផ្ទះ​១​ខ្នង​ទៅ​ក្នុង​ទឹក

កណ្តាលៈ ផ្ទះ​មួយ​ខ្នង​ធ្វើ​ពី​បេតុង​ក្រោម ប្រក់​ស័ង្កសី​លើ​ទំហំ​៥​ម៉ែត្រ​គុណ​និង​៧​ម៉ែត្រ​ត្រូវ​បាន​ដួល​រលំ​បាក់​ចូល​ក្នុង​ទឹក​ទន្លេ​ដោយ​ការ​ស្រុត​បាក់​ដី​ច្រាំង​ខណៈ​ដែល​ម្ចាស់​ផ្ទះ​បាន​ដឹង​មុន​ហើយ​បាន​ភៀស​ខ្លួន​និង​ជញ្ជូន​របស់​របរ​ចេញ​ទាន់ មុន​ពេល​កើត​ឧប្បត្តិហេតុ​កាលពី​ព្រឹក​ម្សិលមិញ នៅ​ក្នុង​ឃុំ​កំពង់​ហ្លួង​ស្រុក​ពញាឮ។

លោក ឱម សុផាត នាយរង​សេនាធិការ​ស្រុក​ពញាឮ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ផ្ទះ​រលំ​នោះ​បាន​សង់​ជាប់​នឹង​មាត់​ទន្លេ​ហើយ​បាន​បាក់​ស្រុត​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ បណ្តាល​ឲ្យ​ខូចខាត​ទាំង​ស្រុង។

លោក​ឲ្យ​ដឹង​ទៀត​ថា ម្ចាស់​ផ្ទះ​ដែល​រលំ​នោះ​ជា​ស្ត្រី​ខ្មែរ​អ៊ិស្លាម​ឈ្មោះ ម៉ាន់ ម៉ាស់ រស់​នៅ​តាម​បណ្តោយ​ដង​ទន្លេ​សាប ក្នុង​ភូមិ​ទួលងោក ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល ។

លោក​បញ្ជាក់​ថា៖«ម្ចាស់​ផ្ទះ​បាន​ដឹង​មុន ខណៈ​ដែល​តួ​ផ្ទះ​ទាំង​មូល​បាន​ស្រុត​ចុះ​ក្រោម​និង​មាន​ប្រេះ​ជញ្ជាំង​ហើយ​ក្រុម​គ្រួសារ​នេះ ក៏​ប្រញាប់​ប្រញាល់​ជញ្ជូន​អីវ៉ាន់​និង​ជម្លៀស​ខ្លួន​ចេញ​និង​គ្មាន​សមាជិក​ណា​ម្នាក់​ក្នុង​គ្រួសារ​រងគ្រោះ​នោះ​ទេ»។

លោក​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ច្រាំង​ទន្លេ​នោះបាន​បាក់​ដោយ​សារ​រលក​បោក​ច្រាំង​និង​ធ្វើ​ឲ្យ​ប្រេះ​ច្រាំង​ប្រវែង​បណ្តោយ​ប្រហែល​ជា​៥​ម៉ែត្រ ប៉ុន្តែ​ម្ចាស់​ផ្ទះ​២​ខ្នង​ទៀត ធ្វើ​ពី​បេតុង​ក្រោម​ឈើ​លើ​នៅ​ក្បែរ​នោះ​ក៏​កំពុង​តែ​ព្រួយបារម្ភ​ពីរ​លំបាក់​ជា​បន្ត​ទៀត​ដែរ។​អាជ្ញាធរ​បាន​ឲ្យ​ត្រឹម​ម្ចាស់​ផ្ទះ​២ខ្នង​នោះ​ប្រុងប្រយ័ត្ន​ការ​បាក់​រលំ​ចៀសវាង​គ្រោះថ្នាក់​ឬ​បាត់បង់​ទ្រព្យសម្បត្តិ​ជាយថាហេតុ។

លោក​ប្រាប់​ថា ឆ្នាំ​មុន​នៅ​ភូមិ​មង្គល ឃុំ​ព្រែក​តាទែន ស្រុក​ពញាឮ​បាន​ស្រុត​បាក់​ច្រាំង​ទន្លេ​ប្រវែង​ជាង​៥០​ម៉ែត្រ ប៉ុន្តែ​ដោយ​ផ្ទះ​ពលរដ្ឋ​សង់​ឆ្ងាយ​ពី​ច្រាំង​មិន​បណ្តាល​ឲ្យ​រង​គ្រោះ​អ្វី​ទេ៕

អត្ថបទគួរចាប់អារម្មណ៍