ភ្នំពេញៈ បាតុភូត El Nino នឹង​ធ្វើ​ឲ្យ​សីតុណ្ហភាព ក្នុង​បរិយាកាសនៅ​ក្នុង​ប្រទេស​កម្ពុជា ​កើនឡើង​​កម្តៅ​​ដល់​ចន្លោះពី​ ៤០ ទៅ ៤២​ អង្សាសេ​ ចាប់​ពី​ចុង​ខែ​មីនា រហូត​ដល់​ចុង​ខែ​ឧសភា​ ខាង​មុខ ដែល​នឹង​បង្ក​ឲ្យ​មាន​ភាព​ក្ដៅ​ហួតហែង និង​ស្អុះ​ស្អាប់​ខ្លាំង នៅ​ក្នុងក្រប​ខ័ណ្ឌ​ទូទាំ​ង​​ប្រទេស។ នេះ​បើ​តាម លោក ចាន់​ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធន​ធាន​ទឹក និងឧតុ​និយម​ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​កាលពី​​ម្សិលមិញ។

លោក​យុត្ថា បាន​ថ្លែង​ថា នៅ​ពេល​នេះ​ប្រទេស​កម្ពុជា ​មាន​សីតុណ្ហ​ភាព​អប្បបរមា​ពី ២៥​ ទៅ ​២៦ ​អង្សាសេ និង​សីតុណ្ហភាព​​អតិ​​បរិមា​ ពី​ ៣៣​ ទៅ​ ៣៥​ អង្សា​សេ ពោល​គឺ​កំពុង​កើនឡើង​កំដៅ​ក្នុង​ចន្លោះ​ពី ១ ទៅ​ ២ ​អង្សាសេ​។ និន្នាការនៃការ​កើន​ឡើង​​សីតុណ្ហ​​ភាព​ ក្នុង​បរិយា​កាស​នាពេល​នេះ ​គឺ​បណ្ដាល​មក​ពីឥទ្ធិពល​​ខ្យល់​មូសុង​ឦ​សាន​ ដែលធ្វើ​ឲ្យ​បរិយា​​កាស​នៅលើផ្ទៃដី​គ្របដណ្តប់​ដោយ​កម្រិត​សម្ពាធ​ទាប និង ដែល​ជាផ្នែក​មួយ​នៃ​បាតុភូត El Nino។

លោក​​បញ្ជាក់​ថា៖ «ចាប់​ពី​ចុង​ខែមីនា ដល់​ចុង​ខែ​ឧស​ភា​ខាង​មុខ​នេះ សីតុណ្ហ​ភាព​អតិបរិមា​នឹង​កើន​ឡើង​ក្នុង​រង្វង់ ​៤០ ​ទៅ​ ៤២ ​អង្សា​សេ ដែល​បង្ក​ឲ្យ​មាន​ភាព​ក្ដៅ​ហួត​ហែង​ និង​ស្អុះស្អាប់​ខ្លាំង​ ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស។ ក្នុង​រយៈ​ពេល​នេះ ភ្លៀង​កក់​ខែ​ស្ទើរ​តែ​នឹង​មិន​អាច​កើត​មាន​នោះ​ទេ មិន​តែ​ប៉ុណ្ណោះ ​បាន​ធ្វើ​ឲ្យ​មាន​ដំណើរ​ប្រែប្រួល ​នៃ​រដូវវស្សា​ក្នុង​ប្រទេស ​កម្ពុជា​ យើង មាន​​ភាព​យឺត​យ៉ាវ​ខុស​ពី​ធម្មតា»។

ទន្ទឹម​ជា​មួយ​គ្នា​នេះ លោក​បាន​អំពាវ​នាវ ឲ្យ​ប្រជាក​សិក​រ ត្រូវ​ចេះ​ប្រើប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ ​ធ្វើយ៉ាង​ណា​កុំបូម​បាច​ទឹក​ចេញពី​ក្នុង​ស្រះ​ ត្រពាំ​ង ឬតាមប្រភព​ដៃ​ទន្លេ បឹងបួ​នានា ដើម្បី​ចាប់​ត្រី​មកបរិភោគ តែក្នុង​រយៈ​ពេល​ខ្លី ហើយ​ធ្វើ​ឲ្យមាន​កង្វះខាតទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​អំឡុង​ពេល​ដែល​មានគ្រោះរាំង​ស្ងួត ​កំពុង​ចូល​មក​ដល់។ ពិសេសការធ្វើ​ស្រែ​ប្រាំង​ក្នុង​រយៈ​ពេល ២ ដង​ក្នុង​ ១ ​ឆ្នាំ គួរ​តែ​ត្រូវបាន​បញ្ឈប់​ ខណៈ​ប្រភព​ទឹក​សម្រា​ប់​ស្រោច​​ស្រព​នៅ​មាន​កម្រិត​នៅ​ឡើយ។

ជា​មួយ​គ្នា​នេះ ​លោក កែវ សុ​ភក្ត្រា ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​បន្ទាយមាន​ជ័យ ក៏​បាន​លើក​ឡើង​ដែរ​ថា ភាព​ស្អុះស្អា​ប់​នៃបរិយា​កាស អាច​បង្ក​ឲ្យមាន​ជំងឺ​ឆ្លង​កើត​ឡើង​ផង​ដែរពិសេ​ស​ជំងឺផ្លូវដង្ហើម​ ដែល​ងាយ​នឹង​កើត​មាន​ទៅ​លើ​មនុស្ស​ចាស់​និង​កុមារ ដែល​ទាម​ទារ​ឲ្យមាន​ការ​សម្អាត​អនាម័យ​ទាំង​ក្នុង​មជ្ឈដ្ឋាន​នៃការ​រស់​នៅ ​និង​​ការ​បរិ​ភោគ​ចំណី​អាហារ​ប្រចាំ​ថ្ងៃ។

លោក​​ថ្លែង​ថា​៖ «អា​កាសធាតុ​ក្ដៅ ស្អុះ​ស្អាប់ ​ងាយ​នឹង​កើត​មាន​ជំងឺ​ឆ្លង ពិសេស​ជំងឺ​ផ្លូវ​ដង្ហើម​ ដូច្នេះ បើ​មិន​ចាំ​បាច់ សូម​បង​ប្អូន​ប្រជា​ពលរដ្ឋ គប្បី​កុំធ្វើ​ដំណើ​រផ្លូវ​ឆ្ងាយ​នៅ​ពេល​ថ្ងៃ ដែល​សីតុណ្ហ​ភាព​កំពុង​ក្ដៅ​ខ្លាំង​។ ត្រូវ​ទទួល​ទាន​របប​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់​និង​ប្រក​ប​ដោយ​​អនាម័យ​ស្អាត ពិសេស ត្រូវ​ហូប​ទឹក​ឲ្យ​បាន​ច្រើន​»។

អាកាស​ធាតុ​ក្ដៅខ្លាំង​ នៅ​លើ​ផ្ទៃដី​ និង​លើ​មហា​សមុទ្រ​នេះត្រូវបាន​អ្នក​ជំនាញ​និយា​យ​​ថា បាន​កើត​មាន​ឡើង​ចាប់​តាំង​ពី​ឆ្នាំ ២០១៥ មក ហើយ​ករណី​នេះ​ មិន​មែន​កើត​មាន​តែក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ តែវា​បាន​កើត​ឡើង​នៅ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ពិភព​លោក។

រដ្ឋា​ភិបាល​កាល​ពី​ថ្ងៃ​ទី ១៧ ខែ​មករា​ឆ្នាំ ២០១៩ បាន​ចេញ​សារាច​រណែនាំ​មួយ​ ស្ដីពី​ការ​ចាត់​វិធាន​ការថែ​រក្សាទឹក​ទុក ​ដើម្បី​ទប់​ទល់​នឹង​បាតុ​ភូត អែលនី​ណូ ដែល​បាតុ​ភូត​នេះ មិន​ត្រឹម​តែ​ធ្វើឲ្យ​អាកាស​ធាតុ​ក្ដៅ​ហួត​ហែង​ខ្លាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វាក៏​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​កក់​ខែ​តិច មាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កើត​ឡើង​ច្រើន ហើយ​ជា​ពិសេស​រដូវ​វស្សា ក៏​នឹង​ចូល​មក​ដល់​យឺត​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ​ផង​ដែរ។

សារាចរ​ណែ​នាំ​របស់​រដ្ឋាភិ​បាល​នេះ​ បាន​ដាក់​ចេញ​នូវ​វិធាន​ការ​មួយ​ចំនួន​ដូច​ជា៖ ទី១. ការងារ​បង្ក​បង្កើន​ផល​ស្រូវ​ប្រាំង​ ក្នុង​ឆ្នាំ ២០១៩ នេះ គឺ​អាច​ធ្វើ​បាន​តែ ១ ​ដង​ប៉ុណ្ណោះ ដោយ​មិន​អាច​ធ្វើស្រូវ​ប្រាំង​លើកទី​២ បាន​ទេ បើទោះ​បី​ជាទឹក​នៅ​តាម​បណ្តា​អាង​ដែល​បាន​រក្សា​ទុក និង​កន្លែង​មួយ​ចំនួ​ន​ ដែល​មាន​ទឹក​ជាធម្មជាតិ​ក្តី ដោយ​គួរ​តែ​រក្សា​ទឹក​ទាំង​នោះ​ទុក សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​ការដាំ​ដំណាំ​រួមផ្សំផ្សេង​ទៀត​ក្រៅពី ស្រូវ​។ ទី២.​ ក្រសួងស្ថាប័ន​ពាក់​ព័ន្ធអាជ្ញា​ធរ​​​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​ចូល​រួម​ចាត់​វិធាន​ការ​ ថែរក្សាទឹ​កទុក​ឲ្យបាន​ល្អ ដើម្បី​ផ្គ​ត់ផ្គ​ង់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ រហូត​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់ ជា​ធម្មតា​ឡើង​វិញ និង​ទី៣. ក្រសួ​ង ស្ថាប័ន​ពាក់​ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​​ថ្នាក់ ត្រូវ​ត្រៀម​លក្ខណៈ​ជួយ​សង្គ្រោះ ប្រជាពលរដ្ឋ​ដោយ​គ្រោះធម្ម​ជាតិ នានា​ដូច​ជាខ្យល់​កន្ត្រាក់​ជាដើម៕