ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសដំណឹងដល់ប្រជាពលរដ្ឋនៅក្នុងខេត្តមួយចំនួនចាប់ពីថ្ងៃទី ១៤ ខែឧសភានេះទៅ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ខ្លាំងក្នុងល្បឿនខ្លាំងពី ១០-២០ ម៉ែត្រ ក្នុងមួយវិនាទី។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី ១៣ ខែឧសភា។
សេចក្ដីជូនដំណឹងនេះបានឱ្យដឹងថា តាមរយៈការវិវត្តន៍ជាក់ស្តែងនៃស្ថានភាពអាកាសធាតុឃើញថា បណ្តុំសម្ពាធទាបរួមជាមួយនឹងខ្យល់និរតីដែលបក់មកពីឈូងសមុទ្រថៃ នឹងមានឥទ្ធិពលខ្លាំងមកលើប្រទេសកម្ពុជា ស្ទើរតែគ្រប់ខេត្តទាំងអស់ ដែលស្ថិតនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នឹងមានភ្លៀងលាយឡំជាមួយផ្គររន្ទះ ពីបង្គួរទៅខ្លាំងស្ទើរគ្រប់ទីកន្លែង និងមានខ្យល់កន្ត្រាក់មានល្បឿនខ្លាំង។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ ខែឧសភានេះថា រដ្ឋបាលខេត្តបានទទួលសេក្តីជូនដំណឹងនេះរួចហើយ ហើយបានបញ្ជូនទៅតាមបណ្តាស្រុកនានាឱ្យជួយផ្សព្វផ្សាយបន្ត និងប្រាប់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុនេះ។
លោក សឿម ប៊ុនរិទ្ធិ ថ្លែងថា៖ «យើងមានការប្រុងប្រយ័ត្ននៅពេលមានភ្លៀង ព្យុះ កុំឱ្យគាត់ទៅនៅក្រោមដើមឈើខ្លាចវារលំបាក់។ បើផ្ទះយើងមិនមានសុវត្ថិភាពទេ ទៅផ្ទះអ្នកជិតខាងណាដែលគេមានផ្ទះសុវត្ថិភាព»។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុឱ្យដឹងដែរថា អាជ្ញាធរមូលដ្ឋានបានផ្សព្វផ្សាយបន្តទៅប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលអាចនឹងកើតឡើងដោយបាតុភូមិធម្មជាតិ។
ភ្នំពេញ បុស្តិ៍ មិនអាចទាក់ទងទៅលោក សៀក វិចិត្រ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសុំធ្វើអត្ថាធិប្បាយបានទេ នៅថ្ងៃទី ១៣ ខែឧសភា។
ប៉ុន្តែលោកបានឱ្យដឹងនាពេលកន្លងមកថា ក្នុងរយៈពេល ១ សប្តាហ៍ នៃខែឧសភា ឆ្នាំ ២០២១ នេះ កម្ពុជាទទួលរងនូវគ្រោះធម្មជាតិប៉ះពាល់ដល់ផ្ទះរបស់ប្រជាពលរដ្ឋចំនួនជាង ១ ៦០០ ខ្នងផ្ទះ និងមានប្រជាពលរដ្ឋទទួលរងគ្រោះថ្នាក់ចំនួន ៥ នាក់ ប៉ុន្តែមិនមានអ្នកស្លាប់នោះទេ។
លោក សៀក វិចិត្រ ថ្លែងថា៖ «យើងឃើញថា គ្រោះធម្មជាតិនេះបានធ្វើប៉ះពាល់ដល់អគារសាធារណៈ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តជាច្រើនផងដែរ»៕
វីដេអូ៖