ភ្នំពេញៈ ក្រុងបាត់ដំបងត្រូវបានទទួលស្គាល់ជាទីក្រុងគំរូលើការងារគ្រប់គ្រងសំរាមដោយបានកែច្នៃសំរាមទៅជាជីកំប៉ុស្តិ៍ និងកែច្នៃសំណល់ប្លាស្ទិកទៅជាសម្ភារប្រើប្រាស់ផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) កាលពីថ្ងៃទី ២១ មករា។
ក្នុងរបាយការណ៍នោះ UNDP គូសបញ្ជាក់ថា ដំបូងឡើយក្រុងបាត់ដំបង ក៏មានបញ្ហាប្រឈមចំពោះការងារគ្រប់គ្រងកាកសំណល់ដូចជាបណ្ដាក្រុងផ្សេងទៀតនៅទូទាំងប្រទេសដែរ។ ប៉ុន្តែក្រោមកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំកន្លងមក និងដោយមានកិច្ចសហការគាំទ្រពីអង្គការជាតិ និងអន្តរជាតិជាដៃគូ ព្រមទាំងវិស័យឯកជន និងផ្នែកពាក់ព័ន្ធនានា ក្រុងបាត់ដំបងត្រូវបានទទួលស្គាល់ថា ជាទីក្រុងគំរូដែលមានខ្យល់អាកាសបរិសុទ្ធ ដោយកាកសំណល់ស្ទើរតែទាំងអស់ត្រូវបានកែច្នៃទៅជាជីកំប៉ុស្តិ៍ និងវត្ថុប្រើប្រាស់ផ្សេងៗ។
តាមរយៈការប្រឹងប្រែងប្រកបដោយផ្លែផ្កានេះ UNDP បានសហការជាមួយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និង ដោយមានការគាំទ្រពីស្ថានទូតស៊ុយអែត បានបង្កើតកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធនៅទីតាំងកែច្នៃកាកសំណល់សំរាម និងកាកសំណល់ ប្លាស្ទិកនៅទីក្រុងបាត់ដំបង។
កាលពីថ្ងៃទី ២១ ខែមករា មានមន្ត្រីជាច្រើនរូបនៃរដ្ឋបាលខេត្តកែប ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងគម្រោងចុះទស្សនកិច្ចសិក្សាដើម្បីស្វែងយល់ និងទទួលបាននូវចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់ បទប្បញ្ញត្តិ និងដំណោះស្រាយនានានៃការកែច្នៃសំណល់ទីក្រុងដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចវិលជុំនៅកម្ពុជា។
លោក សេ មុត នាយករងរដ្ឋបាលខេត្តកែបដែលបានចូលរួមនៅក្នុងកម្មវិធីនោះ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា តាមរយៈដំណើរទស្សនកិច្ចសិក្សានោះលោកចាប់អារម្មណ៍លើការងារគ្រប់គ្រង និងកែច្នៃកាកសំណល់ប្លាស្ទិកទៅជាវត្ថុប្រើប្រាស់ផ្សេងៗច្រើនជាងការកែច្នៃសំរាមទៅជាជីកំប៉ុស្តិ៍។ លោកថ្លែងថា៖ «ខេត្តកែបរបស់យើងស្ថិតក្នុងតំបន់ឆ្នេរដែលចាំបាច់ត្រូវមានសិប្បកម្មកែច្នៃសំណល់ប្លាស្ទិកទៅជាវត្ថុផ្សេង ដើម្បីកាត់បន្ថយការបោះចោលពាសវាលពាសកាលនៃសំណល់ប្លាស្ទិក»។
លោក មុត បន្តថា ដំណោះស្រាយវិបត្តិសំរាម និងកាកសំណល់ប្លាស្ទិករបស់រដ្ឋបាលក្រុងបាត់ដំបងគឺពិតជាល្អ និងប្រកបដោយប្រសិទ្ធភាពសម្រាប់យកជាគំរូ មិនសម្រាប់តែក្រុងកែបប៉ុណ្ណោះទេ តែគ្រប់បណ្ដាក្រុងទាំងអស់នៅកម្ពុជា»។
នាយករដ្ឋបាលខេត្តបាត់ដំបងលោក មូល ធន បានថ្លែងដោយមោទនភាពពីម្សិលមិញថា ការគ្រប់គ្រងកាកសំណល់សំរាមមិនមែនជារឿងងាយស្រួលនោះទេប្រសិនបើគ្មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន។
លោកថា៖ «យើងពិតជាមានមោទនភាពខ្លាំងណាស់នៅពេលមានការវាយតម្លៃពី UN-DP ក៏ដូចជា គ.ជ.អ.ប និងតំណាងអង្គទូតនានាថា ក្រុងបាត់ដំបងរបស់ខ្ញុំជាក្រុងគំរូលើការងារគ្រប់គ្រង និងកែច្នៃសំរាម និងជាក្រុងដែលមានខ្យល់អាកាសបរិសុទ្ធ»។
រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំបង្កើតទីលានចាក់សំរាមមួយកន្លែងផ្សេងទៀតដែលមានទំហំ ២០ ហិកតា ស្ថិតក្នុងឃុំតាក្រៀម ស្រុកបាណន់ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងសង្គម ដែលបង្កពីក្លិនមិនល្អនៃកាកសំណល់សំរាមទាំងនោះ។
ទីលានចាក់សំរាមបច្ចុប្បន្នដែលមានទំហំ ៨ ហិកតា ស្ថិតនៅក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបងត្រូវបានប្រែក្លាយជាកន្លែងកែច្នៃ ធ្វើជាជីកំប៉ុស្តិ៍ (សំណល់ផ្ទះបាយ) និងជាវត្ថុប្រើប្រាស់ផ្សេងៗ ដូចជា កែវ ដប តង់ ទុយោ (សំណល់ប្លាស្ទិក)។
លោក សំ ផល្លា នាយករងអង្គការ COMPED និងជាប្រធានគម្រោងកែច្នៃជីកំប៉ុស្តិ៍ថ្លែងថា បច្ចុប្បន្នក្រុងបាត់ដំបងមានកាកសំណល់រឹងប្រមាណពី ១៨០ តោន ទៅ ២៤០ តោន ក្នុង ១ ថ្ងៃ ហើយត្រូវបាននាំយកទៅចាក់នៅក្នុងទីលានចាក់សំរាមចាស់។ ដោយមានកិច្ចសហកាជាមួយអាជ្ញាធរខេត្ត និងក្រុមហ៊ុន ស៊ីនទ្រី អង្គការរបស់លោកបានធ្វើការប្រមូលសំរាមប្រមាណពី ៥ ទៅ ៧ តោន ក្នុង ១ ថ្ងៃ សម្រាប់យកមកកែច្នៃធ្វើជាជីកំប៉ុស្តិ៍ ៕
វីដេអូ៖