ភ្នំពេញៈ រដ្ឋាភិបាលប្រទេសបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទានចំនួន ៧៥ លានអឺរ៉ូ ស្មើនឹងប្រមាណជាង ៩១ លានដុល្លារអាមេរិក សម្រាប់ពង្រឹងវិស័យកសិកម្ម និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា។ នេះបើតាមការផ្សាយរបស់ស្ថានទូតបារាំង ប្រចាំនៅកម្ពុជាលើបណ្តាញហ្វេសប៊ុកកាលពីថ្ងៃទី ២១ ខែធ្នូ។
តាមការផ្សាយរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានឱ្យដឹងថា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា និងលោកស្រី អូហ្វេលី បួរីស នាយិកាទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ប្រចាំកម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញាហិរញ្ញប្បទានចំនួន ២ នៅថ្ងៃទី ២១ ខែធ្នូ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងជនបទប្រកបដោយចីរភាពក៏ដូចជាការអភិវឌ្ឍដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
ស្ថានទូតបារាំងបានបញ្ជាក់ថា គម្រោងដែលមានឈ្មោះថា Rural Infrastructure Development for Cambodia (RID4CAM) ផ្តល់ជូនសម្រាប់ការជួយកែលម្អសេវាមូលដ្ឋានសម្រាប់ប្រជាជននៅតាមជនបទ និងចូលរួមចំណែកតភ្ជាប់តំបន់ដាច់ស្រយាល។
ចំណែកគម្រោង Agriculture Value Chain Competitiveness and Safety Enhancement (ACSEP) នឹងបង្កលក្ខណៈងាយស្រួលទៅដល់វិស័យកសិកម្ម តាមរយៈការគាំទ្រដល់ផ្នែកដ៏មានសក្តានុពលនៃដំណាំកសិកម្មមួយចំនួនដូចជាគ្រាប់ស្វាយចន្ទី ផ្លែស្វាយ និងផ្នែកបសុបក្សីជាដើម។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាមរយៈប្រព័ន្ធតេឡេក្រាមកាលពីម្សិលមិញថា ថវិកាគម្រោង ដែលបារាំងផ្តល់ឱ្យនេះត្រូវបានបែងចែកជា ២ គម្រោងធំៗ ដែលគម្រោងទី១ គឺបារាំងសហការផ្តល់មូលនិធិជាមួយធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB ដែលមានថវិកាប្រមាណ ៣០ លានដុល្លារ សម្រាប់ការរៀបចំអភិវឌ្ឍគម្រោងមួយដែលមានឈ្មោះថា ការកែលម្អខ្សែចង្វាក់ តម្លៃ ផលិតកម្មកសិកម្ម។
លោក វេង សាខុន ថ្លែងថា៖ «គម្រោងនេះមានថវិកាប្រមាណ ៣០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ផ្តោតទៅលើការធ្វើផ្លូវលំជនបទ និងផ្តោតទៅលើការអភិវឌ្ឍនូវដំណាំដែលមានតម្លៃខ្ពស់មួយចំនួនដូចជាដំឡូងមី ស្វាយចន្ទី បន្លែ និងកៅស៊ូជាដើម ហើយគម្រោងនេះយើងកំពុងតែដំណើរការ» ។
ដោយឡែក ថវិកាប្រមាណជា ៦០ លានដុល្លារសហរដ្ឋអាមេរិកទៀត គឺសម្រាប់អនុវត្តគម្រោងដែលមានឈ្មោះថា RID4CAM ដែលជាគម្រោងស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ ហើយគម្រោងនេះគឺផ្តោតទៅលើការដាំដុះដំណាំដើម្បីជំរុញទៅដល់ការផលិតចំណីសត្វនៅកម្ពុជា។
លោក សាខុន ថ្លែងយ៉ាងដូច្នេះថា៖ «ព្រោះយើងយល់ឃើញថា ការត្រូវការចំណីសត្វនៅកម្ពុជាកំពុងមានសម្ទុះកើនឡើងក្នុងការផ្គត់ផ្គង់ទៅដល់ការចិញ្ចឹម ទាំងត្រី ទាំងសាច់នៅកម្ពុជា ហើយក្នុងនោះក៏ប្រមូលផ្តុំទៅលើដំណាំដែលមានតម្លៃខ្ពស់ដូចជាបន្លែបង្ការ និងអ្វីផ្សេងៗទៀតមានការចាំបាច់ក្នុងទីផ្សារក្នុងពេលបច្ចុប្បន្ននេះ»។
យោងតាមរបាយការណ៍មួយរបស់អង្គការ USAID កាលពីឆ្នាំ ២០១៩ បានឱ្យដឹងថា វិស័យកសិកម្មមានសក្តានុពលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែប្រទេសកម្ពុជាចាំបាច់ត្រូវតែធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធក្រោយការប្រមូលផលសម្រួលបរិស្ថានជំនួញ និងបង្កើនសមត្ថភាពសម្រាប់សេវាហិរញ្ញវត្ថុឱ្យទៅដល់សហគ្រិននៅតាមទីជនបទ។
USAID ក៏បានបញ្ជាក់ដែរថា ជិត ៨០ ភាគរយនៃប្រជាជនកម្ពុជារស់នៅតំបន់ជនបទ ហើយ ៦៥ ភាគរយ ពឹងផ្អែកវិស័យកសិកម្មការនេសាទ និងព្រៃឈើ។ ១ ភាគ ៥ នៃប្រជាជនកម្ពុជាមានកង្វះចំណីអាហារមានន័យថា បរិមាណកាឡូរីដែលពួកគេទទួលបានប្រចាំថ្ងៃមានចំនួនតិចជាងបរិមាណកាឡូរីដែលមនុស្សម្នាក់ៗត្រូវទទួលបានតាមការកំណត់៕
វីដេអូ៖