ភ្នំពេញ៖ ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) បាន​​ផ្តល់​ឥណទាន​សម្បទាន​ដល់​កម្ពុជា​នូវ​ទឹក​ប្រាក់​​ចំនួន ​១១៨ លាន​អឺរ៉ូ (ប្រមាណ​ ១២១ ​លាន​​ដុល្លារ​អាមេរិក) ​សម្រាប់​គម្រោង ២ គឺ​គម្រោង​​សាងសង់​រោងចក្រ​ប្រព្រឹត្តកម្ម​ទឹក​ស្អាត​បាក់ខែង និង​គម្រោង​អភិវឌ្ឍន៍​ជំនាញ​សម្រាប់​ការ​ប្រកួត​ប្រជែង។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​កាល​ពី​ថ្ងៃ​​ទី ២៤ ខែ​ធ្នូ បាន​ឱ្យ​ដឹង​ថា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​លោកស្រី​ Ophe''lie Bourhis នាយិកា​ AFD ប្រចាំ​នៅ​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​ទាំង ២ ​នេះ កាល​ពី​ថ្ងៃ​ទី ​២៤ ​ខែ​ធ្នូ។

សេចក្តី​ប្រកាស​ព័ត៌មាន​​បន្ត​ថា សម្រាប់​គម្រោង​​​សាងសង់​រោងចក្រ​ប្រព្រឹត្តកម្ម​ទឹក​ស្អាត​បាក់ខែង AFD នឹង​​ផ្តល់​ឥណទាន​សម្បទាន​បន្ថែម​ចំនួន​ ១០០ ​លាន​អឺរ៉ូ សម្រាប់​អនុវត្ត​គម្រោង​នេះ​បន្ត​ពី​គម្រោង​ជំហាន​​ទី១។ គម្រោង​នេះ​មាន​ទិសដៅ​សាងសាង់​ស្ថានីយ​បូម​ទឹក​ដែល​​អាច​ផលិត​ទឹក​ស្អាត​បាន ​១៩៥ ម៉ែត្រគុប ​ក្នុង ​១ ថ្ងៃ បំពាក់​បំពង់​មេ​នាំ​ទឹក​ស្អាត បំពង់​ចែកចាយ​និង​សម្ភារ​តភ្ជាប់​បំពង់​ទឹក​។

គម្រោង​នេះ​ក៏​មាន​ទិសដៅ​​ត្រួត​ពិនិត្យ​ការងារ​សាងសង់ និង​គាំទ្រ​ដល់​ការ​ពង្រឹង​សមត្ថភាព​ មន្ត្រី​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​លើ​ការងារ​លទ្ធកម្ម និង​ដំឡើង​បណ្តាញ​ចែកចាយ​ទឹក​។

ចំពោះ​គម្រោង​អភិវឌ្ឍន៍​ជំនាញ​សម្រាប់​ការ​ប្រកួត​ប្រជែង AF​D នឹង​ផ្តល់​ឥណទាន​សម្បទាន​បន្ថែម​ចំនួន ​១៨ ​លាន​អឺរ៉ូស ​សម្រាប់​ធ្វើ​សហហិរញ្ញប្បទាន​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ជូន​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​អនុវត្ត​គម្រោង​នេះ​ ដែល​មាន​ក្រសួង​ការងារ ជា​ភ្នាក់ងារ​ប្រតិបត្តិ​គម្រោង ហើយ​ក្រសួង​អប់រំ និង​ក្រសួង​សេដ្ឋកិច្ច​ជា​ភ្នាក់ងារ​អនុវត្តន៍​គម្រោង។

គម្រោង​នេះ​ មាន​ទិសដៅ​កែ​លម្អ និង​លើក​​កម្ពស់​គុណភាព​នៃ​ការ​បណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​​កម្រិត​ក្រោយ​មធ្យម​សិក្សា​លើក​​កម្ពស់​ការ​សិក្សា​ផង និង​ធ្វើ​ការ​ផង​តាម​បណ្តា​ឧស្សាហកម្ម​នានា។ គម្រោង​នេះ​ក៏​មាន​ទិស​ដៅ​ពង្រឹង​យន្តការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​គ្រឹះស្ថាន​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ផង​ដែរ​។

សេចក្តី​ប្រកាស​បន្ត​ថា៖ «ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ទាំង ២ ខាង​លើ​នេះ ​គឺ​បាន​ឆ្លើយ​តប​យ៉ាង​ជាក់​ច្បាស់​ ទៅ​នឹង​សេចក្តី​ត្រូវ​ការ​ជា​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​វិស័យ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​តាមរយៈ​ការ​លើក​កម្ពស់​ចំណេះ​ដឹង ជំនាញ​វិជ្ជាជីវៈ សមត្ថភាព និង​សហគ្រិនភាព និង​វិស័យ​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទីក្រុង និង​ទី​ប្រជុំជន​តាមរយៈ​ការ​ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់​ទឹក​ស្អាត និង​​ការ​បំពាក់​ប្រព័ន្ធ​ចែកចាយ និង​ផ្គត់ផ្គង់​ទឹក​ស្អាត»។

លោក គីម សុភៈ និង​លោក មាស សុខសេនសាន អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ មិន​អាច​ទាក់ទង​​ដើម្បី​សុំ​​ការ​​បញ្ជាក់​បន្ថែម​បាន​ទេ​​ពី​ថ្ងៃ​អង្គារ​។

លោក យ៉ង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព ​ថ្លែង​​ពី​ថ្ងៃ​អង្គារ​ថា ការ​ផ្តល់​ឥណទាន​សម្បទាន គឺ​ជា​រឿង​មួយ​ ដែល​ជួយ​កែ​លម្អ​ឱ្យ​ប្រជាពលរដ្ឋ​​បាន​ទទួល​ផល​ពី​គម្រោង​ទាំង​នេះ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​កម្ពុជា​​ត្រូវ​បង្ហាញ​​នូវ​តម្លាភាព​ក្នុង​ការ​គ្រប់គ្រង​ឥណទាន​សម្បទាន​នេះ។

លោក គិមអេង ថ្លែង​ថា៖ «​កម្ចី​សម្ប​ទាន​ខ្លះ ​ទោះបី​ជា​អត់​​មាន​ការ​ប្រាក់ ឬ​មាន​ការ​ប្រាក់​ទាប​ក៏​ដោយ ប៉ុន្តែ​យើង​ត្រូវ​សង​គេ​ដែរ។ អ៊ីចឹង ​បើ​ជា​អំណាយ​ដែល​គេ​ផ្តល់​ឱ្យ​យើង (ឬ) ជំនួយ​ឥត​សំណង​ វា​អត់​មាន​បញ្ហា​អ្វី​ទេ។ អ៊ីចឹង​រឿង​ដែល​សំខាន់​គឺ​យើង​ត្រូវ​មាន​ការ​គ្រប់គ្រង​ការ​​ចំណាយ​ហ្នឹង​ឱ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​បង់ពន្ធ ឱ្យ​គាត់​ទទួ​ល​ស្គាល់​នូវ​កម្ចី​ហ្នឹង​ដែរ ហើយ​គាត់​ក៏​​មាន​ការ​រីករាយ​នឹង​សង​គេ​វិ​ញ​តាមរយៈ​ការ​បង់​ពន្ធ​អី​ផ្សេងៗ​»​។

ចាប់​តាំង​ពី​ឆ្នាំ ​១៩៩៣ ​ដល់​ចុង​ឆ្នាំ ​២០១៩ ប្រទេស ​បារាំង ​បាន​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​​ប្រមាណ ​៨០២ លាន​អឺរ៉ូ ដែល​ក្នុង​នោះ​ហិរញ្ញប្បទាន​ចំនួន ២០១ លាន​អឺរ៉ូ ឥណទាន​សម្បទាន (Sovereign Loan) ចំនួន ​៤៣៤ ​លាន​អឺរ៉ូ និង​ឥណទាន​គ្មាន​ការ​ធានា​ពី​រដ្ឋ (Non Sovereign Loan) ចំនួន ​១៦៧ ​លាន​អឺរ៉ូ៕