សៀមរាម: អាជ្ញាធរ​ជាតិ​អប្សរា​បាន​ហាម​ជា​បណ្ដោះអាសន្ន​ការទៅ​ទស្សនា​ថ្ងៃ​លិច​នៅលើ​បរិវេណ​ប្រាសាទ​ប្រែរូប​ចាប់ពី​ថ្ងៃ​ស្អែក​ទៅ ដោយសារ​​រចនាសម្ព័ន្ធ​ប្រាសាទ​នេះ​មាន​ហានិភ័យ​ជាក់ស្ដែង​មួយ​ចំនួន​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវទេសចរ​ជាយថាហេតុ​។

តាម​សេចក្ដី​ជូន​ដំណឹង​ចុះ​ថ្ងៃទី​ ២៦ សីហា ដែល​ភ្នំពេញប៉ុស្ដិ៍​ទទួល​ពី​ម្សិលមិញ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជម្រាប​ដល់​ក្រសួង ស្ថាប័ន​ជាតិ​អន្តរជាតិ អាជ្ញាធរ​ដែនដី មន្ទីរ​អង្គភាព សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ សមាគម​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ ក្រុមហ៊ុន​ទេសចរណ៍ ភ្ញៀវជាតិ និង​អន្តរជាតិ និង​ពលរដ្ឋ​ពី​ស្ថានភាព​ហានិភ័យ​មួយចំនួន​នៃ​រចនាសម្ព័ន្ធ​ប្រាសាទ​ប្រែរូប​​នេះ​។ ​ក្នុង​នោះ​នៅ​បណ្ដោយ​កម្រាល​​នៃ​ខឿន​លើ​បង្អស់​ផ្នែក​ខាងលិច ដែល​ជា​ទីតាំង​ទស្សនា​ថ្ងៃ​លិច មាន​កម្រាល​ថ្ម​រំកិល​ចេញពី​ទីតាំង​ដើម​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវទេសចរ​។

សេចក្ដី​ជូន​ដំណឹង​បន្តថា ដើម្បី​​ថែរក្សា​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បិទ​ការ​ទស្សនា​ថ្ងៃ​លិច​នៅ​ប្រាសាទ​ប្រែរូប​ជា​បណ្ដោះអាសន្ន​គិត​ចាប់​ថ្ងៃទី ១ ខែ​កញ្ញា ឆ្នាំ​ ២០២០ តទៅ​រហូត​ដល់​ចំណុច​គ្រោះថ្នាក់​នៃ​ប្រាសាទ​ជួសជុល​រួចរាល់​។

លោក​ ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ និង​ជា​អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិអប្សរា​បាន​ថ្លែងថា ការផ្អាក​ភ្ញៀវ​ទៅ​ទស្សនា​ថ្ងៃ​លិច​នេះ​ដោយសារ​ក្រុមការងារ​បច្ចេកទេស​របស់​អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​ចុះទៅ​សិក្សា​ដើម្បី​ជួសជុល​​ឆាប់ៗ​នេះ​។ ដូច្នេះ​អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវតែ​ប្រុងប្រយ័ត្ន ចៀសវាង​ការបង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវទេសចរ​។

លោក​បញ្ជាក់ថា​៖ «​បញ្ហា​សំខាន់​បំផុត​គឺ​យើង​ត្រូវ​គិតពី​សុវត្ថិភាព​ភ្ញៀវទេសចរ អ៊ីចឹង​យើង​ត្រូវ​ការបិទ​កន្លែង​ហ្នឹង​សិន ដើម្បី​ជួសជុល ហើយ​ក្នុង​អំឡុងពេល​ជួសជុល​គឺ​យើង​ត្រូវ​ធ្វើយ៉ាងណា​ឲ្យ​កន្លែង​នោះ​មាន​សុវត្ថិភាព​ខ្ពស់ ហើយ​ក៏​មិន​ចង់​ឲ្យ​មាន​បញ្ហា​ណាមួយ​រំខាន​ដល់​កិច្ចការ​របស់​អ្នក​ជំនាញ​ពេល​ជួសជុល​ដែរ​»​។

បើ​តាម​លោក កុសល រចនាសម្ព័ន្ធ​ប្រាសាទ​ប្រែរូប​មួយ​ចំនួន​បាន​បាក់បែក និង​ពុកផុយ​។ ដូច្នេះ​អ្នកជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវការ​ពេលវេលា​សិក្សា និង​ជួសជុល​ធ្វើឲ្យ​ប្រសើរ​ឡើងវិញ​នូវ​រាល់​សំណង់​ចាស់​។ ​ប្រាសាទ​នេះ​ធ្លាប់​មាន​ភ្ញៀវទេសចរ​ចូល​ទស្សនា​ច្រើន ពិសេស​នៅពេល​ថ្ងៃ​លិច​ដែល​រំលេច​ពណ៌​ទេសភាព​ដ៏ស្រស់ត្រកាល និង​ធ្វើឲ្យ​អ្នកទស្សនា​រំសាយ​ចិត្ត​ក្រៀមក្រំ ក៏ដូចជា​ធ្វើឲ្យ​អារម្មណ៍​ស្រស់ថ្លា​ផងដែរ​។

លោក​ ជា ហ៊ាងប៊ូ អាជីវករ​លក់ដូរ​នៅ​ក្រុង​សៀមរាប​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​ធ្លាប់បាន​ទៅ​ទស្សនា​ថ្ងៃ​លិច​នៅ​ប្រាសាទ​ប្រែ​រូបនេះ​ដែរ ប៉ុន្ដែ​មិន​បាន​ទៅ​ញឹកញាប់​ដូច​ភ្នំ​បាខែង​ទេ​។ នៅ​ភ្នំ​បាខែង​ទេសភាព​ទីនោះ​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង ហើយ​ក៏​មាន​អ្នក​ទៅ​ទស្សនា​ថ្ងៃ​លិច​ច្រើន​ដែរ​។

លោក​បន្តថា ប្រាសាទ​ប្រែរូប​នេះ​ពិតជា​ទ្រុឌទ្រោម​ច្រើន​មែន​។ ​ដូច្នេះ​អាជ្ញាធរ​ជាតិ​អប្សរា​គួរតែ​ប្រញាប់​ជួសជុល​តាម​ដែល​អាច​ធ្វើ​ទៅបាន ព្រោះ​ខ្លាច​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវទេសចរ​។

លោក​ថា​៖ «​ខ្ញុំ​គិតថា​បើ​អាជ្ញាធរ​ជាតិ​អប្សរា​ហាមឃាត់​មិន​ឲ្យ​ទៅ​ទស្សនា​បែបនេះ គឺ​ក៏ល្អ​ម្យ៉ាង​​ដែរ ព្រោះ​ខ្ញុំ​ធ្លាប់​ឆ្លងកាត់​ទីនោះ គឺ​មើល​ទៅ​ប្រាសាទ​ហ្នឹង​បែកបាក់​ច្រើន​ដែរ អ៊ីចឹង​គួរតែ​ប្រញាប់​ជួសជុល ព្រោះ​ខ្លាច​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវទេសចរ​»​។

តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញថា ប្រាសាទ​ប្រែ​រូប​គឺជា​អច្ឆរិយវត្ថុ​ដ៏ល្អ​ឯក​មួយ​ក្នុងចំណោម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​ដែល​ត្រូវ​បានទទួល​នូវ​ការការពារ និង​អភិរក្ស​កម្រិត​ខ្ពស់​។

តាម​ឯកសារ​បុរាណវិទ្យា​របស់​លោក សាន ញ៉ន មន្ដ្រី​អភិរក្ស​ក្រុម​ប្រាសាទ​ប្រែរូប ប្រាសាទ​តាសោម និង​ប្រាសាទ​មេបុណ្យ​បាន​ឲ្យ​ដឹងថា ប្រាសាទ​នេះ​មាន​ទីតាំង​នៅ​ខាងកើត​ឆៀង​ខាងជើង​ស្រះស្រង់​មាន​ចម្ងាយ ៥០០ ​ម៉ែត្រ និង​នៅ​ទិស​ខាងត្បូង​បារាយណ៍​ខាងកើត​។

របាយការណ៍​បន្តថា ប្រាសាទ​​ប្រែ​រូបនេះ​ត្រូវបាន​កសាង​ឡើង​នៅ​ពាក់កណ្ដាល​សតវត្សរ៍​ទី​ ១០ ​ក្នុង​រជ្ជកាល​ព្រះបាទ​រាជេន្ទ្រវរ្ម័នទី​ ២ (​ឆ្នាំ​ ៩៤៤-៩៦៨) ដើម្បី​ឧទ្ទិស​​ដល់​ព្រាហ្មណ៍ សាសនា ព្រះសិវៈ ក្នុង​រចនាប័ទ្ម​ប្រែ​រូប​៕