
សកម្មភាពផលិតទឹកក្រូចក្លែងក្លាយក្នុងសិប្បកម្មដែលសមត្ថកិច្ចទើបបិទ។ ហ្វេសប៊ុក
កំពង់ធំៈ សមត្ថកិច្ចចម្រុះខេត្តកំពង់ធំ កាលពីថ្ងៃពុធ បានសម្រេចបិទទីតាំងសិប្បកម្មផលិតទឹកក្រូចក្លែងក្លាយយីហោ លឹម ភ័ណ្ឌ ជាបណ្តោះអាសន្ន ដោយផ្អាកការផលិត និងចែកចាយ បន្ទាប់ពីរកឃើញថា ការផលិតរបស់សិប្បកម្មនេះ ខុសច្បាប់ និងគ្មានអនាម័យ ខណៈសមត្ថកិច្ចកំពុងតាមចាប់ម្ចាស់ទីតាំងដែលកំពុងគេចខ្លួន។
ដោយមានការសម្របសម្រួលពីលោក អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងលោក កាន វឌ្ឍនា អនុប្រធានលេខាធិការដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ រួមទាំងអធិការក្រុងស្ទឹងសែន និងប៉ុស្តិ៍រដ្ឋបាលផងនោះ កាលពីវេលាម៉ោង ១១ និង ៣០ នាទីព្រឹក ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៩ សមត្ថកិច្ចបានចុះពិនិត្យការផលិតទឹកក្រូចជាច្រើនមុខនៅក្នុងសិប្បកម្មនេះដែលមានទីតាំងស្ថិតនៅភូមិព្រៃពន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានម្ចាស់ឈ្មោះ លឹម ភ័ណ្ឌ មានតួនាទីជាអនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ និងខេត្តព្រះវិហារ។
បើតាមសមត្ថកិច្ច ការចុះពិនិត្យនេះបានរកឃើញផលិតផលមានសារធាតុ គីមីជាច្រើនមុខ សម្រាប់លាយផ្សំក្នុងទឹកក្រូច និងរកឃើញចំណុចមិនប្រក្រតី មួយចំនួន ដូចជា មិនបានសុំច្បាប់ចុះ បញ្ជីផលិតផលនៅលើសម្បកវេចខ្ចប់និងដាក់អាសយដ្ឋានមិនពិតប្រាកដ ព្រមទាំងមិនមានវិញ្ញាបនបត្របញ្ជាក់គុណភាព។ ចំណែកការប្រើប្រាស់ធាតុផ្សំគឺមានសារធាតុគីមី (សម្រាប់ ផលិតទឹកក្រូច) ខណៈទំនិញនាំចូលគ្មានប្រភពច្បាស់លាស់ និងហួសកាល បរិច្ឆេទលើសម្បកវេចខ្ចប់ហើយទឹកសុទ្ធមិនមានចុះបញ្ជី (CS) ជាដើម។
លោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា បន្ទាប់ពីចុះទៅពិនិត្យសិប្បកម្មនេះ ម្ចាស់ទីតាំងបានរត់គេចខ្លួនបាត់ ដោយមិនបានមកចូលរួមក្នុងសកម្មភាពត្រួតពិនិត្យនោះទេ ហើយសមត្ថកិច្ច ក៏បានបញ្ជាកម្លាំងជំនាញឲ្យតាមចាប់ខ្លួនដើម្បីចាត់ការតាមនីតិវិធីផងដែរ។
លោកបញ្ជាក់ថា៖ «យើងនៅមិនទាន់បានឃាត់ខ្លួនម្ចាស់ទីតាំងនេះទេ ប៉ុន្តែយើងស្គាល់ហើយ គ្រាន់តែគាត់មិនបានស្នាក់នៅកន្លែងកើតហេតុហ្នឹង។អ៊ីចឹងនីតិវិធីរបស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនឹងមានចំណាត់ការ ព្រោះលោកជាម្ចាស់ករណីដែលកំពុងស៊ើបអង្កេតរឿងនេះបន្ថែមដើម្បីតាមរកមុខសញ្ញាមេខ្លោង»។
ទោះយ៉ាងណាក្ដី លោក អ៊ុក កុសល មិនបានបញ្ជាក់ពីផលិតផលដែលបានដកហូតនោះថា មានចំនួនប៉ុន្មាននោះទេ ដោយលោកគ្រាន់តែអះអាងថា វត្ថុតាង និងធាតុផ្សំទាំងអស់ត្រូវបានអាជ្ញាធរដកហូត ហើយសិប្បកម្មនេះត្រូវបានបិទជាបណ្ដោះអាសន្ន ដើម្បីរង់ចាំនីតិវិធីបន្ត។
លោក អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍យ៉ាងខ្លីថា ការចុះបង្ក្រាបទីតាំងនេះ គឺមិនទាន់មានការឃាត់ខ្លួនជនសង្ស័យណាម្នាក់ទេដោយគ្រាន់តែដកហូតវត្ថុតាង និងសម្រេចបិទទីតាំងបណ្តោះអាសន្នប៉ុណ្ណោះ៖ «សមកត្ថកិច្ចកំពុងស៊ើប យើងមិនអាចបញ្ជាក់អ្វីក្រៅពីហ្នឹងបានទេ។ប៉ុន្តែយើង បានកំណត់បទល្មើសអស់ហើយ»។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងលោក លឹម ភ័ណ្ឌ ម្ចាស់ទីតាំងសិប្បកម្ម និងជាអនុប្រធានសភាពាណិជ្ជកម្មកំពង់ធំ និងព្រះវិហារបានទេកាលពីម្សិលមិញ ព្រោះទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។ ប៉ុន្តែអតីតសមាជិកសភាពាណិជ្ឋកម្មកំពង់ធំម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោក លឹម ភ័ណ្ឌ គឺជាអនុប្រធានសភាពាណិជ្ឋកម្មខេត្តនេះ ប៉ុន្តែលំនៅឋានអចិន្រៃ្តយ៍របស់គាត់គឺនៅរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា៖ «ខ្ញុំឈប់យូរហើយប៉ុន្តែខ្ញុំស្គាល់គាត់មិនច្បាស់ដែរ គ្រាន់តែដឹងថា គាត់រស់នៅភ្នំពេញ មិនមានលំនៅឋាននៅក្នុងខេត្តកំពង់ធំនេះទេ ហើយខ្ញុំមិនបានដឹងថា គាត់បើកសិប្បកម្ម មានច្បាប់ អត់ច្បាប់អីហ្នឹងទេ ខ្ញុំមិនដឹងច្បាស់ទេ ព្រោះខ្ញុំឈប់មួយរយៈមកហើយ»។
លោក យាន ស៊ុន ហឿង ចៅសង្កាត់អាចារ្យលាក់ បានអះអាងថា ទីតាំងសិប្បកម្មមួយនេះ គឺស្ថិតក្នុងដែនដីរបស់លោក ដោយពីដំបូងគ្រាន់តែផលិតទឹកសុទ្ធប៉ុណ្ណោះ រីឯការផលិតទឹកក្រូចខុសច្បាប់មិនដឹងដំណើរការចាប់ពីពេលណាមកទេ។ ប៉ុន្តែលោកថា សិប្បកម្មនេះបើកយូរឆ្នាំមកហើយ។
លោកបញ្ជាក់ថា៖ «គេបើកសិប្បកម្មនេះ មុនខ្ញុំមកកាន់ជាចៅសង្កាត់នេះទៀត គេថា បើកទឹកសុទ្ធ ហើយគេសុទ្ធតែបង្ហាញលិខិតពាណិជ្ជកម្មគេមក គេមិនបានទាក់ទងមកយើង ឬសុំយើងជាអាជ្ញាធរទេ គេសុំគ្នាគេពីខាងលើជាហូរហែមក គេធ្វើយ៉ាងម៉េចៗ គេមិនបានសុំមកយើងថា គេធ្វើស្អីណា ហើយការងារនេះ ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្មអីទេ ព្រោះយើងអាជ្ញាធរ មិនមានសិទ្ធិចេញអាជ្ញាប័ណ្ណណាទេ ពួកគេអាងថា មានសិទ្ធិពីខាងលើៗមកហើយ។
បើតាមសមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា ការផលិតទឹកក្រូចក្លែងក្លាយនៅក្នុងសិប្បកម្មនេះគឺគ្រប់ដបនីមួយៗមានដាក់មេនិងពណ៌ ដោយបង្ហូរចេញពីធុងស៊ីទែនបញ្ចូលក្នុងដប ក្រោយមកយកដបដែលដាក់មេទឹកក្រូចទៅច្រកទឹកពីក្បាលរ៉ូប៊ីណេ និងបានជាពណ៌ទៅតាមតម្រូវការ ហើយយកមកវេចខ្ចប់ ដឹកលក់ចែកចាយតាមទីផ្សារ។ ក្នុងនោះក៏រកឃើញសារធាតុគីមី និងជីអ៊ុយរ៉េ ព្រមទាំងម្សៅសម្រាប់លាយទឹកក្រូចជាច្រើនមុខទៀតផងដែរ ហើយសមត្ថកិច្ចបានយកវត្ថុតាងមួយចំនួនមកពិនិត្យនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដើម្បីរកសារធាតុហាមឃាត់ និងធ្វើកំណត់ហេតុ៕