
សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងផលិតស្រា ក្នុងខេត្តកំពង់ឆ្នាំងនាថ្មីៗនេះ។ រូបថត CCF
កំពង់ឆ្នាំងៈ អាជ្ញាធរខេត្តកំពង់ឆ្នាំងសម្រេចបិទ ឬផ្អាកនូវកន្លែងផលិតលក់ស្រាសនៅទូទាំងខេត្ត ដើម្បីឱ្យមន្ត្រីជំនាញស្រាវជ្រាវ និងពិនិត្យទៅលើការផលិតផលិតផលទាំងនេះ បន្ទាប់ពីមានមនុស្សជាច្រើនគ្រោះថ្នាក់ឈឺ និងស្លាប់ដោយសារការពុលស្រាស។
រដ្ឋមន្ត្រីសុខាភិបាលលោក ម៉ម ប៊ុនហេង ក៏បានក្រើនរំឭក និងណែនាំដល់ពលរដ្ឋទូទាំងប្រទេសឱ្យប្រុងប្រយ័ត្នពីការពុលស្រាស ស្រាថ្នាំ និងការពុលចំណីអាហារ។
លោក អៀ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងប្រាប់ពីម្សិលមិញថា អភិបាលខេត្ត [លោក ឈួរ ច័ន្ទឌឿន] បានបញ្ជាឱ្យពលរដ្ឋ ដែលមានកន្លែងផលិតស្រាលក់ និងអ្នកចែកចាយឱ្យធ្វើការផ្អាកទាំងអស់នៅទូទាំងខេត្តនេះ។
លោកបញ្ជាក់ថា៖ «ហើយយើងមិនដឹងថាតើសិប្បកម្ម និងអាជីវកម្មរបស់ពួកគាត់អាចនឹងឱ្យបើកដំណើរការឡើងវិញនៅពេលណានោះទេ»។ លោកថា សមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកពាក់ព័ន្ធករណីពុលស្រាសក្នុងស្រុកទឹកផុសចំនួន ៩ នាក់ និងបានបញ្ជូនទៅសាលាដំបូងខេត្តធ្វើការចោទ និងឃុំខ្លួនផងដែរ ដោយជាប់ពាក់ព័ន្ធបទល្មើស មនុស្សឃាតដោយអចេតនា។
បើតាមមន្ត្រីរូបនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំងបានបិទកន្លែងផលិតស្រាសចំនួន ៥១៥ កន្លែង និងកន្លែងលក់ចែកចាយបន្តនូវស្រាស និងស្រាថ្នាំចំនួន ១ ១១៥ កន្លែង។ ការបិទ ឬផ្អាកការផលិត និងលក់ស្រាសនេះ គឺដោយសារពលរដ្ឋប្រឈមគ្រោះថ្នាក់ច្រើនដែលមន្ត្រីជំនាញត្រូវធ្វើការតាមដានការផលិតស្រាឱ្យបានត្រឹមត្រូវ តាមបច្ចេកទេស ដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់អ្នកពិសា។ ស្រាដែលធ្វើឱ្យប្រជាពលរដ្ឋពុល គឺដោយសារអ្នកផលិតបានដាក់សារធាតុមេតាណុលខ្ពស់ពេក។
លោកនិយាយថា៖ «ជាទម្លាប់របស់ប្រជាពលរដ្ឋគឺពួកគាត់តែងតែទៅហូបស្រានៅតូបលក់ស្រាស និងស្រាថ្នាំបន្ទាប់ពីចប់ការងារ។ ប៉ុន្តែបន្ទាប់ពីមានករណីពុលស្រាសក្នុងទ្រង់ទ្រាយធំនេះដែលមិនធ្លាប់ មានពីមុនមកពួកគាត់ហាក់មានការយល់ដឹងច្រើនពីគ្រោះថ្នាក់ដោយសារស្រាសនេះ»។
អាជ្ញាធរខេត្តក៏បានផ្សព្វផ្សាយតាមឧគ្ឃោសនស័ព្ទពីផលវិបាក និងគ្រោះថ្នាក់ដោយសារការពិសាស្រាស និងការបង្ការការចម្លងជំងឺកូវីដ១៩ជារៀងរាល់ថ្ងៃនៅតាមភូមិស្រុកទាំងអស់។
គួរបញ្ជាក់ដែរថា ប្រជាពលរដ្ឋជាង ១៣០ នាក់ បានពុលស្រាស និងស្រាថ្នាំក្នុងស្រុកទឹកផុស និងបណ្តាស្រុកមួយចំនួនទៀតក្នុងខេត្តកំពង់ឆ្នាំងពីចុងខែវិច្ឆិកា ដល់ដើមខែធ្នូ នេះ ដែលធ្វើឱ្យមានអ្នកស្លាប់ជាង ១០ នាក់ផងដែរ។
ពីម្សិលមិញ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានផងដែរ ស្តីពីវិធានការបង្ការការពុលស្រាស ស្រាថ្នាំ និងការពុលចំណីអាហារនៅប្រទេសកម្ពុជា។ ក្រសួងសង្កេតឃើញករណីពុលស្រាស ស្រាថ្នាំ និងការពុលចំណីអាហារបានកើតឡើងជារឿយៗដូចជានៅខេត្តក្រចេះ បន្ទាយមានជ័យ មណ្ឌលគិរី និងនៅតាមបណ្តាខេត្តមួយចំនួនទៀតរួមនឹងខេត្តកំពង់ឆ្នាំងនាពេលថ្មីៗនេះផងដែរ។
លោករដ្ឋមន្ត្រីថ្លែងថា៖ «សូមប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់នូវការពិសាស្រាស ឬស្រាថ្នាំដែលទិញពី ប្រភពមិនច្បាស់លាស់ដែលផលិត ដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ និងផលិតនៅក្នុងមូលដ្ឋានសហគមន៍មិនត្រឹមត្រូវតាមក្បួនខ្នាត»៕