បន្ទាយមានជ័យៈ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​សម្រេច​បិទ​ទីតាំង​ហ្គេម​បាញ់​ត្រី​ ១​ កន្លែង​ស្ថិតក្នុង​​ក្រុង​ប៉ោយ​ប៉ែត ​បន្ទាប់ពី​រកឃើញថា​ជា​កន្លែង​លក់​ដូរ​ ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​ហើយ​បាន​ធ្វើ​តេស្ដ​នៅនឹង​កន្លែង​រក​ឃើញ​អ្នក​ផ្ទុក​សារធាតុ​ញៀន​ជាង ១៤០ នាក់ ​ដោយ​បាន​បញ្ជូន​ពួកគេ​ទៅ​សាកសួរ​បន្ត​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ថ្ងៃ​ទី ១៨ មិថុនា។

លោក ធិ​ន ស៊ិន​ដេត អធិការ​ក្រុង​ប៉ោយប៉ែត​ ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ ម្សិល​មិញ​ថា​ ​ការបង្ក្រាប​ទីតាំង​ចែកចាយ​គ្រឿង​ញៀន​នៅ​ទីតាំង​បើក​ល្បែង​ហ្គេម​បាញ់​ត្រី​នេះ ​សមត្ថកិច្ច​បាន​រកឃើញ​អ្នកប្រើប្រាស់​គ្រឿង​ញៀន​ចំនួន​ ១៤០ នាក់ ​ដែល​ត្រូវ​បញ្ជូនទៅ​មណ្ឌល​បន្សាប​គ្រឿង​ញៀន​ ​ក្រោយ​បញ្ចប់​ការសាក​សួរ​​​។ ចំណែក​អ្នក​ចែកចាយ​គ្រឿង​ញៀន​ម្នាក់​រួមទាំង​បុគ្គលិក​ ៤ នាក់​ទៀត​ នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ។

លោក​បញ្ជាក់ថា​៖ «នៅពេល​យើង​ធ្វើតេស្ដ​ជាក់ស្ដែង​មានតែ​ ៤១០ ​នាក់​ទេ ​ដែល​យើង​អនុញ្ញាត​ឱ្យ​ទៅផ្ទះ​វិញ​ដោយសារ​គ្មាន​សារ​ធាតុ​ញៀន ​ដោយឡែក​អ្នក​ដែល​នាំមក​សាកសួរ​បន្ត​នៅ​ស្នងការ​ដ្ឋាន​ខេត្ត​ហ្នឹង ​សុទ្ធតែ​ជាប់​សារធាតុ​ញៀន​ទាំង​អស់​ហើយ»។

លោក​បន្តថា ​ក្នុងការ​បើក​ប្រតិបត្តិ​ការបង្ក្រាប បាន​រក​ឃើញ​គ្រឿងញៀន​មួយចំនួន​ដូចជា ​មេ​តំ​ហ្វេ​តា​មីន​ ៥​ កញ្ចប់​ ថ្នាំ​គ្រាប់​ ៥៤ គ្រាប់​ និង​ថ្នាំ​គ្រវី​ ១​ គ្រាប់។

អធិការ​រូបនេះ ​ថា​៖ «​តាម​ចម្លើយ​សារភាព​របស់​អ្នក​ផ្ទុក​សារធាតុ​ដែល​នាំទៅ​សាកសួរ​បន្ថែម​ហ្នឹង ​គឺ​បាន​អះអាងថា ​ពួកគេ​តែង​ចេញ​ចូលទៅ​ទិញ​គ្រឿងញៀន​ពី​ទី​តាំង​ហ្នឹង ​[កន្លែង​ហ្គេម​បាញ់​ត្រី]»។

លោក​ ស៊ុំ ចាន់​គា ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​​មនុស្ស​​អាដហុកខេត្ត​បន្ទាយ​មានជ័យ​ថ្លែងថា ​ទោះបីមាន​ការចាប់​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​​ចំនួន​រហូត​រាប់រយ​នាក់​បែបនេះ​ក្ដី ​ប៉ុន្តែ​​មិន​​អាច​លុប​បំបាត់​គ្រឿង​ញៀន​​បាន​ឡើយ​ ប្រសិនបើ​អ្នក​លក់​គ្រឿងញៀន ​និង​អ្នក​នៅ​ពី​ក្រោយ​មេខ្លោង​គ្រឿងញៀន​ធំៗ ​នៅតែ​មិនអាច​ចាប់​យកទៅ​ផ្ដន្ទាទោស​បាន​នោះ៕