បាត់ដំបងៈ អភិបាលខេត្តបាត់ដំបងបានបញ្ជាឱ្យអាជ្ញាធរចុះបិទលូបង្ហូរទឹកស្អុយចូលទៅក្នុងស្ទឹងសង្កែដែលជាស្ទឹងប្រវត្តិសាស្ដ្រដ៏ល្បីល្បាញរបស់ខេត្តបាត់ដំបង។ ការបិទនេះបានធ្វើឡើង បន្ទាប់ពីយុវជន និងព្រះសង្ឃបានបង្ហោះវីដេអូបង្ហាញពីការហូរទឹកស្អុយចូលស្ទឹង ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញ ថា កាលពីថ្ងៃទី ៧ មីនា លោកបានបញ្ជាឱ្យបិទលូដែលបានបង្ហូរទឹកស្អុយចូលក្នុងស្ទឹងសង្កែ ហើយបានបូមទឹកស្អុយនៅក្នុងលូនោះទៅដាក់នៅក្នុងអាង ដែលស្ថិតនៅខាងក្រៅក្រុងវិញ។ លោកបញ្ជាក់ថា មានតែលូទឹកស្អុយតែមួយប៉ុណ្ណោះ បង្ហូរចូលស្ទឹងសង្កែដែលលូនេះបន្សល់ទុកតាំងពីសម័យបារាំង។
លោកប្រាប់ថា៖ «ខ្ញុំស្មានថាវាហូរតិច តែតាមពិតវាហូរច្រើនដែរ ប៉ុន្តែពីដើមមកវាគ្រាន់តែជ្រាបតិចៗទេ។ មានតែលូ ១ ច្រកហ្នឹង ដែលហូរចូលស្ទឹង»។
កាលពីថ្ងៃទី ៦ ខែមីនា ព្រះសង្ឃ និងយុវជននៃអតីតអង្គការមាតាធម្មជាតិ បានស្នើឱ្យលោក ងួន រតនៈ ចាត់វិធានការដោះស្រាយលូបង្ហូរទឹកស្អុយហូរចូលស្ទឹងសង្កែ ដោយមិនបានឆ្លងកាត់ការចម្រោះឱ្យបានត្រឹមត្រូវ។
នៅក្នុងវីដេអូមានរយៈពេល ២ នាទីបង្ហោះនៅតាមហ្វេសប៊ុកកាលពីថ្ងៃទី ៦ មីនា ព្រះសង្ឃ និងយុវជនអះអាងថា ទឹកស្អុយនោះបានហូរចេញពីមន្ទីរពេទ្យ សណ្ឋាគារ និងផ្ទះសំណាក់ដែលផ្ទុកទៅដោយបាក់តេរី និងប៉ារ៉ាស៊ីត បង្កគ្រោះថ្នាក់ដល់សុខភាព អ្នកនេសាទត្រីនៅក្នុងស្ទឹងយកទៅបរិភោគ និងពលរដ្ឋដែលប្រើប្រាស់ទឹកស្ទឹងជាប្រចាំថ្ងៃ។
ព្រះសង្ឃ ១ អង្គមានសង្ឃដីកាក្នុងវីដេអូនោះថា៖ «យោងទៅតាមវិទ្យាស្ថានប៉ាស្ទ័រដែលយើងបានយកសំណាកទឹកទាំងនេះទៅពិសោធទទួលបានលទ្ធផលថា មានផ្ទុកនូវសារធាតុដ៏គ្រោះថ្នាក់បំផុត ដូចជា E-coli និង trichomonas intestinalis។ សារធាតុទាំងនេះបង្កគ្រោះថ្នាក់សុខភាពដែលបរិភោគត្រីមកពីស្ទឹងសង្កែ បង្កការគំរាមកំហែងដល់អាយុជីវិតអ្នកប្រើប្រាស់ ទឹកស្ទឹងជាប្រចាំថ្ងៃ។ ជារួមអ្នកចូលចិត្តហែលទឹកស្ទឹង ជាពិសេសគឺកុមារ»។
Escherichia coli (ហៅកាត់ថា E. coli) គឺជាបាក់តេរីដែលត្រូវបានរកឃើញនៅក្នុងបរិស្ថាន អាហារ និងពោះវៀនរបស់មនុស្ស និងសត្វ។ E. coli គឺជាក្រុមធំ និងចម្រុះនៃបាក់តេរី។ ទោះបីជាប្រភេទនៃវីរុស E. coli ភាគច្រើនគ្មានគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែបាក់តេរីខ្លះអាចធ្វើឱ្យឈឺ និងខ្លះទៀតធ្វើឱ្យរាក ខូចតម្រងនោម ផ្លូវដង្ហើម រលាកសួត និងជំងឺដទៃទៀត។
លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានលើកឡើងដែរថា លូបង្ហូរទឹកស្អុយនេះត្រូវបានបិទមិនឱ្យហូរចូលស្ទឹងតាំងពីយូរណាស់មកហើយ។ ប៉ុន្តែដោយសារទឹកស្ទឹងកើនឡើងខ្លាំងកាលពីរដូវវស្សាឆ្នាំមុននេះ បានធ្វើឱ្យទំនប់ដែលបិទលូបាក់បែក និងធ្លាយទឹកស្អុយហូរចូលមកក្នុងស្ទឹងនៅពេលនេះ។
លោកបញ្ជាក់ថា៖ «ពីដើមមក លូហ្នឹងគេបិទមិនឱ្យហូរទេ តែជ្រាបៗតិចៗ ហើយដល់ពេលទឹកជំនន់ឡើងមក វាហូរតាមលូហ្នឹងទៅលិចខេត្ត។ ដល់អ៊ីចឹងនៅពេលទឹកជំនន់ឡើងខ្លាំង វាធ្វើឱ្យទំនប់យើងបិទហ្នឹង វាខូច»។
លោកឲ្យដឹងថា កន្លងមកទឹកស្អុយទាំងអស់គឺមិនត្រូវបានបង្ហូរចូលទៅក្នុងស្ទឹងសង្កែនោះទេ ដោយបានបង្ហូរទៅកាន់អាងប្រតិកម្មទឹកកខ្វក់មួយដែលស្ថិតនៅខាងក្រៅក្រុងទំហំប្រហែល ១៥០ ម៉ែត្រ ៤ ជ្រុង ដើម្បីបន្សុទ្ធមុននឹងបញ្ចេញទឹកទាំងនោះទៅកាន់វាលស្រែរបស់ពលរដ្ឋ៕