បាត់​ដំបងៈ​​ វិទ្យា​ល័យ​សំពៅ​លូន​ស្ថិត​ក្នុង​ភូមិ​ត្រ​ពាំង​ព្រ​លិត ឃុំ​សន្តិ​ភាព ស្រុក សំពៅ​លូន ​ខេត្ត​បាត់​ដំបង ត្រូវ​នា​យក​សា​លា​និង​អាជ្ញា​ធរ​ស្រុក​សម្រេច​បិទ​ទ្វារ​២​ថ្ងៃ​ បន្ទាប់​ពីមាន​ករណី​សិស្ស​មាន​បញ្ហា​ថប់​ដង្ហើម​រក​កល់​នឹង​សន្លប់​ ចាប់​តាំង​ពី​ចុង​ខែ​មុន​ដល់​ថ្ងៃ​ទី​៣​ខែធ្នួ ។

លោក ពេជ្រ សា​រ៉ែ​ន អធិ​ការ​នគរ​បាល​ស្រុក​សំពៅ​លូន​ប្រាប់​នៅ​ថ្ងៃ​ទី​៤​ ធ្នូ​នេះ​ថា ​ពាក់​ព័ន្ធ​ករណី​សិស្ស​វិទ្យា​ល័យ​សំពៅ​លូន​ មាន​ជួប​បញ្ហា​ថប់​ដង្ហើម​អស់​កម្លាំង​និង​រកសន្លប់​នោះ​ ​ខាង​អាជ្ញា​ធរ​ស្រុក ​និង​ ខាង វិទ្យា​ល័យ​បាន​ឯក​ភាព​ឲ្យ​សិស្ស​សម្រាក​២​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃទី​៤ ​ដល់​ថ្ងៃទី​៥​ធ្នូ ដើម្បី​កុំ​ឲ្យ​ពួកគេ​មាន​ភាព​នឿយហត់​ក្នុងការ​សិក្សា ។

លោក​ថ្លែងថា៖«ការដែល​សិស្ស​នឿយហត់​ក្នុងការ​សិក្សា​នេះ ​មិនមែន​មានន័យថា​លោកគ្រូ​អ្នកគ្រូ​ដាក់​មេរៀន​ឲ្យ​រៀន​ច្រើន​ទេ តែ​ពួកគាត់​ហត់​នឿ​​ដោយសារ​ គាត់​ខំរៀន​គួរ ប៉ុន្តែរឿង​ពុល​អី​នោះ​គឺ​គ្មានទេ។ឥឡូវនេះ សាលា​សុំ​ឲ្យ​សិស្ស​ផ្អាក​រៀន​មួយថ្ងៃ​ពីរ​សិនដើម្បី​ទប់ទល់​នឹង​សភាព​ការ​ណ៍ហ្នឹង។

លោក សា​រ៉ែ​ន បញ្ជាក់​ថា សិស្ស​ដែលមាន​បញ្ហា​នោះ ​ចាប់ពី​ថ្នាក់​ទី៩ ដល់​ថ្នាក់​ទី១២ ហើយ​សិស្ស​ដែល​ជួប​បញ្ហា​មិនមែន​មានតែ១ថ្នាក់​ទេ ​គឺមាន​ច្រើន​ថ្នាក់​ក្នុង​ទូទាំង​វិទ្យាល័យ​សំពៅ​លូនទាំងមូល ។

ជុំវិញករណីនេះ លោក ចក់ សំអុល ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​បានប្រាប់​ដែរ​ថាសិស្ស​​ដែល​ជួប​បញ្ហា​ហើយបាន​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​មានចំនួន៤០នាក់​ក្នុងនោះ​មានប្រុស២នាក់ ។

ប៉ុន្តែ​មកទល់​ ថ្ងៃទី៤ ខែធ្នូនេះ គឺ​ពួកគាត់​បាន​ធូរស្រាល​ និង​វិល​ទៅផ្ទះ​វិញ​អស់​ច្រើន​ហើយ នៅសល់​តែ​ជាង ១០ នាក់​ទេ ។

លោកបាន​បញ្ជាក់ថា៖ «មិនមាន​ករណី​សន្លប់​សិស្ស​ម្នាក់​ណា​ទេប៉ុន្តែ​ពួកគាត់​មាន​បញ្ហា​ពិបាក​ដកដង្ហើម និង​អស់កម្លាំង រីឯ​ករណី​ថា​សន្លប់​គឺ​គ្មានទេ។ ចំពោះ​មូលហេតុ​គឺ​កត្តា​ទី១ រកឃើញថា មកពី​កត្តា​ហូបចុក​មិន​ទៀង​ និងហូប​មិន​គ្រប់គ្រាន់ ។កត្តា​ទី២គឺ​ទៀត​ដោយសារ​ពេលវេលា​រៀន​របស់​ពួកគាត់​និង​កត្តា​ទី៣គឺ​អារម្មណ៍​ផ្លូវចិត្ត ដោយ​ឃើញ​គ្នា​គាត់​មាន​បញ្ហា​​ក៏​តាម​គ្នា​អីចឹង​ទៅ។គ្មាន​បញ្ហា​ធ្ងន់ធ្ងរ​ទេ » ៕