ស្ទឹងត្រែង: រោង​សិប្បកម្ម​កែច្នៃ​ឈើ​ចំនួន ១៥១ កន្លែង ក្នុង​ចំណោម ១៦៤ ​កន្លែង ក្នុង​ខេត្ត​ស្ទឹងត្រែង ត្រូវ​បាន​គណៈកម្មការ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ជាតិ ​ចុះ​បង្ក្រាប ​និង​តម្រូវ​ឲ្យ​បិទ​បណ្ដោះ​អាសន្ន​ ក្រោយ​ពី​​រក​ឃើញ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ខណៈ​ម៉ាស៊ីន​កែច្នៃ​ឈើ​សរុប​ចំនួន ៣៧ ​គ្រឿង ​ត្រូវ​រឹប​អូស និង​រថយន្ត​ដែល​​បម្រើ​​បទល្មើស​ ២៣ ​គ្រឿង ត្រូវ​ដុត​បំផ្លាញ​ចោល​។

លោក ម៉ែន គុង អ្នក​នាំពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា រោង​សិប្បកម្ម​កែច្នៃ​ឈើ​ចំនួន ​១៦៤ ​កន្លែង ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ត្រូវ​បាន​គណៈកម្មការ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ជាតិ​ចុះ​ត្រួត​ពិនិត្យ​ក្នុង​នោះ​រក​ឃើញ​គ្មាន​ច្បាប់​ចំនួន ១៥១ ​កន្លែង ខណៈ​​មាន​ច្បាប់​តែ ១១ កន្លែង​ប៉ុណ្ពោះ។ លោក​បន្ត​ថា ចំពោះ​សម្ភារៈ​កែច្នៃ​ឈើ​ដែល​រឹប​អូស​ពី​សិប្បកម្ម​ទាំង ​១៥១​ កន្លែង​នោះ​ មាន​ម៉ាស៊ីន​កែច្នៃ ​៣៧ ​គ្រឿង ​ត្រូវ​បាន​រឹប​អូស​យក​ទៅ​ស្នាក់ការ​រដ្ឋបាល​ព្រៃ​ឈើ​ និង​រថយន្ត​ដែល​បម្រើ​ការ​ឲ្យ​បទល្មើស​ចំនួន ​២៣ ​គ្រឿង ​ត្រូវ​បាន​ដុត​បំផ្លាញ​។

លោក​ថា៖​ «ករណីខ្លះ​ត្រូវ​បាន​បិទ​ទាំង​ស្រុង ​និង​មាន​ករណី​ខ្លះ​យើង​តម្រូវ​ឲ្យ​គាត់​ធ្វើ​កិច្ច​សន្យា ​និង​សុំ​ច្បាប់​ឡើង​វិញ ​ដើម្បី​ឲ្យ​ស្រប​តាម​ច្បាប់​។ ក្រោយ​ពី​មាន​ច្បាប់​ យើង​តម្រូវ​ឲ្យ​គាត់​ត្រូវ​តែ​គោរព​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ទាក់ទង​ទំហំ​អាជីវកម្ម ប៉ុន្ដែ​បើ​គាត់​មិន​ព្រម​គោរព​តាម​ទេ យើង​នឹង​បិទ​បញ្ឈប់​អាជីវកម្ម​ទាំង​អស់​នោះ​តែ​ម្ដង»​។

លោក ម៉ែន គុង បន្ថែម​ថា ក្រៅ​ពី​នេះ អាជ្ញាធរ​បាន​ចុះ​ត្រួត​ពិនិត្យ​ និង​អនុវត្ត​ច្បាប់​លើ​ដេប៉ូ​លក់​ឈើ (ហាង​លក់​ឈើ​) នៅ​ទូទាំង​ខេត្ត​ស្ទឹងត្រែង​ ប៉ុន្ដែ​ចំនួន​ឈើ​គឺ​សមត្ថកិច្ច​មិន​ទាន់​បាន​បញ្ចប់​ការ​វាស់វែង​ទេ​។ រីឯ​រោង​សិប្បកម្ម​ទាំង​អស់​នេះ សុទ្ធ​តែ​ជា​របស់​ខ្មែរ ដែល​មាន​ទ្រង់ទ្រាយ​តូច​ធំ ​និង​មធ្យម​។

លោក អេង ហ៊ី អ្នក​នាំពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អ្នក​នាំពាក្យ​គណៈកម្មការ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ជាតិ​បាន​ថ្លែង​ថា​ រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​របាយការណ៍​លម្អិត​ជុំវិញ​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​នោះ​ទេ ​ដោយសារ​ប៉ុន្មាន​ថ្ងៃ​នេះ ថ្នាក់​ដឹកនាំ​ ​គ្រាន់​តែ​ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ការងារ​របស់​មន្ត្រី និង​ចុះ​ស្ដាប់​ការ​រាយការណ៍​របស់​ពួក​គាត់​ប៉ុណ្ណោះ​​។

លោក​ថា៖ ​«ចំណែក​របាយការណ៍​លម្អិត ថ្នាក់​ដឹកនាំ​គណៈកម្មការ​នឹង​រៀបចំ​កម្មវិធី​ប្រជុំ​ធំ​មួយ​ទៀត ​ដើម្បី​ផ្សព្វផ្សាយ​ ប៉ុន្ដែ​ខ្ញុំ​មិន​ទាន់​ដឹង​ពី​ពេលវេលា​ជាក់​លាក់​ទេ។ ចំណែក​សកម្មភាព​របស់​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ជាតិ​នៅ​តែ​បន្ត​ធ្វើ​រហូត»​។

លោក សៅ សុខា មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​ជា​ប្រធាន​គណៈកម្មការ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ជាតិ​បាន​ចុះ​មក​ពិនិត្យ​ការងារ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ជា​បន្តបន្ទាប់​ចាប់​ពី​ខេត្ត​មណ្ឌល​គិរី កំពង់​ធំ ក្រចេះ រតនគិរី និង​ព្រះវិហារ។ ក្នុង​នោះ​លោក​បាន​ចុះ​ដល់​ខេត្ត​ស្ទឹងត្រែង​ កាល​ពី​ ថ្ងៃ​ទី ​៩​ ខែ ​សីហា​​។

លោក​បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នៅ​ខេត្ត​ស្ទឹងត្រែង​ថា ទីតាំង​កាប់​ឈើ​អនាធិបតេយ្យ​ភាគ​ច្រើន​ជ្រក​ក្រោម​ស្លាក​ដី​សម្បទាន​សេដ្ឋកិច្ច និង​សង្គមកិច្ច ដោយ​ជន​ល្មើស​បាន​លួច​កាប់​ឈើ​ពី​តំបន់​ព្រៃ​អភិរក្ស ហើយ​មក​កែច្នៃ​នៅ​ដី​សម្បទាន ​«យើង​ត្រូវ​តែ​ជំរុញ​ការ​បង្ក្រាប​ឲ្យ​អស់​គឺ​ទាំង​បទ​ល្មើស​តូច និង​ទ្រង់ទ្រាយ​ធំ»​។

លោក ហូ សំអុល មន្ត្រី​សម្រប​សម្រួល​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ខេត្ត​ស្ទឹងត្រែង​បាន​​ថ្លែង​ថា លោក​គាំទ្រ​ចំណាត់ការ​នេះ​ នៅ​ទូទាំង​ប្រទេស​ ខណៈ​នៅ​ខេត្ត​ស្ទឹងត្រែង​បាន​​ស្ងប់ស្ងាត់​បន្ដិច​រឿង​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ​។

លោក​បន្ត​ថា​ ក្រៅ​ពី​ការ​បង្ក្រាប​បទល្មើស​រឹបអូស​វត្ថុតាង​ និង​ដុត​បំផ្លាញ​រថយន្ត​ដែល​បម្រើ​បទ​ល្មើស​ព្រៃឈើ​​នោះ សមត្ថកិច្ច​​ត្រូវ​ចាត់​វិធានការ​លើ​ជន​ល្មើស ​និង​អ្នក​ពាក់ព័ន្ធ​។ លោក​កត់​សម្គាល់​ឃើញ​ថា ជនល្មើស​ជា​ឧកញ៉ា​មួយ​ចំនួន​ដែល​តុលាការ​ខេត្ត​មណ្ឌលគិរី​កោះ​ហៅ​នោះ​ក៏​ជា​ឈ្មួញ​រក​ស៊ី​ឈើ​នៅ​ខេត្ត​ស្ទឹងត្រែង​​ដែរ។

លោក ​សំអុល បញ្ជាក់​ថា៖ ​«យើង​សំណូមពរ​ថា បទ​ល្មើស​ព្រៃ​ឈើ ជា​បទ​ល្មើស​ឧក្រិដ្ឋ ​អ៊ីចឹង​អាជ្ញា​យុកាល​វា ​១៥ ឆ្នាំ​ ទើប​អាច​​ផុត​អាជ្ញាយុកាល​ អ៊ីចឹង​ក្នុង ១៥ ឆ្នាំ​ហ្នឹង ដែល​ពួក​គាត់​បាន​ប្រព្រឹត្ត ​៥ ​ឬ ៦ ​ឆ្នាំ​មុន គឺ​យើង​ត្រូវ​តែ​សើរើ​យក​មក​​​ទូទាត់​ឲ្យ​អស់​។ ឧកញ៉ា​ផ្សេង​ៗទៀត ដែល​ធ្លាប់​រក​ស៊ី​កន្លង​មក​ ក៏​ត្រូវ​ចូល​មក​ទទួល​ទោស​ដូច​គ្នា​ដែរ​»៕